ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រៀម​ទទួល​មេដឹកនាំ​ពិភពលោក​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​សប្តាហ៍​នេះ


ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្ទាំងបដានៃកិច្ចប្រជុំកំពូលអាស៊ាន នៅត្រង់រង្វង់មូលគល់ស្ពានជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្ទាំងបដានៃកិច្ចប្រជុំកំពូលអាស៊ាន នៅត្រង់រង្វង់មូលគល់ស្ពានជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ទទួល​មេដឹកនាំ​ពិភពលោក ​ដែល​នឹង​មក​ចូល​រួម​កិច្ចប្រជុំ​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

កិច្ច​ប្រជុំ​នេះ​មាន​រយៈពេល​បួន​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី ​១៣ ខែ​វិច្ឆិកា ដែល​មាន​ការ​រំពឹង​ថា​នឹង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ធំៗ​ដែល​ត្រូវ​ពិភាក្សា ​រួម​មាន​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ សេដ្ឋកិច្ច​ក្នុង​វិបត្តិ​កូវីដ ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​សកល​លោក​ផ្សេងៗ​ទៀត។

កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន ​ទទួល​រៀបចំ​កិច្ចការ​នេះ ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ម្តង ​មាន​តួនាទី​ក្នុង​ការ​សម្រប​សម្រួល​ឱ្យមាន​ការ​ពិភាក្សា​លើ​បញ្ហា​ទាំង​នេះ។

ក្នុង​រយៈពេល​បួន​ថ្ងៃ​នៃ​កិច្ចប្រជុំ​នេះ នឹង​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​លើក​ទី ៤១ កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន​លើក​ទី​ ២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន​លើក​ទី​ ២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ​លើក​ទី​ ២៣ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូកបី​លើក​ទី​ ២៥ កិច្ចប្រជុំ​កំពូល​រំឭក​ខួប​ ៣០ ​ឆ្នាំ​នៃ​ទំនាក់​ទំនង​ដៃ​គូ​សន្ទនា​អាស៊ាន-ឥណ្ឌា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋ​អាមេរិក​លើក​ទី​ ១០ កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​លើក​ទី​ ២ កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​នៃ​ទំនាក់​ទំនង​អាស៊ាន​-កាណាដា​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អង្គការ​សហ​ប្រជាជាតិ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​ ១៧។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា។

ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជាមួយ​ប្រតិភូ​មួយ​ចំនួន​ផង​ដែរ ​រួម​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ចិន ​លោក លី ខឺឈាង (Li Keqiang)។ ក៏​ប៉ុន្តែ​ គេ​មិន​ទាន់​ដឹង​ថា​នឹង​មាន​ជំនួប​ទ្វេ​ភាគី​រវាង​មេដឹកនាំ​កម្ពុជា និង​សហរដ្ឋ​អាមេរិក ឬ​យ៉ាង​ណា​នោះ​ទេ។ រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ភាគី​រុស្ស៊ី​ថា​ តើ​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ឬ​យ៉ាង​ណា។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​នៅ​ឡើយ​ទេ។

ចំណែក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក​ Antonio Guterres ក៏​នឹងមក​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដែរ។ លោក​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​មេដឹក​នាំ​អាស៊ាន ​ដោយ​ផ្តោត​លើ​ការ​វិវឌ្ឍ​ថ្មី​ក្នុង​តំបន់ និង​ពិភព​លោក ​ភាព​អាសន្ន​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​និង​ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​កម្ពុជា ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​២០​ ឬ G-20 ​ដែល​លោក​នឹង​ថ្លែង​អំពី​សន្តិសុខ​អាហារ​ ថាមពល​ និង​បញ្ហា​សុខភាព។

កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​ ២០២២នេះ ​បាន​សម្រេច​មិន​អញ្ជើញ​ប្រទេស​មីយ៉ាន់ម៉ា ​ឬ​ភូមា​ ដែល​ជា​សមាជិក​អាស៊ាន មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទេ ក្រោម​ហេតុ​ផល​ថា​ ប្រទេស​ដែល​ដឹក​នាំ​ដោយ​របប​យោធា​នេះ នៅ​តែ​មិន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រើន​ទៅ​មុខ​នៃ​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ​ ស៊ីផាន ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នឹង​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​សម្រាប់​ការ​ពិភាក្សា​នា​សប្តាហ៍​នេះ។

លោក​បញ្ជាក់​ថា៖ «​អ្វី​ដែល​យើង​ដឹង ដំណើរ​ការ​តាំង​ពី​ដើម​ទី​មក​ គឺ​ការ​សម្រប​សម្រួល​ជាមួយ​នឹង​ថ្នាក់​ដឹក​នាំ​យោធា​ [មីយ៉ាន់ម៉ា​] ក្នុង​កិច្ច​អនុវត្ត​ ៥ ​ចំណុច​ Consensus​ របស់​អាស៊ាន​លើក​ឡើង​ គឺ​អាហ្នឹង​មួយ​មិន​បាន​សម្រេច​ទេ​ អាហ្នឹង​យើង​មើល​ឃើញ។ របៀប​វារៈ​ផ្សេង​ទៀត ​ខ្ញុំ​អត់​ដឹង​ទេ​»។

លោក ផៃ ស៊ីផាន ​បញ្ជាក់ថា​ លោក​ក៏​មិន​ទាន់​ដឹង​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹង​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ឬ​អត់​ទេ​ រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ។ លោក​ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា​ តើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជាមួយប្រធានាធិបតី​អាមេរិក លោក Joe Biden ដែរ​ឬ​យ៉ាង​ណា។

អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ ​និង​សន្តិភាព ​លោក​ វណ្ណ ប៊ុនណា​ មើល​ឃើញ​ថា កិច្ច​ប្រជុំ​អាស៊ាន ជាពិសេស​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​ នាពេល​ខាង​មុខ​នេះ ប្រហែល​ជា​មិន​សូវ​មាន​ភាព​តាន​តឹង​ប៉ុន្មាន​ទេ ដោយ​សារប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទំនង​មិន​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ទេ។

ដោយ​ឡែក ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ​លោក​ថា​អាចនឹង​ពិភាក្សា​លើ​ប្រធាន​បទ​សមុទ្រ​ចិន​ខាង​ត្បូងដែល​បញ្ហា​នេះ​នៅ​តែ​ជា​បញ្ហា​ក្តៅ ​បើទោះ​បីជា​ឧត្តម​មន្ត្រី ក៏ដូច​ជា​រដ្ឋមន្ត្រី​ការ​បរទេស​បាន​ចរចា​គ្នា​ច្រើន​លើក និង​ការ​យល់​គ្នា​បាន​ច្រើន ប៉ុន្តែ​ក៏​មិន​រំពឹង ក្រម​ប្រតិបត្តិ​ចិន​ខាង​ត្បូង​ COC​ (Code of Conduct for the South China Sea) នឹង​អាច​ចុះ​ហត្ថលេខា​នៅ​ឆ្នាំនេះ​ ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ដែរ។

ពាក់​ព័ន្ធ​នឹងបញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ លោក ​វណ្ណ ប៊ុនណា​ យល់​ថា​ កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​គួរ​តែ​រក្សា​គោល​ជំហរ​អព្យាក្រឹត ​ដោយ​មិន​ប្រកាន់​ការ​គាំទ្រ​ទៅចិន ឬ​ភាគី​អាស៊ាន​ តែ​ត្រូវ​ផ្អែក​លើ​គោលការណ៍ច្បាប់​អន្តរជាតិ​ និង​គោលការណ៍​របស់​អាស៊ាន។

​លោក​បន្ថែមថា៖ «កម្ពុជា​គួរ​រក្សា​គោល​ជំហរ​អព្យាក្រឹត​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​មិន​ប្រកាន់​គាំទ្រ​ចិន ឬ​ភាគី​អាស៊ាន ក៏​ប៉ុន្តែផ្អែក​លើ​គោល​ការណ៍​នៃ​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សមុទ្រ​ឆ្នាំ​ ១៩៨២​ ក៏ដូច​ជា​ច្បាប់​អន្តរជាតិ​មួយ​ចំនួន​ទៀត​ផង​ដែរ ហើយ​និង​តាម​គោល​ការណ៍​របស់​អាស៊ាន ក៏​ដូច​ជា​ផ្អែក​ទៅ​លើ​រដ្ឋធម្មនុញ្ញ​អាស៊ាន​ផង​ដែរ»។

លោក​បន្ថែម​ថា ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ​អាច​មាន​ភាព​តាន​តឹង​មួយ​ចំនួន​ដែរ ​ជា​ពិសេស​ការ​សម្រប​សម្រួល​យន្ត​ការ​ការទូត ដើម្បី​ឱ្យ​ភាគី​ទាំង​អស់ចេញ​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​បាន។ ដូច្នេះ​លោក​ថា ​រឿង​សំខាន់​ កម្ពុជា​ជាប្រធាន​អាស៊ានត្រូវ​សម្រប​សម្រួល​ក្នុង​អង្គ​ប្រជុំ​ឱ្យ​បាន​ល្អ ដើម្បី​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បាន។

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស​រាប់​ទសវត្សរ៍​មក​ហើយ​រវាង​ប្រទេស​ចិន និង​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន រួម​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។

កាល​ពី​ឆ្នាំ​ ២០១២ ដែល​ពេល​នោះ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន សមាគម​ថ្នាក់​តំបន់​មួយ​នេះ​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ៤៥​ ឆ្នាំ​របស់​ខ្លួន។ ការណ៍​នេះ​ដោយ​សារ​តែ​គេ​មើល​ឃើញ​ថា​ កម្ពុជា​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​ចិន បាន​រារាំង​មិន​ឱ្យបញ្ចូល​ខ្លឹមសារ​ធ្ងន់ៗ​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ចូល​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម។

បើ​តាម​ក្រសួង​ការ​បរទេសកម្ពុជា ​នៅ​ក្នុង​ពិធី​បិទ​ជាផ្លូវ​ការ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០​ និង​លើក​ទី​ ៤១​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ជូន​ទៅ​លោក ចូកូ វីដូឌូ (Joko Widodo) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ដែល​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ។

ដោយ​ឡែក​ទាក់​ទង​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​រក្សា​សន្តិ​សុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ ​ព្រម​ទាំង​បញ្ចៀស​បាន​ការ​កក​ស្ទះ​ចរាចរណ៍ ដោយបញ្ចៀស​ចរាចរណ៍​ចំពោះ​យាន្ត​យន្ត​គ្រប់​ប្រភេទ​នៅ​តាម​បណ្តា​វិថី​សំខាន់ៗ​មួយ​ចំនួន ក្នុង​អំឡុង​ពេល​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ជាតិ និង​អន្តរជាតិ ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​រៀប​ចំ​នៅ​សណ្ឋាគារសុខា​ភ្នំពេញ។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌​មាន​និង​សោតទស្សន៍ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ផុស សុវណ្ណ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ចំនួន​អ្នក​សារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ដែល​នឹង​មក​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ គឺ​មាន​ចំនួន​ប្រមាណ​ ១.៧០០​ នាក់​ ដោយ​ក្នុង​នោះ​អ្នក​សារព័ត៌មាន​បរទេស​ជិត​ ១.០០០ នាក់ ​ដែល​មក​ពី​ប្រទេស​ជាង​ ៣០ ​ប្រទេស។​ ប៉ុន្តែលោក​មិន​ទាន់​អា​ច​បញ្ជាក់​បាន​ទេ​ថា មាន​ស្ថាប័ន​សារ​ព័ត៌មាន​ចំនួនប៉ុន្មាននោះ ដោយលោក​ត្រឹម​តែ​បញ្ជាក់​ថា ​ស្ថាប័ន​សារព័ត៌មាន ​មាន​ចំនួន​ច្រើន៕​

XS
SM
MD
LG