ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចរចា​កិច្ច​ព្រមព្រៀង NAFTA ទើប​បាន​បញ្ចប់ ដោយ​ជុំ​ថ្មី​នៃ​ការ​ចរចា​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ខែ​ខាង​មុខ


លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ (រូប​កណ្តាល) លោកស្រី Chrystia Freeland រដ្ឋមន្ត្រី​ការបរទេស​កាណាដា (រូប​ឆ្វេង) និង​លោក Ildefonso Guajardo Villarrea រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ម៉ិកស៊ិក (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​ជុំ​ទី៤​នៃ​ការ​ចរចា​កិច្ច​ព្រមព្រៀង NAFTA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ (រូប​កណ្តាល) លោកស្រី Chrystia Freeland រដ្ឋមន្ត្រី​ការបរទេស​កាណាដា (រូប​ឆ្វេង) និង​លោក Ildefonso Guajardo Villarrea រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ម៉ិកស៊ិក (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​ជុំ​ទី៤​នៃ​ការ​ចរចា​កិច្ច​ព្រមព្រៀង NAFTA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ចន្ទ​នេះ អ្នក​តំណាង​ផ្នែក​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​កាណាដា ម៉ិកស៊ិក និង​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ផ្ដល់​ព័ត៌មាន​ថ្មី​បំផុត​អំពី​ដំណើរការ​នៃ​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាង​ជើង ដែល​ហៅ​កាត់​ថា NAFTA។ ចំណែក​ឯ​អ្នក​ដែល​យល់​ដឹង​អំពី​ដំណើរការ​នេះ​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​អាច​នឹង​ធ្វើ​ឡើង​ក្រោយ​ខែ​មិនា​ដែល​ជា​ខែ​គោលដៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​នេះ។

ប្រទេស​ទាំង ៣ បាន​ព្យាយាម​បញ្ចប់​ការ​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​នេះ​នៅ​ត្រឹម​ចុង​ឆ្នាំ ២០១៧ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល ដោយសារតែ​ពួកគេ​ធ្វើ​ការ​ស្វែង​រក​ចំណុច​រួម​លើ​បញ្ហា​ផ្ទុយ​គ្នា​មួយ​ចំនួន។

កិច្ច​ពិភាក្សា​ជុំ​ក្រោយ​បង្អស់​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា​នេះ មាន​ដូចជា​ការ​ពិភាក្សា​លើ​យន្តការ​ដំណោះស្រាយ​ជម្លោះ និង​ក្បួន​ច្បាប់​នានា​សម្រាប់​ឧស្សាហកម្ម​រថយន្ត។

សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​ចង់​លុប​បំបាត់​គណៈកម្មាធិការ​ដោះស្រាយ​ជម្លោះ និង​បង្កើន​ភាគរយ​នៃ​គ្រឿង​បន្លាស់​នានា​របស់​សហរដ្ឋ​អាមេរិក​ដែល​តម្រូវ​សម្រាប់​រថយន្ត។ សហរដ្ឋ​អាមេរិក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ចូល​នូវ​ជំពូក​មួយ​ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ដែល​ចែង​ថា​កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​បញ្ចប់​ក្រោយ​ពី​ដំណើរការ​បាន​រយៈពេល ៥ ឆ្នាំ ប្រសិនបើ​ប្រទេស​ទាំង ៣ មិន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​រក្សា​ទុក​កិច្ច​ព្រមព្រៀង​នេះ​ទៅ​មុខ​ទៀត។

កិច្ច​ព្រមព្រៀង​ជុំ​ថ្មី​មួយ​ទៀត​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ម៉ិកស៊ិក ប្រទេស​ម៉ិកស៊ិក នៅ​ក្នុង​រយៈពេល​មួយ​ខែ​ខាង​មុខ​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​គំរាម​ម្ដង​ហើយ​ម្ដង​ទៀត​ថា​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ​ដែល​មាន​ទំនោរ​ទៅ​រក​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG