ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សុន ឆ័យ ថា​លោក​នឹង​តតាំង​តាម​ផ្លូវ​ច្បាប់ ខណៈ​លោក​ត្រូវ​តុលាការ​កោះ​ហៅ


លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ក្នុង​អំឡុង​ពេល​ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អូស្ត្រាលី បាន​អះអាង​ថា​ លោក​នឹង​ចូល​មក​តតាំង​តាម​ផ្លូវ​ច្បាប់ ខណៈ​លោក​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​«ជនសង្ស័យ»​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​រូប​នេះមិន​ទាន់​អាច​ចូល​មក​ប្រទេស​កម្ពុជា​បាន តាម​ការ​កំណត់​កោះ​ហៅ​របស់​តុលាការ គឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​នោះ​ទេ។

ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ សុន ឆ័យ បាន​ឱ្យ​ដឹង​ថា​ លោក​ជាប់​ភារកិច្ច​នៅ​ក្រៅ​ប្រទេស និង​មិន​អាច​មក​កម្ពុជា​វិញបាន មុន​ថ្ងៃ​៣០ ខែ​មិថុនា ដែល​ជា​ថ្ងៃ​កំណត់​ឱ្យ​លោក​ចូល​មក​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ។ លោកបន្ត​ថា​ អាស្រ័យ​ហេតុ​នេះ លោក​បាន​ជូន​ដំណឹង​នេះ​ទៅ​មេធាវី​ការពារ​ក្តី របស់​លោក គឺ​លោក ជូង ជូងី ដើម្បី​ស្នើ​សុំ​ពន្យារ​ពេលការ​ចូល​ឆ្លើយ​បំភ្លឺ។

លោក សុន ឆ័យ​ លើកឡើង​ថា​ លោក​ត្រៀម​នឹង​ចូលរួម​តាម​នីតិវិធី​តុលាការ បើ​ទោះ​បី​លោកចាត់​ទុក​ថា​ជា​រឿង​ធម្មតា​មួយចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​នយោបាយ​ជំទាស់​នៅ​កម្ពុជា។ ​

លោក​ថ្លែង​ថា៖​ «មិន​ជា​រឿង​អី​ចម្លែក​ទេ​បាទ។ ការងារ​នេះ​កើត​មាន​ចំពោះ​សមាជិក​គណបក្ស​ប្រឆាំង​ច្រើន​រូប​ហើយ។ ហើយ​ខ្ញុំ​មួយ​ទៀត​ មិន​មាន​អ្វី​ប្លែក​ទេ។ ហើយ​កាល​ណា​មាន​ការ​ប្តឹង​ផ្តល់​ អាច​នឹង​មាន​ការ​កោះ​ហៅ​ពី​តុលាការ​ ហើយ​ខ្លួន​ខ្ញុំ​ជា​សាមី​ខ្លួន​ត្រូវ​តែ​ចូល​ខ្លួន​បាទ»។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ សុន ឆ័យ ​ប្រាប់​វីអូអេ​ថា​ លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​ពន្យារ​ពេល​ការ​ចូល​បំភ្លឺ​តាម​សំណើ​របស់​កូន​ក្តី​លោក​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ។

នៅ​ក្នុង​ពាក្យ​សុំ​ពន្យារ​ពេល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​ លោក​ ជូង ជូងឺ​ បាន​រៀប​រាប់​ទៅ​ព្រះរាជ​អាជ្ញា​តុលាការ​ក្រុងភ្នំពេញ​ថា​លោក​ សុន ឆ័យ​ កំពុង​មាន​ភារកិច្ច​នៅ​ក្រៅ​ប្រទេស និង​មិន​អាច​ចូល​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្តល់​ការ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ បាន​នោះ​ទេ។ លោក​ស្នើ​សុំ​ពន្យារ​ពេល​ការ​ចូល​បំភ្លឺ​ទៅ​ក្រោយ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២២ ដែល​ជា​ពេល​វេលា​លោក សុន ឆ័យ នឹង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​វិញ។

លោក​ ជូង ជូងី ចាត់​ទុក​ការប្តឹង​ផ្តល់​ប្រឆាំង​លោក​ សុន ឆ័យ ពី​សំណាក់​គណបក្ស​កាន់​អំណាច និង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ជា​រូបភាព​គាប​សង្កត់​មួយ​មក​លើកូន​ក្តី​របស់​លោក។ ​

លោក​ថ្លែង​ថា៖ «ទី​មួយ​ គណបក្ស​ដែល​មាន​អំណាច​នៅ​ក្នុង​រដ្ឋ​ប្តឹង​ចោទ​ប្រកាន់​ឯកឧត្តម​ សុន ឆ័យ ជា​អ្នក​នយោបាយ​បក្ស​មិន​ស្រប។ ទី​ពីរ​គឺ​ ស្ថាប័ន​ជាតិ​មួយ​ ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ ទៅ​ប្តឹង​ចោទ​ប្រកាន់​សកម្មជន​នយោបាយ​នៅ​ក្នុង​បក្ស​មួយ​ គឺ​ដូច​ជា​មិន​សូវ​សម​ស្រប​ប៉ុន្មាន​ទេ។ ហាក់​ដូច​ជា​បង្ហាញ​ពី​គំនាប​ធ្ងន់ធ្ងរ មិន​ចង់​ឱ្យ​មាន​ការ​រិះគន់​កែ​លម្អ»។

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ រង​ពាក្យ​បណ្តឹង​ចំនួន​ពីរ គឺ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​និង​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

អង្គ​ហេតុ​នៃ​ពាក្យ​បណ្តឹង​របស់​គ.ជ.ប គឺ​ដូចគ្នា​នឹង​អង្គហេតុ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក សុន ឆ័យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ជាមួយ​សារព័ត៌មាន​អនឡាញ​ឌឹ​ខេមបូឌា​ដេលី។ ការ​ថ្លែង​របស់​លោក សុន ឆ័យ ដែល​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​នេះ គឺ​ពាក់ព័ន្ធ​នឹង​ពាក្យ​ពេចន៍​មួយ​ចំនួន​ដូច​ជា​ថា​«លទ្ធផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច បាន​នៅ​សល់​ប៉ុណ្ណឹង»។

គ.ជ.ប បញ្ជាក់​ថា​ ការ​លើក​ឡើង​នេះ​បាន​ប៉ះពាល់​ដល់​អព្យាក្រឹត្យភាព​របស់​ស្ថាប័ន ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ ស្ថាប័ន​គ.ជ.ប បាន​ស្នើ​សុំ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ឱ្យ​លោក សុន ឆ័យ ធ្វើ​លិខិត​សុំ​ទោស​គ.ជ.ប ជា​លាយលក្ខណ៍​អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ។ បើ​តាម​មាត្រា​៣០៥ ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ទៅ​១០​លាន​រៀល។

ចំណែក​គណបក្ស​កាន់​អំណាច ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤.០០០​លាន​រៀល ឬ​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​ពី​លោក សុន ឆ័យ ផងដែរ។

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ ប្លង់ សុផល ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ (Telegram) នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​តំណាង​អយ្យការ​បាន​កោះ​ហៅ​លោក សុន ឆ័យ ឱ្យ​ចូល​ខ្លួន​ ដើម្បី​ស្តាប់​ចម្លើយ​ក្នុង​នាម​ជា​ជន​សង្ស័យ។ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ចំណាត់​ការ​បន្ទាប់​របស់​តុលាការ​បាន​ឡើយ៕

XS
SM
MD
LG