ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​របស់ ​នួន ជា ​នាំឲ្យ​មាន​ប្រតិកម្ម​ច្រើន​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម


 រូបឯកសារ៖ ទេសចរ​មួយ​រូប​មើល​រូបថត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា ឬ «បង​ធំ​ទី​២» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤។
រូបឯកសារ៖ ទេសចរ​មួយ​រូប​មើល​រូបថត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា ឬ «បង​ធំ​ទី​២» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤។

លោក​ ស៊ុំ រិទ្ធី ​ជនរង​គ្រោះម្នាក់​ដែល​នៅរួច​ជីវិត​ពីគុក​ខ្មែរក្រហម​ ហើយ​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយរូប​ផង​នោះ​បាន​ថ្លែង​ថា​ លោក​សោ​កស្តាយ​ដែល​តុលាការ​ចូល​រួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​មិនបាន​កាត់ទោស​ឲ្យ​ចប់​ មុន​ពេល​ នួន ​ជា ​ស្លាប់។

អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​គឺ​ នួន ជា​ ជាបង​ធំទី២​ នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម​ បាន​ស្លាប់​ក្នុងជន្មាយុ​ ៩៣ ឆ្នាំ ​ក្នុង​មន្ទីរពេទ្យ​ ដែល​រឿងនេះ​បានធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ជាច្រើន​កើតឡើង​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។

លោក​ នេត្រ ភត្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ប្រាប់ ​VOA ​នៅថ្ងៃ​អាទិត្យ​ថា​ នួន ជា ​បាន​ស្លាប់​ក្នុងមន្ទីរ​ពេទ្យ​រុស្ស៊ី កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម៉ោង​ក្នុង ប្រទេសកម្ពុជា។

នួន ​ជា ​ជា​មេ​មនោគមន៍​វិជ្ជា​នៃ​របស់​ខ្មែរក្រហម ​ត្រូវ​បាន​គេ​ដឹកទៅ​កាន់​មន្ទីរ​ពេទ្យ​ កាល​ពីថ្ងៃ​ទី២ ​ខែកក្កដា​ ដើម្បី​ព្យាបាល​ជំងឺ។​ គ្មាន​ការ​បញ្ជាក់​ឲ្យដឹង​ថា ពិរុទ្ធជន​ នួន ជា បាន​ស្លាប់​ដោយសារ​អ្វីនៅ​ឡើយទេ​ តែ​ត្រូវ​គេគិត​ថា​លោក​មាន​ជំងឺ​ទឹកនោម​ផ្អែម។

នួន ជា ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ រួមទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម ដែល​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍ ​១៩៧០​ តែ​សាលាក្រម​ចុងក្រោយ​នៅ​មិនទាន់​ចេញ​នៅ​ឡើយ​ទេ​ ដែល​មន្ត្រី​តុលាការ​អះអាង​ថា​អាច​នឹង​ចេញ​នៅឆ្នាំ​២០២០។

លោក​ ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​អះអាង​ថា​ លោក​បាន​ដឹង​ពី​ការ​ស្លាប់​របស់​នួន ​ជា ដែរ។​ លោក​ថា ​នួន ជា​ ស្លាប់​ គឺជា​បាបកម្ម។

លោក​បញ្ជាក់​ថា ​ការ​ស្លាប់​នេះ​អាចនឹង​ធ្វើឲ្យ​ជន​រងគ្រោះ​ស្ងប់​ចិត្តខ្លះ​ ហើយ​និង​ការ​មិន​អស់ចិត្ត​ផង​ដែរ ​ដោយសារ​ការ​រឹងរូស​មិន​និយាយ​រឿងរ៉ាវ​ពិត​ក្នុង​អតីតកាល។

«ជាពិសេស​ ការ​ស្លាប់​របស់​គាត់​នេះ​ វាអាច​ដាក់ចុះ​បាន​ច្រើន​ដោយសារ​ថា​គាត់​មិន​ស្លាប់​ដោយ​ជរាពាធ ​ដោយសារ​សេចក្តី​ថ្លៃថ្នូរ ​គាត់​ស្លាប់​ដោយ​បាបកម្ម​អញ្ចឹង»។

លោក​ ឆាំង យុ ​បន្ថែម​ថា ​យ៉ាងណា​ក៏​មាន​អ្នកខ្លះ​ក៏មិន​អស់ចិត្ត​ដែរ។

«មួយ​ចំនួន​ភ្លាមៗ​៤ដប់​ ២០នាក់​ហ្នឹង ​គាត់ក៏​មិន​សប្បាយ​ចិត្តដែរ​ដោយសារ​ថា​ពេល​គាត់​នៅរស់ ​គាត់រឹង​ចចេស​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ គឺ​គាត់មិន​យក​ភាព​ចាស់​ទុំ ​មិន​ផ្តល់​តម្លៃ​ប្រវត្តិសាស្ត្រ​ដល់ក្មេង​ជំនាន់​ក្រោយ ​គាត់​នៅតែ​មាន​ចរិក​ក្រអឺត​ក្រទម ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ បាន​ទទួល​ខុសត្រូវ»។

លោក​ ស៊ុំ រិទ្ធី ​ជនរង​គ្រោះម្នាក់​ដែល​នៅរួច​ជីវិត​ពីគុក​ខ្មែរក្រហម​ ហើយ​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយរូប​ផង​នោះ​បាន​ថ្លែង​ថា​ លោក​សោ​កស្តាយ​ដែល​តុលាការ​ចូល​រួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​មិនបាន​កាត់ទោស​ឲ្យ​ចប់​ មុន​ពេល​ នួន ​ជា ​ស្លាប់។

«មានន័យ​ថា​ សំណុំ​រឿង​របស់​គាត់​កន្លងមក​ទាំង​ប៉ុន្មានហ្នឹង​គឺ​ទុកជា​មោឃៈ ​អត់​មាន​បាន​ប្រយោជន៍​អីទាំងអស់ ​ព្រោះ​តុលាការ​អត់​បាន​កាត់ទោស​គាត់ផង​ហ្នឹង​ ទាល់តែ​ចេញ​សាលក្រម​មក​កាត់​ទោស​គាត់​ ជាស្ថាពរ​ហ្នឹងបាន​គាត់​មាន​ទោស។​ ឥឡូវ​មាន ទាន់​ចេញ​ឯណា»។

លោក​ថា ​លោក​បាន​រំលឹក​ឲ្យ​មាន​ការកាត់​ទោស​ឲ្យបាន​លឿន​ ដោយ​សារ​លោក​ខ្លាច​ថា​ មេដឹកនាំ​ខ្មែរក្រហម​បាន​ស្លាប់​ទាំងមិន​បាន​ទទួល​ទោស​ពីការ​ប្រព្រឹត្ត​របស់​ពួកគេ។

លោក​ ថេត សម្បត្តិ ​សហ​អ្នកនិពន្ធ​ភាពយន្ត​ឯកសារ​ខ្មែរក្រហម​ ហៅថា «សត្រូវ​ប្រជាជន» ឬ​ Enemies of the People ​ដែល​បាន​សម្ភាស​ នួន ជា ​ពេល​នៅរស់​នោះ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះការ​បាត់បង់​ជីវិត​ នួន ​ជា។ ​លោក​បាន​ការពារ ​នួន ជា ចំពោះ​ការ​ដឹកនាំ​របស់​គាត់​ក្នុង​របប​ខ្មែរក្រហម​ ផ្នែក​តាមការ​រកឃើញ​របស់​លោក។

«អ្នកខ្លះ​គេថា ​គាត់​ជា​ឃាតករ​ខ្ញុំ ​មិន​មាន​ទស្សនៈ​អីចឹង​ទេ។ ​ខ្ញុំយល់​ឃើញថា​ គាត់​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​គោរព។​ ទោះបី​អ្នកណា​ថា​ម៉េច​បាន​គោរព​ឃាតករ​ ខ្ញុំថា​ អ្នកឯង​មាន​ទស្សនៈ​ហ្នឹង​ ជា​ទស្សនៈ​របស់​អ្នកឯង​ ប៉ុន្តែ​ការស្រាវ​ជ្រាវ​របស់ខ្ញុំ ​ខ្ញុំរក​ឃើញ ខ្ញុំ​ដឹង​ថា គាត់​ជា​មនុស្ស ​មិនមែន​ជា​ឃាតករ​ទេ ​ខ្ញុំចាត់​ទុកថា​ គាត់​ជាអ្នក​សេ្នហា​ជាតិ​មួយ​រូប»។

លោក​ថ្លែង​ថា​លោក​ នួន ជា ​បាន​ផ្តល់​ឯកសារ​សម្ងាត់​ជាច្រើន​ដល់​លោក​អំពី​រឿង​ខ្មែរ​ក្រហម​ ដែល​លោក​អរគុណ​ និង​ដឹងគុណ​លោក​ នួន ជា​ ហើយ​លោក​ចាត់​ទុកថា​ជា សំណាង​របស់​កម្ពុជា។

លោក​ Peter Maguire ​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​និងជា​អ្នកនិពន្ធ​សៀវភៅ «ខ្មែរ ក្រហម​ប្រឈមមុខ​នឹងការ​ស្លាប់​នៅកម្ពុជា» ​បានថ្លែង​ប្រាប់​ VOA ​ថា ​ការ​ស្លាប់​របស់​នួន ​ជា ​គឺជា​មូលហេតុ​មួយទៀត​ដែល​សាលាក្តី​នេះ​ត្រូវ​បិទទ្វារ។​ លោក​បញ្ជាក់​បែប​ចំអក​ថា ​គ្មាន​ហេតុផល​អ្វី​ដែល​ថា​អង្គការ​សហ​ប្រជាជាតិ​មិន​អាច​បញ្ចប់​សំណុំ​រឿងនេះ​មិន​បាន​ទេ។ ​

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​ ហើយ​ត្រូវគេ​ស្គាល់​ជា​ផ្លូវការ​ថា អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នោះ​ បាន​កាត់ទោស​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ម្នាក់​ គឺ កាំង ហ្កេចអ៊ាវ ​ហៅ ឌុច​ ប្រធាន​គុក​ទួលស្លែង​ ស ២១ ​និង ​មេដឹក​នាំ​ជាន់ខ្ពស់​បំផុត​ពីរនាក់ ​ដែល​នៅមាន​ជីវិត ​គឺ នួន ជា​ បងធំ​ទី២​ និង​ ខៀវ សំផន​ ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម។ ​

សាលាក្តី​នេះ​បាន​ចំណាយ​ថវិកា​៣០០​រយលាន​ដុល្លារ​អាមេរិក​ ចាប់តាំង​ពីឆ្នាំ​២០០៦​មក៕

XS
SM
MD
LG