ក្រុមមន្ត្រីយោធាសូម៉ាលីបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកសកម្មប្រយុទ្ធអាល់កៃដាចំនួន ៧០នាក់ត្រូវបានសម្លាប់ ខណៈពួកគេព្យាយាមដណ្ដើមកាន់កាប់មូលដ្ឋានយោធារបស់រដ្ឋាភិបាលនិងនៅក្នុងការវាយប្រហារតាមអាកាសនៅក្បែរទីក្រុងកំពង់ផែ Kismayo ភាគខាងត្បូងប្រទេសសូម៉ាលី។
មន្ត្រីយោធាបានប្រាប់វីអូអេថា ពួកសកម្មប្រយុទ្ធបានចាប់ផ្តើមការវាយប្រហារមិនរំពឹងទុកកាលពីថ្ងៃសៅរ៍នៅឯមូលដ្ឋានយោធាក្បែរភូមិ Bula Gudud ចម្ងាយ៥០គីឡូម៉ែត្រខាងជើងក្រុង Kismayo ដោយចាប់ផ្តើមពីការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនបី។ បន្ទាប់មកក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធធុនធ្ងន់រាប់សិបនាក់បានវាយប្រហារមូលដ្ឋាននោះពីគ្រប់ទិស។
លោក Abdinur Ibrahim អ្នកនាំពាក្យសន្តិសុខប្រចាំតំបន់ បានប្រាប់វីអូអេថា «ភេរវករបានវាយប្រហារមូលដ្ឋាន ដោយបំផ្ទុះគ្រាប់បែកអត្តឃាត ហើយការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក៏កើតមានឡើង។ យើងបានកម្ចាត់ពួកវា ហើយបង្ខំពួកវារត់ភៀសខ្លួនយកប្រាសអាយុ។ យើងបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច៧០នាក់ក្នុងអំឡុងពេលវាយលុកនិងក្នុងការវាយប្រហារតាមអាកាសជាបន្ត»។
ក្រុមប្រដាប់អាវុធមានទំនាក់ទំនងជាមួយពួក al-Qaida បានប្រកាសទទួលខុសត្រូវការវាយប្រហារនៅមូលដ្ឋានយោធា ហើយបាននិយាយថា ទាហានសូម៉ាលី៤១នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍នេះ៕