ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ ឲ្យដឹងថាពលករខ្មែរ ១៥ នាក់ទៀត ដែលត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងចំណោមពលករខ្មែរដែលមកពីថៃ កើនដល់ ៥៦ នាក់ហើយ គិតត្រឹមថ្ងៃទី១៥ ខែមករានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា ពួកគេទាំង ១៥ នាក់ដែលឆ្លងនោះ មាន ៩ នាក់ជាស្រ្តី ហើយពួកគេបានចូលមកកម្ពុជា កាលពីថ្ងៃទី១១ ទី១២ និងទី១៣ ខែមករា។ ពួកគេមានអាយុចន្លោះពី ២៣ឆ្នាំ ដល់ ៣៨ឆ្នាំ និងមានអាសយដ្ឋានស្នាក់នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ តាកែវ កំពង់ឆ្នាំង និងភ្នំពេញផងដែរ។
រហូតមកត្រឹមថ្ងៃទី១៥ ខែមករានេះ ករណីឆ្លងជំងឺកូវីដ១៩ សរុបក្នុងប្រទេសកម្ពុជា មាន ៤២៦ ករណី ហើយកម្ពុជាមិនមានរបាយការណ៍អំពីករណីស្លាប់ ដោយសារជំងឺនេះទេ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម (Telegram) ថា ការឆ្លង១៥នាក់ក្នុងចំណោមពលករខ្មែរមកពីប្រទេសថៃ ជាចំនួនច្រើន ដែលលោកស្រីបន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។
លោកស្រីមានប្រសាសន៍ថា៖ «អញ្ចឹងនេះគឺជាចំនួនមួយច្រើន ដែលយើងបានគិតទុកជាមុនរួចទៅហើយថានឹងអាចមានការកើនឡើងនូវចំនួនអ្នកឆ្លងវីរុសកូវីដ១៩ហ្នឹង ជាបន្តបន្ទាប់ទៀត។ ដូច្នេះសូមឲ្យបងប្អូនយើង លោកកុំមានការធ្វេសប្រហែសឲ្យសោះ»។
ចាប់តាំងពីផ្ទុះការឆ្លងជំងឺកូវីដយ៉ាងខ្លាំងក្នុងប្រទេសថៃ តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាក៏បានរាយការណ៍ការឆ្លងជំងឺនេះជាបន្តបន្ទាប់ ក្នុងចំណោមពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។
អាជ្ញាធរខ្មែរក្នុងខេត្តជាប់ព្រំដែនប្រទេសថៃបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរសរុបជាង ១ ម៉ឺននាក់ហើយ បានវិលត្រឡប់ចូលមកកម្ពុជាវិញ ក្នុងពេលប្រទេសថៃកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យ លោក លី សារី មានប្រសាសន៍ថា ពលករឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តរបស់លោក មានចំនួន ២០ នាក់ គិតត្រឹមថ្ងៃសុក្រនេះ ខណៈអ្នកកំពុងធ្វើចត្តាឡីស័ក ឬដាក់ឲ្យនៅដាច់ដោយឡែក មានជាង ៣ ពាន់នាក់ និងអ្នកត្រឡប់ទៅសហគមន៍របស់ពួកគេវិញ មានប្រមាណ ៥០០ នាក់។ លោកបន្ថែមថាក្នុងមួយថ្ងៃ ពលករជាង១០០នាក់ បានចូលមកតាមច្រកក្នុងខេត្តរបស់លោក។
លោក លី សារី ឲ្យដឹងទៀតថា អ្នកដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មានលិខិតបញ្ជាក់ថាពួកគេមិនមានជំងឺកូវីដ១៩ទេ ដើម្បីធានាថាមិនមានការរើសអើងពួកគេ។
អភិបាលរងខេត្តរូបនោះបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ១៩ ក្នុងខេត្តរបស់លោកស្ថិតក្នុងការគ្រប់គ្រងបាននៅឡើយ។
លោកមានប្រសាសន៍ថា៖ «មកដល់ពេលនេះ យើងអត់មានទាន់មានបាត់ម្ចាស់ការទេ។ យើងនៅគ្រប់គ្រងបានណែន ហើយយើងថែទាំសុខភាពគាត់ល្អ ដោយសារមានការចូលរួម ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល»។
បើតាមលោក លី សារី ពលករពីរបីនាក់ប៉ុណ្ណោះដែលបានរត់គេចពីកន្លែងចត្តាឡីស័កទៅផ្ទះរបស់ពួកគេ ប៉ុន្តែត្រូវបាននាំមកវិញ។
លោកបន្ថែមថា៖ «គាត់យល់ឃើញថាទីមួយគាត់អត់មានរោគសញ្ញាក្តៅខ្លួន ផ្តាសាយឬមួយក្អកអីទេ។ ទីពីរគាត់នៅហ្នឹង វាអផ្សុកគាត់។ ហើយទីបី គាត់គិតថាមកដល់ស្រុកទេសគាត់ហើយ ទៅនៅរស់នៅជាមួយឪពុកម្តាយ បងប្អូន ប្តីប្រពន្ធគាត់ សង្សារគាត់។ យើងតែងតែប្រជុំជែកគ្នាជាមួយអាជ្ញាធរដាក់វិធានការប្រសិនបើបងប្អូនពលករដែលមកពីចម្ងាយ ត្រូវបញ្ជូនយកគាត់ ណែនាំគាត់ឲ្យមកកន្លែងទីតាំងចត្តាឡីស័ករបស់ខេត្ត»។
លោកអភិបាលរងខេត្តឲ្យដឹងថាពលករខ្មែរចូលមកតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ មានជាង៥ពាន់នាក់ ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ ក្នុងប្រទេសថៃ។ លោកបន្ថែមថា ពលករចូលមក គឺត្រូវយកសំណាកទាំងអស់ ហើយពួកគេត្រូវដាក់ឲ្យនៅដាច់ដោយឡែក។
ចំណែកអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យ លោក សឿម ប៊ុនរិទ្ធិ ប្រាប់ VOA ថា ពលករចំនួន៩នាក់ក្នុងខេត្តរបស់លោក ត្រូវបានធ្វើតេស្តឃើញជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ដែលនាំឲ្យករណីឆ្លងសរុបក្នុងខេត្តរបស់លោកក្នុងចំណោមពលករ មាន១៦នាក់។ លោកបន្តថា ពលករម្នាក់ត្រូវបានរកឃើញថាមានវីរុសជំងឺកូវីដ១៩ នៅថ្ងៃចុងក្រោយនៃការធ្វើចត្តាឡីស័ក១៤ថ្ងៃ។
លោកមានប្រសាសន៍ថា៖ «ម្នាក់នៅមណ្ឌលចត្តាឡីស័កនៅ[ស្រុក]កំរៀងហ្នឹង ដល់ថ្ងៃទី១៤ រៀបចំបង្វេចខោអាវ ដើម្បីនឹងចេញទៅផ្ទះទៅនៅជាមួយសហគមន៍ ស្រាប់តែ positive( វិជ្ជមានកូវីដ១៩)។ ដល់ positive ទៅយើងចាប់គាត់យកមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយអ្នកដែលនៅជាមួយប៉ុន្មានហ្នឹង បន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត»។
បើតាមអភិបាលរងខេត្តបាត់ដំបងរូបនេះ ពលករដែលឆ្លងតាមខេត្តរបស់លោក មានប្រមាណ ២.៦៥០នាក់ ហើយការឆ្លងចូលមកមានចន្លោះពី ២០ទៅ១០០នាក់ ក្នុងមួយថ្ងៃ។ លោកបន្តថា មនុស្សចំនួន១.៣៥០នាក់ កំពុងស្ថិតក្នុងមណ្ឌលចត្តាឡីស័ក ដែលភាគច្រើនជាសាលារៀនក្នុងស្រុកមួយចំនួន។
លោកមានប្រសាសន៍ថា៖ «យើងគ្រប់គ្រងហ្មត់ចត់ យើងអត់មានធ្វេសប្រហែសទេអាបញ្ហាហ្នឹង ព្រោះបើវារាលដាលដល់សហគមន៍ទៅ វាខូចខាតច្រើន»។
នៅក្នុងសេចក្តីអំពាវនាវមួយ ចុះថ្ងៃទី១៥ ខែមករា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានអំពាវនាវឲ្យពលករខ្មែរបន្តស្នាក់នៅក្នុងប្រទេសថៃ និងចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយទៀត។
សេចក្តីអំពាវនាវបញ្ជាក់ថា៖ «សូមបងប្អូនពលករដែលកំពុងស្នាក់និងធ្វើការនៅប្រទេសថៃមេត្តារក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែង ដោយពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ។ សូមបងប្អូនពលករជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩របស់អាជ្ញាធរ»។
នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលសាធារណៈរបស់ថៃ បានរាយការណ៍ថា មនុស្សប្រមាណ២០០នាក់ទៀត បានឆ្លងជំងឺកូវីដ១៩នេះ។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ មានប្រសាសន៍ថា លោកព្រួយបារម្ភអំពីពលករខ្មែរដែលធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសថៃ ដោយពួកគេកំពុងបាត់បង់ចំណូល។
លោកបន្តថា វាពិបាកក្នុងការហាមឃាត់ពលករមិនឲ្យត្រឡប់មកកម្ពុជាវិញ ខណៈពួកគាត់បាត់បង់ការងារ ហើយមិនមានការជួយពីអាជ្ញាធរ។ លោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាសហការជាមួយរដ្ឋាភិបាលថៃក្នុងការផ្តល់ «ជំនួយសង្រ្គោះបន្ទាន់» ដល់ពួកគេ ហើយចុះបញ្ជីពលករខ្មែរមិនស្របច្បាប់ ដោយមិនមានការបង់ថ្លៃ។
លោកមានប្រសាសន៍ថា៖ «បើសិនជាយើងអាចធ្វើអាហ្នឹងបាន ការអំពាវនាវវាអាចមានប្រសិទ្ធភាព ដើម្បីឲ្យគាត់ស្នាក់នៅទីនោះ ពីព្រោះថាការស្នាក់នៅទីនោះ វាអាចជួយគាត់ដើម្បីបង្ការនូវការរាលឆ្លងកូវីដ១៩ហ្នឹង»។
របាយការណ៍ដែលចេញផ្សាយដោយក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ ឲ្យដឹងថាពលរដ្ឋខ្មែររស់នៅប្រទេសថៃយ៉ាងតិច ១៥៧នាក់ ត្រូវបានរកឃើញថាផ្ទុកវីរុសជំងឺកូវីដ១៩។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ VOA នាពេលកន្លងមកថា ស្ថានទូតកម្ពុជាកំពុងសហការជាមួយអាជ្ញាធរសុខាភិបាលថៃយ៉ាងជិតស្និទ្ធលើករណីនេះ ហើយថាថៃនឹងពិនិត្យព្យាបាលពលករបរទេសឆ្លងកូវីដ១៩ ដោយឥតគិតថ្លៃ ដូចពលរដ្ឋថៃដែរ៕