ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អាហ្វ្រិក​ខាង​ត្បូង​បង្គាប់​ឲ្យ​លោក​ Zuma បង់​ប្រាក់​ត្រឡប់​មក​វិញ


រូបថតឯកសារ៖ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Jacob Zuma នៅ​ខណៈ​លោក​ថ្លែង​ការ​ប្រចាំ​ឆ្នាំ​នៅ​ឯ​រដ្ឋសភា​ក្នុង​ទីក្រុង Cape Town កាលពីខែ​កុម្ភៈ​កន្លង​ទៅ។ កាលពី​ថ្ងៃទី៣១ ខែមីនា លោក​ត្រូវ​បាន​​រក​ឃើញ​ថា​បាន​រំលោភ​ច្បាប់​របស់​ប្រទេស​នេះ​ដោយសារ​​ការ​ខក​ខាន​មិន​បាន​បង់​ប្រាក់​ដែល​លោក​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ត្រ​ឡប់​ទៅ​ឲ្យ​រដ្ឋ​វិញ។
រូបថតឯកសារ៖ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Jacob Zuma នៅ​ខណៈ​លោក​ថ្លែង​ការ​ប្រចាំ​ឆ្នាំ​នៅ​ឯ​រដ្ឋសភា​ក្នុង​ទីក្រុង Cape Town កាលពីខែ​កុម្ភៈ​កន្លង​ទៅ។ កាលពី​ថ្ងៃទី៣១ ខែមីនា លោក​ត្រូវ​បាន​​រក​ឃើញ​ថា​បាន​រំលោភ​ច្បាប់​របស់​ប្រទេស​នេះ​ដោយសារ​​ការ​ខក​ខាន​មិន​បាន​បង់​ប្រាក់​ដែល​លោក​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ត្រ​ឡប់​ទៅ​ឲ្យ​រដ្ឋ​វិញ។

សេចក្តី​សម្រេច​របស់​តុលាការ​មាន​ធ្វើ​ឡើង ខណៈ​ពេល​អាជ្ញាធរកំពុង​​ស៊ើបអង្កេត​លើ​លោក ​Zuma​ទាក់ទិន​នឹង​​រឿង​អាស្រូវ​មួយ​ទៀត​ គឺ​ការ​ចោទ​ប្រកាន់​ថា​បាន​ផ្តល់​ឥទ្ធិពល​មិន​សមរម្យ​​ទៅ​ឲ្យ​​ក្រុម​គ្រួសារ​ Gupta ដ៏​មាន​ទ្រព្យ​ធន។

ក្នុង​ពេល​ប្រកាស​សាលដីកា​របស់​តុលាការ​ធម្មនុញ្ញ​កាល​ពី​ខែ​មីនា​ ប្រធាន​តុលាការ​ធម្មនុញ ​លោក Mogoeng Mogoeng​ និយាយ​ថា ​លោក​ប្រធានាធិបតី​ Zuma​ បាន​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​ នៅ​ពេល​លោក​មិន​ខ្វល់​ពី​ការ​បង្គាប់​របស់​ស្ថាប័ន​ «អ្នក​ការពារ​សាធារណជន» ដែល​បាន​តម្រូវ​ឲ្យ​លោក​បង់​ប្រាក់​ខ្លះ​មក​វិញ​ ដែល​ប្រាក់​នោះ​ត្រូវ​បាន​ប្រើ​សម្រាប់​សាងសង់​បរិក្ខារ​ដែល​មិន​ចាំ​បាច់​ផ្នែក​សុវត្ថិភាព​នៅ​ឯ​ផ្ទះ​ឯកជន​របស់​លោក។

លោក Mogoeng ថ្លែង​ថា៖ «ការ​ខកខាន​របស់​លោក​ប្រធានាធិបតី​មិន​បាន​អនុវត្ត​តាមការ​បង្គាប់​ទៅ​រូប​លោក​ដោយ​ស្ថាប័ន «អ្នក​ការពារសាធារណជន​» ដូច​មាន​ចែង​ក្នុង​របាយការណ៍​របស់​ស្ថាប័ន​នេះ​ចុះ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ២០១៤ មិន​មាន​ភាព​ស៊ី​សង្វាក់​ជាមួយ​មាត្រា៨៣ (ខ) នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ហើយ​វា​មិន​មាន​សុពលភាព​នោះ​ទេ»។

តុលាការ​បាន​ទុក​ពេល​ឲ្យ​រតនាគារ​ជាតិ​រយៈ​ពេល​៦០​ថ្ងៃ ដើម្បី​កំណត់​ថា​តើ​លោក Zuma គួរ​ត្រូវ​សង​សំណង​ប៉ុន្មាន។ លោក​ Mogoeng ​ និយាយ​ថា​ នៅ​ពេល​ណា​តុលាការ​ទទួល​បាន​របាយការណ៍​រតនាគារ​ភ្លាម លោក​ Zuma ត្រូវ​តែ​បង់​ប្រាក់​ជា​ដាច់​ខាត។

«លោក​ប្រធានាធិបតី​ត្រូវ​តែ​ចេញ​សង​ដោយ​ខ្លួន​ឯង​នូវ​ចំនួន​ទឹក​ប្រាក់​ដែល​កំណត់​ដោយ​រតនាគារ​ជាតិ​ ក្នុង​រយៈ​ពេល​៤៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​របាយការណ៍​ទទួល​យល់​ព្រម​នេះ»។​

តុលាការ​ក៏​បាន​ប្រើ​ពាក្យ​ធ្ងន់ៗ​ទៅ​លើ​សភា​ជាតិ​ ដោយសារ​តែ​គណបក្ស​សភា​ជាតិ​អាហ្រ្វិក ឬ African National Congress ដែល​ជា​គណបក្សកាន់​អំណាច​ត្រូវ​បាន​ទទួល​ការ​ចោទ​ប្រកាន់​ថា ​បាន​ការពារ​លោក​ Zuma ​មិន​ឲ្យ​បង់​ប្រាក់​នេះ​ត្រឡប់​មក​វិញ។

លោក Mogoeng បាន​បន្ថែម​ថា ​«សេចក្តី​សម្រេចបាន​អនុម័ត​ឡើង​ដោយ​សភា​ជាតិ​ដែល​បាន​លើកលែង​លោក​ប្រធានាធិបតី​ពី​ភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សង​ប្រាក់​ត្រឡប់​មក​វិញ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ដោយ​ស្ថាប័ន «អ្នក​ការពារ​សាធារណជន» មិន​មាន​សុពលភាព​ទេ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ»។

គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ និង​គណបក្ស​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​សេដ្ឋកិច្ច​ បាន​ប្តេជ្ញា​ប្តឹង​លោក​ Zuma និង​ដក​លោក​ចេញ​ពី​តំណែង​ ដោយសារ​តែ​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នេះ។

ទាំង​គណបក្ស​សភា​ជាតិ​អាហ្រ្វិក និង​លោក​ប្រធានាធិបតី​ Zuma បាន​ចេញ​សេចក្តី​ថ្លែង​ការ​ស្វាគមន៍​សាលដីកា​របស់​តុលាការ​ ដោយ​និយាយ​ថា ​ពួក​គេ​គោរព​តាម​សាលដីកា​នោះ។

អ្នក​វិភាគ​នយោបាយ​លោក​ Levy Ndou និយាយ​ថា​ វាសនា​របស់​លោក Zuma​ ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​មតិ​ភាគ​ច្រើន​នៃគណបក្ស​សភា​ជាតិ​អាហ្រ្វិក​នៅ​ក្នុង​រដ្ឋ​សភា។

«ប្រសិន​បើ​ពួកគេ​ប្រកាស​យ៉ាង​ច្បាស់​ថា​ ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​រំលោភ​លើ​ពាក្យ​សម្បថ​ដែលលោក​បាន​ស្បថ​ពេល​ចូល​កាន់​តំណែង​នោះ​ វា​នឹង​ផ្តល់​ហេតុ​ផល​គ្រប់​គ្រាន់​ឲ្យ​រដ្ឋ​សភា​បន្ត​ទៅ​បោះ​ឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​ពីប្រធានាធិបតី»។

សាលដីកា​នេះ​បាន​បង្កើត​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​សម្រាប់​ប្រធានាធិបតី​ដែល​កំពុង​មាន​បញ្ហា​ស្រាប់។ កង​ប៉ូលិស​ជាន់​ខ្ពស់​របស់​ប្រទេស​នេះ​ក៏​កំពុង​តែ​ស៊ើបអង្កេត​លើ​កូន​ប្រុស​របស់​លោក​ Zuma ផង​ដែរ​ ដោយ​ចោទ ប្រកាន់​ថា ​បាន​ជួយ​ក្រុម​គ្រួសារ​អ្នក​ជំនួញ​មាន​ទ្រព្យ​ធន Gupta​ ឲ្យ​មាន​ឥទ្ធិពល​លើ​ការ​តែងតាំង​រដ្ឋ​មន្ត្រី​មួយ​ចំនួន។

ការ​ស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​ឡើងក្រោយ​ពេល​មាន​ការ​អះអាង​ដោយ​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​ថា​ មនុស្ស​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹងភាគ​ហ៊ុន​ជំនួញ​ដ៏​ធំ​របស់​អ្នក​ជំនួញ​គ្រួសារ Gupta បាន​ផ្តល់នូវ​តំណែង​រដ្ឋ​មន្ត្រី​ដល់​ពួក​គេ។ គណបក្ស​ ANC ​ដែល​កំពុង​កាន់​អំណាច​ក៏​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ផង​ដែរ​ ដែល​អ្នក​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការណ៍​នេះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ទៅ​លើ​មុខ​តំណែង​របស់​ប្រធានាធិបតី​ Zuma៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG