ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ប្រឈម​នឹង​អត់​ការងារ​ធ្វើ​ក្រោយ​មិន​មាន​ការ​បញ្ជា​ទិញ ​ដោយ​សារ​​វីរុស​កូរ៉ូណា


រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រមួយដែលផ្គត់ផ្គង់ផលិតផលកាត់ដេរដល់ក្រុមហ៊ុន H&M នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រមួយដែលផ្គត់ផ្គង់ផលិតផលកាត់ដេរដល់ក្រុមហ៊ុន H&M នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

រោងចក្រ​កាត់ដេរ​ជាច្រើន​នៅ​កម្ពុជា​នឹងត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន​រហូត​ដល់​ខែ​មិថុនា​ខាង​មុខ ​ដោយ​សារ​ក្រុមហ៊ុន​បរទេស​ឈប់​បញ្ជា​ទិញ​ខណៈពិភព​លោក​កំពុង​ប្រឈម​នឹងការ​រាតត្បាត​នៃ​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី​កូវីដ-១៩។​ នេះ​បើ​តាម​អគ្គលេខា​ធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា។​

លោក​ ខេន លូ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ ប្រាប់ ​VOA ​នៅ​ថ្ងៃ​ចន្ទនេះ​ថា ​រោង​ចក្រ​ទាំង​អស់​នៅ​កម្ពុជា​បាន​និង​កំពុងរង​ផលប៉ះពាល់​ដោយ​សារ​មេរោគ​កូវីដ-១៩​ ដែល​កំពុត​រាតត្បាតលើ​ពិភព​លោក។ ​លោក​បន្ត​ថា​ ​នា​ពេល​ថ្មីៗ​នេះ​ ក្រុម​ហ៊ុន​បញ្ជា​ទិញ​ជា​ច្រើន​បាន​សម្រេច​ផ្អាក​ការ​បញ្ជា​ទិញ​ភ្លាមៗ​ ដោយ​សារ​បញ្ហា​មេរោគ​កូវីដ-១៩។​

«ទៅ​មុខ​អាច​មាន​រោង​ចក្រ​ច្រើន​ដែល​អាច​ត្រូវ​តែ​ស្នើ​សុំ​ព្យួរ​ការងារ​មក​ពី​អ្នក​បញ្ជា​ទិញ​គេ​ឈប់​ទទួល​អីវ៉ាន់ពី​យើង។​គេ​ផ្អាក។​ យើង​អត់​មាន​អីវ៉ាន់​នាំ​ចេញ។ ​យើង​អត់​មាន​ការងារ​ធ្វើ​ទេ ​ព្រោះ​អ្នក​បញ្ជា​ទិញ​អត់​ឲ្យ​យើង​ធ្វើ»។

លោក ​ខេន លូ ​បន្ថែមថា​ ​ផល​ប៉ះពាល់​នេះ​នឹង​ត្រូវ​បន្ត​រហូត​ដល់​ខែ​មិថុនា​ខាង​មុខ​ ​ប៉ុន្តែ​លោក​ថា​ លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​ចំនួន​តួលេខ​រោង​ចក្រ​ដែល​នឹង​អាច​បិទ​ជា​បណ្តោះ​អាសន្ន​ ​និង​ចំនួន​កម្មករ​ដែល​ត្រូវ​ព្យួរ ​ឬ​បញ្ឈប់​ពី​ការងារ​នៅ​ឡើយ។​

នៅ​ថ្ងៃ​ចន្ទ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ថ្លែងក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​រដ្ឋ​សភា​ថា​ វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំងពី​ឥទ្ធិពល​ជំងឺ​កូវីដ-១៩។ ​លោក​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ ​មាន​រោង​ចក្រ​ចំនួន​ ៥០​ បាន​បិទ ដោយសារ​ខ្វះ​វត្ថុធាតុ​ដើម ​និង​រោងចក្រ​ចំនួន​៧​ផ្សេង​ទៀត​បាន​បិទ​ដោយសារ​មិន​មាន​អ្នក​បញ្ជា​ទិញ។​

«ប្រាំពីរ​រោង​ចក្រ​ទៀត​ បិទ​ដោយ​ខ្វះ​អ្នក​បញ្ជា​ទិញ ​ដោយសារ​តែ​ប្រទេស​ខ្លះ​វា​ បិទ​ប្រទេស។ បើ​គេ​បិទ​ប្រទេស​ហើយ​ អ្ហែង​នាំទៅ​យ៉ាង​ម៉េច? ​នាំ​ទៅវា​មិន​បាន!​អ៊ីចឹងមាន​ហានិភ័យ​ឧស្សាហ​កម្ម​វាយន​ភណ្ឌ។ ​មិន​ថា​កម្ពុជា ​មិន​ថា​វៀតណាម​ មិន​ថា​ថៃ ​មិន​ថា​ បង់​ក្លាដេស ​ស្រីលង្កា​ ឥណ្ឌា ​ភូមា ឡាវ​ទេ ​ ស៊ី​សង​ប្រាក់​ចំណូល​នៅ​អាមេរិក​ ប្រាក់​ចំណូល​នៅ​អឺរ៉ុប​វា​ធ្លាក់​ចុះ!»

អ្នកស្រី ​ចក់ សូត ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ QuantumClothing ​ដែល​ស្ថិត​នៅ​តំបន់​វេងស្រេង​ជាយក្រុងភ្នំពេញ​ ​បាន​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​អ្នកស្រីចាប់​ផ្តើម​ត្រូវ​បាន​ព្យួរ​ការងារ​នៅ​ថ្ងៃទី​៣០ខែមីនា​នេះ​ដោយ​សារ​រោង​ចក្រ​រង​ផល​ប៉ះពាល់​ពីការ​ផ្អាក​បញ្ជា​ទិញពី​បរទេស។​

អ្នកស្រី​បន្ថែម​ថា​ ​អ្នកស្រី​ធ្វើការបាន​ប្រាក់ខែ​ជាង​ ៣០០​ដុល្លារ ​ដោយ​បូក​បញ្ចូល​ទាំង​ការ​ថែម​ម៉ោង។​ប៉ុន្តែ​អ្នកស្រី​ថា ​ការ​ព្យួរ​ការងារ​នេះ ​អ្នកស្រី​ទទួល​បាន​ ៤០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​រយៈ​ពេល​ពីរ​ខែ​នៃ​ការ​អត់​មាន​ការងារ​ធ្វើ។​ យ៉ាងណា​ក្តី​អ្នកស្រី​ថា ​ប្រាក់​ ២០​ភាគ​រយ​ដែល​រដ្ឋាភិបាល​សន្យា​ថា​នឹង​ផ្តល់​ឲ្យ​ពេល​ព្យួរ​ការងារ​ អ្នកស្រី​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។

កម្មការិនី​ដែលមាន​កូន​ពីរ​ និងមាន​អាយុ៤១​ឆ្នាំ​រូប​នេះ​បន្ថែមថា ​រោង​ចក្រ​ប្រាប់​ថា​ កម្មករ​អាច​ចូល​ធ្វើ​ការ​វិញ​នៅ​ចុង​ខែ​មេសា​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ប្រសិន​បើស្ថានភាព​មេរោគ​នេះ​បាន​ប្រសើរ​ឡើង។​ ប៉ុន្តែ​អ្នកស្រីបារម្ភ​ថា ​ រោង​ចក្រ​អាច​បិទ​ទ្វារ​រហូត​ ​ហើយ​អ្នកស្រី​ត្រូវ​បាត់​បង់​ការងារ​ទាំង​ស្រុង។​

«ខ្ញុំ​អ្នក​ទីទាល់​ក្រ​អ៊ីចឹង​ ហើយ​ដូច​ថា​ ​ខ្ញុំ​ជាប់​ធនាគារ​រាប់​ម៉ឺន[ជាង​មួយ​ម៉ឺន​ដុល្លារ] ​អ៊ីចឹង​ ខ្ញុំ​បាម្ភ។ ​បើ​សិន​ជា​រោង​ចក្រ​ហ្នឹង​បិទ ​អាច​ខាង​ធនាគារ​គេ​រឹប​អូស​យក​ដី​ ​យក​ផ្ទះ​របស់​ខ្ញុំអ៊ីចឹង។​ ខ្ញុំបារម្ភ​ខ្លាំង​ដែរ​ហ្នឹង!»​

កាល​ពីដើម​ខែមីនា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ថ្លែង​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី៣ ​ខែមីនា​ មាន​កម្មករ​ កម្មការិនី​ប្រមាណ​ជា​ជាង​១៨.០០០​នាក់​បាន​បាត់បង់​ការងារ​ធ្វើ ​បន្ទាប់ពី​រោងចក្រ​ខ្លះ​សុំ​ព្យួរ​ការងារ​ដោយ​សារ​ខ្វះ​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ចិន។​ លោក​ ហ៊ុន សែន ​បញ្ជាក់​ថា​ ​កម្មករ​ទាំងអស់​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​បណ្ដោះ​អាសន្ន​ទទួល​បាន​ប្រាក់​ខែ៦០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​គោល ​ដោយ​ថៅកែ​រោងចក្រ​ផ្ដល់​៤០​ភាគ​រយ ​និង​រដ្ឋ​ផ្ដល់​២០​ភាគរយ។ ​

អ្នកស្រី ​យ៉ាង សុភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ បាន​លើក​ឡើង​ថា ​កម្មករ​ជាច្រើន​ដែល​កំពុង​ត្រូវ​បាន​ព្យួរ​ការងារ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ជាក់​លាក់​ទាក់​ទងនឹង​ការ​ផ្តល់​ប្រាក់​ប្រចាំ​ខែ​៤០​ភាគ​រយ​ពី​រោងចក្រ ​និង​២០​ភាគ​រយ​ពីរ​រដ្ឋាភិបាល។ ​អ្នកស្រី​បន្ត​ថា ​ទន្ទឹម​នឹង​ផល​ប៉ះពាល់​ដោយសារ​មេរោគ​កូវីដ-១៩​ អ្នកស្រី​ក៏​បារម្ភ​ថា ​ ម្ចាស់​រោង​ចក្រ​មួយ​ចំនួន​អាច​បញ្ឈប់កម្មករពី​ការងារ​ដោយ​សារ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ដែល​នឹង​ចូល​ជាធរមាន​នៅ​ក្នុង​ខែសីហា​ ខាង​មុខ។​

អ្នកស្រី​ យ៉ាង សុភ័ណ្ឌ​ បន្ថែម​ថា​ ក្នុង​ដំណាក់​កាល​នេះ​ រដ្ឋាភិបាល​ត្រូវធ្វើ​អន្តរាគមន៍​ឲ្យ​ធនាគារ​ពន្យារ​ពេលការបង់​លុយ​ ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់ ​ផ្តល់​ការ​ពិនិត្យ​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ ​និង​ផ្តល់​ប្រាក់​ខែ​ចំនួន​៦០​ភាគ​រយ ​ដើម្បីឲ្យ​កម្មករ​អាច​ដោះ​ស្រាយ​ជីវភាព​បាន។​

«បើសិន​ណា​រោង​ចក្រ​ដាក់​លិខិត​សុំ​ព្យួរ​ការងារត្រឹម​ត្រូវ ​ហើយ​មាន​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ពី​អធិការ​កិច្ច​ការងារ​ច្បាស់​លាស់ថា​ ​ក្រុម​ហ៊ុន​ពិត​ជា​មិន​មាន​អីវ៉ាន់ធ្វើ​គ្រប់គ្រាន់​ទេ ​ ហើយ​ការ​ស្នើ​សុំ​ព្យួរ​ហ្នឹង​ត្រឹម​ត្រូវ ​ខ្ញុំ​គិត​ថា​ ​បើ​មាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវ ​ត្រូវ​តែ​ផ្តល់​ជូន​កម្មករយ៉ាង​ទាប​បំផុត​ទៅ​តាម​អ្វី​ដែល​បាន​លើក​ឡើង​កន្លង​មក​ គឺ៦០​ភាគ​រយ​ហ្នឹង»។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ហេង សួរ​ អ្នកនាំពាក្យក្រសួង​ការងារ​បាន​នៅ​ឡើយ​ទេ។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង ​គឺជា​ក្បាល​ម៉ាស៊ីននៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​១​របស់​កម្ពុជា។ ​វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជាពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជន​បទ។ ​ទី​ផ្សារ​សំខាន់​របស់​វិស័យ​វាយនភណ្ឌនេះ​គឺសហភាព​អឺរ៉ុប ​ដែល​ជា​ទី​ផ្សារ​ធំទី១​ និង​អាមេរិក ​ដែល​ជា​ទី​ផ្សារ​ធំ​លំដាប់​ទី២៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG