ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​សកល លោក Biden មាន​បំណង​អះអាង​អំពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​នឹង​អះអាង​អំពី​ភាព​ជា​អ្នក​ដឹកនាំជា​សកលរបស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ស្រប​ដែល​ពលរដ្ឋ​អាមេរិកាំង​សម្រេច​លើ​ស្នាដៃ​ការងារ​ជា​ប្រធានាធិបតី​របស់​លោក​តាមរយៈ​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ ទី ៨ ខែ​វិច្ឆិកា​នេះ។

បញ្ហា​ប្រឈម​ផ្នែក​គោល​នយោបាយ​បរទេស​ដែល​បាន​កំណត់​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ Biden ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​គឺ​រួម​មានការ​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន ដែល​នឹង​ត្រូវ​បាន​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពីរ​នៅ​ក្នុង​តំបន់។ លោក Biden កំពុង​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping​ ដែល​ទើប​តែ​កាន់​តំណែង​ក្នុង​អាណត្តិ​ថ្មី បន្ទាប់​ពី​ត្រូវ​បាន​គេ​បោះឆ្នោតឱ្យ​ធ្វើ​ជា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​អាណត្តិនៅ​ទី​បី។

លោក Biden នឹង​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​សកល នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 ដែល​ជា​ការ​ជួបជុំ​ប្រចាំ​ឆ្នាំ​ក្នុង​ចំណោម​មេដឹកនាំ​មក​ពី​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​បំផុតនៅ​ក្នុង​ពិភពលោក។ លោក​ក៏​នឹង​ព្យាយាម​ធានា​ទៅ​កាន់​ប្រទេស​ទាំង១០​នៃសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ថា ​សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ក្នុង​តំបន់​នេះ​ក្នុង​អំឡុងពេល​ដែល​ប្រទេស​ចិន​ក៏​ប្រឹងប្រែង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​គឺ​ជា​កន្លែង​ដែលកិច្ច​ប្រជុំ​កំពូល​ G20 នឹង​ប្រព្រឹត្ត​ទៅ។

មុន​នឹង​កិច្ច​ប្រជុំ​កំពូល​នេះ លោក Biden នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ Sharm el-Sheikh ក្នុង​ប្រទេស​អេហ្ស៊ីប​ជាមុន​សិន​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា COP27។ មិន​ដូច​សន្និសីទ​ឆ្នាំ​មុន​នៅ​ក្នុង​ទីក្រុង Glasgow ប្រទេស​ស្កុតលែន​នោះ​ទេ លោក​ប្រធានាធិបតី​នឹងទៅ​ចូលរួម​កិច្ចប្រជុំ​ក្នុង​ឆ្នាំ​នេះ​ហើយ​អាច​លើក​ឡើង​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេច​បាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក រួមមាន​ការ​ចុះ​ហត្ថលេខា​លើ​ច្បាប់​កាលពី​ខែ​សីហាដែល​នឹង​ផ្តល់​នូវ​ការ​វិនិយោគ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG