ការបន្ថយការនាំចូលកៅស៊ូដោយប្រទេសចិននិងប្រទេសផ្សេងៗទៀត ត្រូវបានគេស្តីបន្ទោសថា ជាចំណែកមួយ ដែលនាំឲ្យមានវិបត្តិនៅក្នុងឧស្សាហកម្មកៅស៊ូរបស់តំបន់អាស៊ីអាគ្នេយ៍។ តម្លៃកៅស៊ូបានធ្លាក់ចុះនៅក្រោមតម្លៃផលិត។ ចំពោះកសិករកៅស៊ូក្នុងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលបានផ្គត់ផ្គង់កៅស៊ូចំនួន២ភាគ៣នៃទីផ្សារប្រចាំឆ្នាំរបស់ពិភពលោក ដែលមានតម្លៃ ៣៦ពាន់លានដុល្លារ តម្លៃនេះបានឡើងខ្ពស់បំផុតមុនពេលកសិផលនេះបានធ្លាក់ចុះមកដល់តម្លៃទាបបំផុតវិញ។
លោក Yium Tavarolit ដែលជាប្រធានការិយាល័យប្រតិបត្តិនៃសមាគមកៅស៊ូអន្តរជាតិដែលមានប្រទេស៣ជាសមាជិកបានថ្លែងថា៖
«កសិករកំពុងរងផលប៉ះពាល់ពីតម្លៃថោកបំផុតដែលស្ថិតនៅក្រោមតម្លៃនៃការផលិត ពីព្រោះតែតម្លៃថោកនៃកៅស៊ូទៅអនាគត»។
លោក Yium និយាយបន្តទៀតថា ការធ្លាក់ចុះតម្លៃកៅស៊ូនេះ បានបង្ខំឲ្យកសិករកៅស៊ូបោះបង់ចោលកាំបិតឆូតជ័រកៅស៊ូ។
«ពួកគេ បានប្តូរទៅសកម្មភាពកសិកម្មផ្សេងៗវិញ។ អ្នកខ្លះ កំពុងកាប់ដើមកៅស៊ូចោល»។
សមាគម បានប្រាប់ឲ្យដឹងថា ពួកលក់ដូរកៅស៊ូ កំពុងក្រឡុកតម្លៃ ហើយថា អត្រារវាងការផ្គត់ផ្គង់និងតម្រូវការ មិនសមនឹងតម្លៃថោកបែបនេះទេ។
ក៏ប៉ុន្តែ ពួកអ្នកវិភាគដែល VOA បានទាក់ទងកាលពីថ្ងៃច័ន្ទ និយាយថា ពួកអ្នកលក់ដូរ កំពុងរង់ចាំមើល ពីព្រោះមានអន្តរាគមន៍កាលពីពេលថ្មីៗនេះនៅក្នុងទីផ្សារដោយរដ្ឋាភិបាលថៃដែលស្ថិតនៅក្រោមការដឹកនាំរបស់ពួកយោធាចាប់តាំងពីរដ្ឋប្រហារកាលពី៧ខែមុន។
ប្រទេសថៃ កំពុងផ្តល់ថវិការដល់កម្មវិធីដែលមានទឹកប្រាក់ជិត២ពាន់លានដុល្លារដែលរួមមានការទិញកៅស៊ូដោយផ្ទាល់ពីពួកអ្នកផលិត ដែលជាផ្នែកមួយនៃគម្រោងជួយកសិកម្ម។
ឈ្មួញកណ្តាលឧស្សាហ៍កម្មដ៏សំខាន់ម្នាក់នៅក្នុងទីក្រុងតូក្យូ ដែលមិនចង់ប្រាប់ឈ្មោះពីព្រោះតែចំណងពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោកជាមួយឧស្សាហ៍កម្មកៅស៊ូនិងរដ្ឋាភិបាលថៃ និយាយថា ការធ្វើអន្តរាគមន៍ទីផ្សារដោយរដ្ឋាភិបាលថៃ ជានិច្ចកាល បានទទួលបរាជ័យ។
លោក បាននិយាយប្រាប់ VOA ថា អ្វីដែលរដ្ឋាភិបាលថៃ ចាំបាច់ត្រូវធ្វើគឺ កាប់ដើមកៅស៊ូចោលហើយនឹងត្រួតត្រាការផ្គត់ផ្គង់។ បើពុំដូច្នេះទេ ពួកគេ នឹងរក្សាទុកកៅស៊ូ ហើយរដ្ឋាភិបាលនឹងទិញកៅស៊ូ ក៏ប៉ុន្តែ ទីផ្សារសាកលលោក មិនអាចទិញកៅស៊ូថ្លៃបែបនេះបានទេ។
ក៏ប៉ុន្តែ អគ្គនាយកក្រុមហ៊ុនកៅស៊ូអន្តរជាតិនិយាយថា ថៃនិងរដ្ឋាភិបាលប្រទេសផ្សេងទៀត គ្មានជម្រើសទេ គឺត្រូវតែជួយក្រុមកសិករកៅស៊ូរបស់ខ្លួន។
«ការជួយឧបត្ថម្ភភ្លាមៗ ជាការចាំបាច់។ សម្រាប់រយៈពេលយូរ ត្រូវតែមានវិធានការចីរភាពផ្សេងៗទៀតដើម្បីជួយកសិករឲ្យអាចទ្រទ្រង់ខ្លួនឯងបាន។ក៏ប៉ុន្តែ សម្រាប់ស្ថានភាពនៅពេលបច្ចុប្បន្ននេះ គ្មានជម្រើសសម្រាប់រដ្ឋាភិបាលថៃក្នុងការធ្វើវិធានការអ្វីៗគ្រប់យ៉ាងដើម្បីជួយកសិករដាំកៅស៊ូដែលកំពុងរងគ្រោះនោះទេ»។
ក្នុងប្រទេសជប៉ុន កៅស៊ូចុះថ្លៃរយៈពេល ៥ខែ បានត្រូវគេមើលឃើញកាលពីដើមខែតុលា។
ការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលថៃ បានជួយឲ្យតម្លៃឡើងថ្លៃបណ្តោះអាស័ន្ន ក៏ប៉ុន្តែ តម្លៃបានធ្លាក់ម្តងទៀតនៅខែនេះ។
ចិន បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួន នឹងបង្កើនទំហំនាំចូលផលិតផលកសិកម្មទ្វេដងមកពីប្រទេសថៃនៅឆ្នាំក្រោយ រួមមានអង្ករនិងកៅស៊ូ។
អង្គការ Oxford Business Group បានចេញផ្សាយព័ត៌មានសេដ្ឋកិច្ចកាលពីថ្ងៃសៅរដែលបានព្យាករណ៍ ពីការកាត់បន្ថយផលិតផលហើយនឹងទំនងបង្កើនតម្រូវការក្នុងប្រទេសថៃ ដែលនឹងជួយកាត់បន្ថយការស្តុកទុកនៅឆ្នាំក្រោយនៅពេលដែលការព្យាករណ៍ខ្លះ បានប្រាប់ឲ្យដឹងថា កៅស៊ូសាកលលោកនឹងឡើងចំនួន ទោះជាមានការបន្សល់ទុកកៅស៊ូសែសសល់ល្មមក៏ដោយ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន