ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​ ​កំពុង​ស៊ើប​អង្កេត​ករណី​ប្តឹង​លោក សុន ឆ័យ


រូបឯកសារ៖ លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ក្នុង​អំឡុង​ពេល​ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)

មន្រ្តី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​អយ្យការ​កំពុង​ស៊ើប​អង្កេតករណី​បណ្តឹង​ប្រឆាំង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​រង​ពាក្យ​បណ្តឹង​ពី​គណបក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

លោក ប្លង់ សុផល អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​តំណាង​អយ្យការ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​នីតិវិធី​របស់​ខ្លួន។ លោក​បន្ថែម​ថា​តំណាង​អយ្យការ​មិន​ទាន់អាច​សម្រេច​ថា​នឹង​មាន​ការ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​ការ​ស៊ើប​អង្កេត​មិន​ទាន់​ចប់​នៅ​ឡើយ។

លោក សុន ឆ័យ រង​ពាក្យ​បណ្តឹង​ចំនួន​ពីរ គឺពី​គ.ជ.ប ​និង​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

អង្គ​ហេតុ​នៃ​ពាក្យ​បណ្តឹង​របស់​គ.ជ.ប គឺ​ដូចគ្នា​នឹង​អង្គហេតុ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទាក់ទង​នឹង​ការ​ថ្លែង​របស់​លោក សុន ឆ័យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ជាមួយ​សារព័ត៌មាន​អនឡាញ​ឌឹ​ខេមបូឌាដេលី។ ការ​ថ្លែង​របស់​លោក សុន ឆ័យ ដែល​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​នេះ គឺ​ពាក់ព័ន្ធ​នឹង​ពាក្យ​ពេចន៍មួយ​ចំនួន​ដូច​ជា​ថា​«លទ្ធផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច បាន​នៅ​សល់​ប៉ុណ្ណឹង»។

គ.ជ.ប បញ្ជាក់​ថា​ការ​លើក​ឡើង​នេះ​បាន​ប៉ះពាល់​ដល់​អព្យាក្រឹតភាព​របស់​ស្ថាប័ន ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌។

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ ស្ថាប័ន​គ.ជ.ប បាន​ស្នើ​សូម​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ ពី​បទ​បរិ​ហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ឲ្យ​លោក សុន ឆ័យ ធ្វើ​លិខិត​សុំ​ទោស​គ.ជ.ប ជា​លាយលក្ខណ៍​អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ។ បើ​តាម​មាត្រា​៣០៥ ការបរិហារកេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ទៅ​១០​លាន​រៀល។

ចំណែក​គណបក្ស​កាន់​អំណាច ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤.០០០​លាន​រៀល ឬ​ប្រហែល​១​លាន​ដុល្លារ​អាមេរិក ពី​លោក សុន ឆ័យ ផងដែរ។

លោក សុន​ ឆ័យ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ហើយ​អះអាង​ថា​លោក​នឹង​វិលត្រឡប់​ចូល​ប្រទេស​វិញ​ឆាប់ៗ​នេះ ធ្លាប់​ប្រាប់​វីអូអេ​ថា​អ្វី​ដែល​លោក​បាន​ថ្លែង​ គឺ​យោង​ទៅ​លើ​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន កាល​ពី​កន្លង​ទៅ ហើយ​គណបក្ស​ដទៃ​ទៀត និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត ក៏​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ផងដែរ។ លោក​បញ្ជាក់​ថា ​លោក​នឹង​ពិនិត្យ​មើល​ថា​តើ​ពាក្យ​ពេចន៍​របស់​លោក​លើស​លោះ​ត្រង់​ចំណុច​ណា រហូត​ដល់​មាន​ការ​ប្តឹង​ប្រឆាំង​រូប​លោក​ទៅ​តុលាការ​បែប​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG