ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សមាជិកសភា​សូម៉ាលី​ចាស់​វស្សា​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​រដ្ឋធានី​ម៉ូហ្គាឌីស្យូ


រូបឯកសារ៖ ក្រុម​​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់​កំពុង​ជម្លៀស​សាក​សព​ដែល​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ហាង​លក់​ទំនិញមួយ​​ ក្នុង​រដ្ឋ​ធានី​ម៉ូហ្គឌីស្យូ កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ ២០១៩។
រូបឯកសារ៖ ក្រុម​​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់​កំពុង​ជម្លៀស​សាក​សព​ដែល​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ហាង​លក់​ទំនិញមួយ​​ ក្នុង​រដ្ឋ​ធានី​ម៉ូហ្គឌីស្យូ កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ ២០១៩។

មន្រ្តី​សន្តិសុខ​បាន​និយាយ​ថា ​សមាជិក​សភា​សូម៉ាលី​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​រដ្ឋធានី​ម៉ូហ្គាឌីស្យូ។ ​

សាក្សី​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ជាក្រុម​សកម្ម​ប្រយុទ្ធ​ al-Shabab ​កាន់​កាំភ្លើងខ្លី​បាន​បាញ់​សម្លាប់​លោក​ Osman Ilmi Boqorre ​សមាជិក​សភា​ ខណៈ​ដែល​លោក​កំពុង​ទៅ​មើល​ផ្ទះ​ថ្មី​របស់​លោក​ដែល​កំពុង​សាង​សង់នៅ​សង្កាត់ ​Karan ​ភាគខាង​ជើង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ។​

ប៉ូលិស​បាន​និយាយ​ថា ​លោក ​Boqorre ​បាន​ស្លាប់​ភ្លាមៗ ​មុន​ពេល​អ្នក​ជួយ​សង្គ្រោះ​ដំបូង​បាន​ទៅ​ដល់។ ​លោក​ Boqorre ​គឺជា​សមាជិក​ចាស់​បំផុត​នៃ​សភា​សូម៉ាលី​បច្ចុប្បន្ន។​ លោក​ធ្លាប់​ធ្វើជា​វរសេនីយទោ​នៅក្នុង​ជួរ​កងទ័ព ​ហើយ​បាន​ក្លាយ​ជា​អនុប្រធាន​សភា​នៃ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​សូម៉ាលី​កាលពី​ឆ្នាំ​២០០៧។ ​ប៉ុន្តែ​គាត់​បាន​លា​លែង​ ដោយ​សារ​មូល​ហេតុ​សុខភាព​ក្នុង​ឆ្នាំ​២០១០។​

ម្នាក់​ក្នុង​ចំណោម​សហការី​របស់​លោក​នៅក្នុង​រដ្ឋសភា​គឺ​លោក​ Dahir Amin Jessow ​បាន​ទទួល​ព័ត៌មាន​ដំបូង​អំពីការ​សម្លាប់។ ​លោក​បាន​ប្រាប់​វីអូអេ​ថា ​លោក​ Boqorre ​មាន​ឈ្មោះ​បោះ​សំឡេង​ជា​អ្នក​បង្កើត​សន្តិភាព​និង​ជាអ្នក​ចរចា។ ​លោក​ Boqorre ​គឺជា​សមាជិក​សភា​ទីមួយ​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅក្នុង​រដ្ឋធានីម៉ូហ្គាឌីស្យូ​នៅ​ឆ្នាំ​នេះ។​

គ្មាន​នរណា​ម្នាក់​បាន​ប្រកាស​ទទួល​ខុសត្រូវ​ការ​សម្លាប់​នោះទេ ​ប៉ុន្តែពួក​សកម្ម​ប្រយុទ្ធ​ al-Shabab ​តែង​តែប្រកាស​ទទួល​ខុសត្រូវ​ការ​ធ្វើ​ឃាត​សមាជិក​សភា ​មន្រ្តី​រដ្ឋការ​ស៊ីវិល​ ​បុគ្គលិក​រដ្ឋាភិបាល​និង​សកម្មជន​សង្គម​ស៊ីវិល៕

XS
SM
MD
LG