ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​សូម៉ាលី​មើល​ឃើញ​ឆន្ទៈ​កសាង​ប្រទេស​ឡើង​វិញ​របស់​ប្រជាជន​សូម៉ាលី​រស់​នៅ​ក្រៅ​ប្រទេស


លោក Hassan Sheikh Mohamud ប្រធានាធិបតី​សូម៉ាលី​បក់​ដៃ​ទៅ​កាន់​អ្នក​ចូល​រួម​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​កន្លែង​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ នោ​ខាង​ក្រៅ​បំណែក​អគារ​រដ្ឋសភា​ចាស់​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​​ កាលពី​ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០១៦។
លោក Hassan Sheikh Mohamud ប្រធានាធិបតី​សូម៉ាលី​បក់​ដៃ​ទៅ​កាន់​អ្នក​ចូល​រួម​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់​កន្លែង​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ នោ​ខាង​ក្រៅ​បំណែក​អគារ​រដ្ឋសភា​ចាស់​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​​ កាលពី​ថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០១៦។

ប្រធានាធិបតី​ប្រទេស​សូម៉ាលី លោក Hassan Sheikh Mohamud បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​យុវជន​សូម៉ាលី​ដែល​រស់​នៅ​ក្រៅ​ប្រទេស ត្រឡប់​មក​ប្រទេស​សូម៉ាលី​វិញ​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​កសាង​ប្រទេស ទោះ​បី​ជា​ពួក​សកម្ម​ប្រយុទ្ធ al-Shabab នៅ​បន្ត​រៀបចំ​ការ​វាយ​ប្រហារ​អត្តឃាត​ជា​បន្ត​បន្ទាប់​ក៏​ដោយ។

លោក Mohamud ប្រធានាធិបតី​សូម៉ាលី ផ្ដល់​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ ដល់​លោក Abdirahman Yabarow នាយក VOA ផ្សាយ​ជា​ភាសា​សូម៉ាលី នៅ​រដ្ឋធានី​ម៉ូហ្គាឌីស្យូ (Mogadishu) បន្ទាប់​ពី​លោក​ឆ្លើយ​សួរ​សំណួរ​មួយ​ចំនួន​របស់​ជនជាតិ​សូម៉ាលី​ក្នុង​កិច្ច​សំណេះ​សំណាល​មួយ ដែល​ VOA បាន​រៀប​ចំ​ឡើង កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ កម្មវិធី​បែប​នេះ គឺ​ជា​កម្មវិធី​ដំបូង​បំផុត ដែល​ត្រូវ​គេ​ធ្វើ​ឡើង​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​ក្រុង ម៉ូហ្គាឌីស្យូ ដែល​ជា​រដ្ឋ​ធានី​របស់​ប្រទេស​សូម៉ាលី និង​ទីក្រុង St. Paul រដ្ឋMinnesota ជា​ទីក្រុង​ដែល​មាន​ប្រជាជន​សូម៉ាលី​រស់​នៅ​ច្រើន​ជាង​គេ​បំផុត​ក្នុង​សហរដ្ឋអាមេរិក។

លោក​ប្រធានាធិបតី បាន​និយាយ​ថា ប្រជាជន​សូម៉ាលី​ដែល​រស់​នៅ​ក្រៅ​ប្រទេស គឺ​ជា​ម្ចាស់​អាជីវកម្ម​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​សូម៉ាលី ចាប់​តាំង​ពី​ក្រុម​សកម្ម​ប្រយុទ្ធ al-Shabab បាត់​បង់​ឥទ្ធិពល​ក្នុង​រដ្ឋធានី​មួយ​នេះ​ក្នុង​ឆ្នាំ២០១១។

«សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ សណ្ឋាគារ​ប្រណីតៗ ផ្សារ​ទំនើបៗ និង សេវាកម្ម​ល្អៗ មាន​វត្តមាន​នៅ​ទីនេះ​ទាំង​អស់ ហើយ​អាជីវកម្ម​ទាំង​នេះ​ភាគ​ច្រើន​ជា​របស់​ប្រជាជន​សូម៉ាលី​ដែល​រស់​នៅ​ក្រៅ​ប្រទេស» នេះ​បើ​តាម​សម្ដី​របស់ លោក Mohamud។ លោក​បន្ថែម​ថា៖ «ហើយ​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ត្រឡប់​មក​វិញ រដ្ឋាភិបាល​បាន​ផ្ដល់​ការងារ​មួយ​ចំនួន​ឲ្យ​ពួក​អ្នក​ជំនាញ និង​ក្រុមហ៊ុន​តូចៗ​របស់​ពួកគេ។ ហើយ​ពួក​គេ​បាន​បំពេញ​ការងារ​បាន​យ៉ាង​ល្អ ក្នុង​ការ​បម្រើ​សេវាកម្ម​ទាំង​នោះ​ដល់​សាធារណជន»។

លោក​បាន​និយាយ​ថា លោក​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត នៅ​កិច្ច​ប្រជុំ​សំណេះ​សំណាល ពេល​ឃើញ​យុវជន​សូម៉ាលី បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ស្ដារ​ប្រទេស​ឡើង​វិញ​ពី​ការ​បំផ្លិច​បំផ្លាញ​ដោយ​អំពើ​ហិង្សា គ្រោះ​រាំង​ស្ងួត និង​ការ​រីក​រាល​ដាល​នៃ​ភាព​អនាធិបតេយ្យ​គ្មាន​ច្បាប់​ទម្លាប់ ​អស់​រយៈ​ប្រមាណ​ជាង​ពីរ​ទសវត្សរ៍។

«ខ្ញុំ​រំភើប​យ៉ាង​ខ្លាំង ដែល​បាន​ឃើញ​ឆន្ទៈ និង​ក្ដី​សង្ឃឹម​របស់​យុវជន​សូម៉ាលី​នៅ​ក្នុង​ទីក្រុង Minneapolis និង​កម្រិត​នៃ​ការ​ស្នេហា​ជាតិ និង​ការ​ប្ដេជ្ញា​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ យើង​ធ្លាប់​និយាយ​ថា មាន​តែ​មនុស្ស​ចាស់​ទេ ដែល​មាន​បំណង​ត្រឡប់​មក​វិញ ប៉ុន្តែ​ឥឡូវ​នេះ យើង​មើល​ឃើញ​ថា​យុវជន​ជំនាន់​ក្រោយ​ក៏​មាន​បំណង​ត្រឡប់​មក​វិញ​ដែរ»។ នេះ​បើ​តាម​សម្ដី​របស់​លោក​ប្រធានាធិបតី។

លោក Yabarow ស្ថិត​នៅ​ជាមួយ​នឹង​លោក​ប្រធានាធិបតី នៅ​ថ្ងៃទី៣០ ខែសីហា កន្លង​ទៅ​នៅ​ពេល​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ al-Shabab រៀប​ចំ​ការ​បំផ្ទុះ​គ្រាប់​បែក​តាម​រថយន្ត​មួយ នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​មួយ​ខាង​ក្រៅ​រដ្ឋធានី​ម៉ូហ្គាឌីស្យូ និង​សម្លាប់​មនុស្ស​ជាង​ ២០ នាក់។ វា​ជា​ការ​វាយ​ប្រហារ​មួយ ក្នុង​ចំណោម​ការ​វាយ​ប្រហារ​តាម​សណ្ឋាគារ​ និង​ទី​សាធារណៈ​ជា​ច្រើន​កន្លែង ដែល​ក្រុម​សកម្មប្រយុទ្ធ al-Shabab ចាប់​ផ្ដើម​វាយ​ប្រហារ​កាល​ពី​ពីរ​ឆ្នាំ​មុន​មក។​

លោក Yabarow បាន​សួរ​លោក​ប្រធានាធិបតី​ពី​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា។

លោក Mohamud និយាយ​ថា កង​កម្លាំង​រក្សា​សន្តិសុខ​សូម៉ាលី ត្រូវ​បត់​បែន​តាម​ការ​ផ្លាស់​ប្ដូរ​យុទ្ធ​សាស្ត្រ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ។

«កាលពី​មុន ពួក​គេ​ធ្លាប់​វាយ​ប្រហារ​ចូល​ដល់​ក្នុងៗ ពួកគេ​ចូល​ក្នុង​អគារ​រដ្ឋាភិបាល ពួក​គេ​ចូល​ក្នុង​សភា តុលាការ និង​សណ្ឋាគារ​ផ្សេងៗ។ ឥឡូវ​សកម្មភាព​បែប​នោះ ត្រូវ​បាន​កាត់​បន្ថយ​ យើង​មាន​បទពិសោធន៍​ទប់ទល់ ដូច្នេះ​ពួកគេ​មិន​អាច​ចូល​ដល់​ខាង​ក្នុង​ទៀត​ឡើយ។ ឥឡូវ​អ្វី​ដែល​ពួក​គេ​ធ្វើ គឺ​ពួក​រៀប​ចំ​គ្រាប់​បែក​ដាក់​ក្នុង​ឡាន​ធំៗ។ លើក​មុន​នេះ​ម្ដង ហើយ​ម្ដង​ទៀត​នៅ​ក្បែរ​ប្រលាន​យន្ត​ហោះ។ ពួកគេ​រៀបចំ​ការ​បំផ្ទុះ​ទ្រង់ទ្រាយ​ធំ​នេះ ដើម្បី​កម្ទេច​អាគារ​ក្នុង​តំបន់​នោះ ដោយ​មិន​បាន​កំណត់​ទីកន្លែង ឬ​គោលដៅ​ជាក់​លាក់​ឡើយ»។

«វា​ជា​បាតុភូត​ថ្មី​ក្នុង​ការ​កម្ទេច​ទីក្រុង»។ ឥឡូវ​វា​មិន​មែន​ជា​ការ​សម្លាប់​មនុស្ស ដោយ​ការ​វាយ​លុក​ចូល​សណ្ឋាគារ ការិយាល័យ​រដ្ឋាភិបាល​ ហើយ​សម្លាប់​មនុស្ស​ក្នុង​នោះ នោះ​ទេ ឥឡូវ [ក្រុម​សកម្ម​ប្រយុទ្ធ] មាន​បច្ចេកទេស​ថ្មី។ ខ្ញុំ​ជឿ​ជាក់​ថា កង​កម្លាំង​សន្តិសុខ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ ដូច​ដែល​បាន​ដោះ​ស្រាយ​ការ​វាយ​ប្រហារ​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​កន្លង​ទៅ។

លោក Mohamud បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ប្រទេស​សូម៉ាលី​ចាប់​ពី​ឆ្នាំ ២០១២។ លោក​ប្រឈម​មុខ​នឹង​ការ​បោះឆ្នោត​ឡើង​វិញ​ក្នុង​ឆ្នាំ​នេះ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​រដ្ឋ​សភា។

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG