ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​នៅ​នីហ្សេរីយ៉ា​មួយ​ចំនួន​ព្រមាន​ពី​ឥទ្ធិពល​កាន់​តែ​ខ្លាំង​របស់​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​អាហ្វ្រិក


រូបឯកសារ៖ ស្លាកសញ្ញា​ក្រុមហ៊ុន Huawei ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ Mobile World Congress (MWC) ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​យក្ស​ផ្នែក​ទូរគមនាគមន៍​របស់​ចិន​បាន​និយាយ​ថា ខ្លួន​ចង់​បណ្តុះបណ្តាល​យុវជន​អាហ្វ្រិក​រហូត​ដល់​ ៣ លាន​នាក់​ដើម្បី​អាច​ឱ្យ​ពួកគេ​ធ្វើ​ការ​ជាមួយ​នឹង​បច្ចេកវិទ្យា​ឌីជីថល​ទំនើបៗ​ដូចជា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI។ និស្សិត​នីហ្សេរីយ៉ា​បាន​ចូលរួម​រួច​ហើយ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​បច្ចេកវិទ្យា​ទំនាក់ទំនង និង​ព័ត៌មាន (ICT)​ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Huawei។ ពួកគេ​បាន​និយាយ​ថា អត្ថប្រយោជន៍​មាន​ច្រើន​ណាស់ រាប់​ទាំង​ឱកាស​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផង​ដែរ។ ប៉ុន្តែ​អ្នក​ជំនាញ​ព្រមាន​ថា អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​ពី​ឥទ្ធិពល​បច្ចេកវិទ្យា​ដែល​កាន់​តែ​រីកចម្រើន​របស់​ចិន​នៅ​អាហ្វ្រិក។

លោក Muhammad Maihaja និស្សិត​ឆ្នាំ​ទី៤​ជំនាញ​វិស្វកម្ម​កុំព្យូទ័រ​នឹង​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Ahmadu Bello ក្នុង​រដ្ឋ Kaduna ប្រទេស​នីហ្សេរីយ៉ា​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។​

នៅ​ក្នុង​ឆ្នាំ២០១៩ លោក​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​មួយ​ដែល​មាន​សមាជិក ៦ នាក់​មក​ពី​សាលា​មួយ​ដែល​តំណាង​ឱ្យ​ប្រទេស​នីហ្សេរីយ៉ាង​នៅ​ក្នុង​ការ​ប្រកួតប្រជែង ICT របស់​ក្រុមហ៊ុនHuawei នៅ​ទូទាំង​សាកលលោក នៅ​ក្នុង​ក្រុង Shenzhen (ស្ហ៊ិនជិន) ប្រទេស​ចិន និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ៣។

ក្រុមហ៊ុន Huawei បាន​យក​ការ​ប្រកួតប្រជែង​នេះ​ទៅ​អាហ្វ្រិក​នៅ​ក្នុង​ឆ្នាំ២០១៤ ដើម្បី​ស្វែងរក និង​បណ្តុះបណ្តាល​អ្នក​មាន​ជំនាញ ICT ខ្លាំងៗ ដែល​នេះ​ជា​អ្វី​ដែល​ក្រុមហ៊ុន​និយាយ​ថា ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ការ​ស្វែងរក​អ្នក​មាន​ទេពកោសល្យ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​អាហ្វ្រិក។ វា​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​និស្សិត​អាហ្វ្រិក​ប្រមាណ ២.០០០ នាក់​ ដែល​មាន​លោក Maihaja ជា​ឧទាហរណ៍​ស្រាប់។

លោក Muhammad Maihaja ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី Huawei Cool Geek បាប​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​មាន​ឱកាសបាន​សាកល្បង​ប្រើប្រាស់​ឧបករណ៍ និង​បច្ចេកវិទ្យា​ដែល​យើង​មិន​ធ្លាប់​ប្រើប្រាស់​ពី​មុន​មក។ ក្នុង​នាម​ជា​និស្សិត​សាកលវិទ្យាល័យ​ធម្មតា​ យើង​មិន​អាច​ឆ្លង​កាត់​បទពិសោធន៍​ដូច​ដែល​យើង​បាន​ឆ្លង​កាត់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នោះ​ទេ។ ដូច្នេះ ខ្ញុំ​នឹង​និយាយ​ថា កម្មវិធី​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​ចាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា ICT កាន់​តែ​ខ្លាំង»។

ការ​ប្រកួតប្រជែង​នេះ​វាយតម្លៃ​សមត្ថភាព​របស់​និស្សិត​ផ្នែក​បណ្តាញ និង​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ Cloud។ ជោគជ័យ​របស់​លោក Maihaja និង​ក្រុម​របស់​លោក​នៅ​ក្នុង​ឆ្នាំ២០១៩​គឺ​ជា​ស្នាដៃ​ដ៏​កម្រ​មួយ​សម្រាប់​ទ្វីប​អាហ្វ្រិក និងជា​អ្នក​ចូលរួម​លើក​ដំបូង​ទៅ​ទៀត។

ជោគជ័យ​នេះ​ជំរុញ​ទឹក​ចិត្ត​និស្សិត​ជាច្រើន​ផ្សេង​ទៀត​ដូចជា​លោក Hamza Atabor ដែល​ព្យាយាម​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ឆ្នាំ២០២០។ លោក និង​និស្សិត​នីហ្សេរីយ៉ា​ផ្សេង​ទៀត​បាន​ឈ្នះ​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ឆ្នាំ២០២០​នោះ។

លោក Hamza Atabor ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី Huawei Cool Geek បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​មាន​កម្លាំងចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ពួកគេ​និយាយ​អំពី​រឿងរ៉ាវ​របស់​ពួកគេ និយាយ​ពី​របៀប​ដែល​ពួកគេ​ឈ្នះ​ការ​ប្រកួត​ និង​នៅ​ពេល​ពួកគេ​ទទួល​បាន​ពានរង្វាន់ និង​អ្វីៗ​គ្រប់​យ៉ាង។ ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ថា អូខេ នេះ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​គួរ​តែ​លះបង់​ដើម្បី​យក​វា​ឱ្យ​បាន»។

និស្សិត​ដូចជា​លោក Maihaja និង​លោក Atabor កំពុង​ជួយ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន Huawei ប៉ុន្តែ​អ្នក​រិះគន់​និយាយ​ថា ក្រុមហ៊ុន​នេះ​គ្រាន់​តែ​ផ្នែកមួយ​ប៉ុណ្ណោះ​នៃ​ការ​គ្រប​ដណ្តប់​យ៉ាង​លឿន​របស់​ចិន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​អាហ្វ្រិក។

ក្រុមហ៊ុន Huawei ត្រូវ​បាន​គេ​រាយការណ៍​ថា កាន់កាប់​បណ្តាញ​ទូរគមនាគមន៍​ជាង ៧០% ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

លោកMohammed Bashir Muazu សាស្ត្រាចារ្យ​វិស្វកម្ម​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Ahmadu Bello និយាយ​ថា វា​មិន​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ដែល​ថា ចិន​កំពុង​មាន​វត្តមាន​កាន់​តែ​ខ្លាំងនៅ​អាហ្វ្រិក។

លោក Mohammed Bashir Muazu ថ្លែង​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖ «ដោយ​មើល​ឃើញ​កម្រិត​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅ​ចិន ខ្ញុំ​គិត​ថា អ្វីៗ​ដែល​កំពុង​កើត​ឡើង​នេះ​មិន​អាច​ចៀសវាង​បាន​ទេ»។

ក្តីបារម្ភ​អំពី​វត្តមាន​ចិន​នៅ​អាហ្វ្រិក​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​ឆ្នា២០១៩ បន្ទាប់​ពី​សារព័ត៌មាន​សហរដ្ឋអាមេរិក The Wall Street Journal បាន​រាយការណ៍​ថា ក្រុមហ៊ុន Huawei បាន​ជួយ​អាជ្ញាធរ​អ៊ូហ្គាន់ដា និង​សំប៊ី​ធ្វើ​ចារកម្ម​លើ​ក្រុម​ប្រឆាំង។​

ក្រុមហ៊ុន Huawei បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ និងបដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​លើ​បញ្ហា​នេះ​ទេ។

ប៉ុន្តែ​លោក Samuel Adekola អ្នក​ជំនាញ ICT បាន​និយាយ​ថា ចិន​អាច​ប្រើប្រាស់​ការ​មាន​ប្រៀប​របស់​ខ្លួននេះ​ដើម្បី​ទាញ​យក​ផលចំណេញ​ផ្ទាល់​ខ្លួន។​

លោក Samuel Adekola ថ្លែង​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖ «វា​ជា​រឿង​គ្រោះថ្នាក់​ណាស់។ ខ្ញុំ​មិន​អាច​និយាយ​បាន​ថា វា​គ្រោះថ្នាក់​កម្រិត​ណា​ទេ ប៉ុន្តែ​អ្នក​ណា​ក៏​ដោយ​ដែល​មាន​ទិន្នន័យ​អាច​ធ្វើ​កិច្ចការ​បាន​យ៉ាង​ច្រើន។ អ្នក​មាន​ព័ត៌មាន​ច្រើន​អំពី​ក្រុម​មនុស្ស និង​ប្រជាជាតិ​មួយ»។

ដរាប​ណា​ចិន​នៅ​បន្ត​វិនិយោគ​នៅ​អាហ្វ្រិក និស្សិត​ដូចជា​លោក Maihaja និង​លោក Atabor នឹង​នៅ​តែ​ទទួល​បាន​ជំនាញ​ដ៏​មាន​តម្លៃ ទោះ​បី​ជា​អ្នក​ជំនាញ​និយាយ​ថា អាហ្វ្រិក​អាច​នឹង​ត្រូវ​ខាតបង់​ចំពោះ​ការ​ពឹងផ្អែក​ខ្លាំង​ពេក​លើ​ក្រុមហ៊ុន​បរទេស​ក៏​ដោយ៕

XS
SM
MD
LG