ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វិល​ចូល​សភា​វិញ​របស់​លោក​ កឹម សុខា អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​និង​សកម្មជន​ដែល​ជាប់​ពន្ធនាគារ


លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ អង្គុយ​នៅ​រដ្ឋ​សភាជាតិ​ក្នុង​អំឡុងអង្គ​ប្រជុំ​ពេញ​ កាលពី​ថ្ងៃ​ពុធ ទី៧ ខែធ្នូ ឆ្នាំ​២០១៦។ (REUTERS/Samrang Pring)
លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ អង្គុយ​នៅ​រដ្ឋ​សភាជាតិ​ក្នុង​អំឡុងអង្គ​ប្រជុំ​ពេញ​ កាលពី​ថ្ងៃ​ពុធ ទី៧ ខែធ្នូ ឆ្នាំ​២០១៦។ (REUTERS/Samrang Pring)

លោក​ កឹម សុខា​ ទៅ​រដ្ឋសភា​នា​ពេល​នេះ​ ក្នុង​នាម​ជា​ដៃគូ​សន្ទនា​កិច្ចការ​ប្រទេស​ជាតិ​ ជាមួយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ស្នើសុំ​ឲ្យ​មានការ​លើក​លែងទោស​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ កឹម សុខា​ បាន​វិលត្រឡប់​ទៅ​កាន់​រដ្ឋសភា​វិញ​ហើយ​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ចូល​រួម​ការ​ប្រជុំ​សភា​ពេញអង្គ​ ក្រោយ​ពី​លោក​ខក​ខាន​មិន​បាន​ចូល​ទៅ​បំពេញ​ការងារ​នៅ​រដ្ឋសភា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ ដោយសារ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ បាន​រង​ការ​គាបសង្កត់​ខាង​ប្រព័ន្ធ​តុលា​ការ​ ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក​ជាមួយ​នារី​កាត់​សក់​ម្នាក់។

​លោក​ កឹម សុខា​ ទៅ​រដ្ឋសភា​នា​ពេល​នេះ​ ក្នុង​នាម​ជា​ដៃគូ​សន្ទនា​កិច្ចការ​ប្រទេស​ជាតិ​ ជាមួយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ស្នើសុំ​ឲ្យ​មានការ​លើក​លែងទោស​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ ហ៊ុន សែន​ ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រជុំ​នោះ​ បាន​ថ្លែង​បញ្ជាក់​ពី​ការ​តែង​តាំង​លោក​ កឹម សុខា​ យ៉ាង​ដូច្នេះ​ថា៖

«ឥឡូវ​ឯក​ឧត្ដម​ នឹង​ក្លាយ​ទៅ​ជា​ដៃ​គូ​របស់​សម្ដេច​ក្រឡាហោម​ ស ខេង​ ក្នុង​ឋានៈ​ជា​ប្រធាន​នៃ​ក្រុម​តំណាងរាស្ត្រ​ ហើយ​ធ្វើ​ជា​ដៃ​គូ​របស់​ខ្ញុំ​ ក្នុង​ឋានៈ​ពិគ្រោះ​ពិភាក្សា​លើ​បញ្ហា​ប្រទេស​ជាតិ​ ដែល​ត្រូវ​ទំនាក់​ទំនង​ជាមួយ​នាយករដ្ឋមន្ត្រី»។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) ដើរ​ជាមួយ​នឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។

លោក​ កឹម សុខា​ បាន​ឆ្លើយ​តប​វិញ​ថា៖

«ថ្ងៃនេះ​ យើង​មក​ទីនេះ​ គឺ​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​គោលដៅ​អ្វី​ដែល​ជា​ការ​ខ្វះខាត​ ឬ​ការ​ខ្វែង​គំនិត​គ្នា។ នេះ​ជា​ការ​ធម្មតា​ទេ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ហើយ​គណបក្ស​ពីរ​នេះ​ គឺ​មួយ​គណបក្ស​ក្នុង​រដ្ឋាភិបាល​ មួយ​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល អញ្ចឹង​តែង​តែ​មាន​ អាច​មាន​មតិ​ស្រប​គ្នា​ អាច​មាន​មតិ​ផ្ទុយ​គ្នា​ជា​ការ​ធម្មតា។ ប៉ុន្តែ​អ្វី​ដែល​យើង​នឹង​ត្រូវ​ធ្វើ​ទៅ​មុខ​ទៀត​ គឺ​ស្វែងរក​ឯកភាព​ជាតិ​ ដើម្បី​ឲ្យ​ជាតិ​យើង​បាន​រីកចម្រើន»។

ថ្វី​ដ្បិត​តែ​មាន​កិច្ច​ឆ្លើយ​ឆ្លង​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​វិភាគ​ថ្លែង​ថា ការ​វិល​ត្រឡប់​របស់​ លោក​ កឹម​ សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​រដ្ឋសភា​នា​ពេល​នេះ​ បាន​បង្ហាញ​ពី​ការ​កើត​មាន​ច្រំដែលៗ​នៃ​ភាព​តានតឹង ​និង​ធូរ​ស្រាល​ក្នុង​នយោបាយ​កម្ពុជា។

​ពួកគេ​លើក​ឡើង​ថា​ ការណ៍​នេះ​ នឹង​បើក​ឱកាស​ឲ្យ​មាន​ការ​ជួប​សន្ទនា​ក្នុង​កិច្ចការ​នយោបាយ​ឡើងវិញ​រវាង​ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយ​ធំៗ​ពីរ​នៅ​រដ្ឋសភា ក្រោយ​ពី​វប្បធម៌​សន្ទនា​បាន​រំលំ​រលាយ​ទៅ​ជាង​មួយ​ឆ្នាំ​មក​នោះ។

​ទន្ទឹម​ពេល​គ្នា​នេះ​ដែរ​ ពួក​គេ​បាន​មើល​ឃើញ​ផ្សេងៗ​គ្នា​អំពី​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​ប្រជាជន ដែល​បាន​បង្ហាញ​ការ​ចាប់​យក​លោក​ កឹម​ សុខា​ មក​ធ្វើ​ជា​ដៃគូ​សន្ទនា​នយោបាយ​ជំនួស​ឲ្យ​លោក ​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​វិធានការណ៍​ឲ្យ​និរទេស​ខ្លួន មិន​ឲ្យ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​កាល​ពី​ខែ​តុលា។

ពួកគេ​និយាយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​ចុះ​ខ្សោយ​ផង​ដែរ។

​លោក​ អ៊ូ​ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ប្រាប់​ VOA ថា នយោបាយ​ស្រុក​ខ្មែរ​គឺ​ប្រៀប​ដូច​ល្បែង​ទាញ​ព្រ័ត្រ​ ដែល​ម្ដង​ទៅ​តឹង​ ហើយ​ម្ដង​ទៅ​ធូរ។

«នយោបាយ​ស្រុក​ខ្មែរ​យើង​ គឺ​រមែង​តែងតែ​ដូច​ទាញព្រ័ត្រ​អញ្ចឹង​មាន​ទៅវិញ​ទៅ​មកៗ​ មាន​ភាព​តាន​តឹង​ មាន​ភាព​ធូរ​ស្រាល​ ហើយ​នៅ​ពេល​ណា​មាន​ភាព​ធូរស្រាល​ច្រើន​ តែ​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ជា​ច្រើន។ ហើយ​ដោយ​សារ​អញ្ចឹង​ ខ្ញុំ​គិត​ថា​ ប្រហែល​ជា​អាច​ឈាន​ទៅ​ដល់​ ការ​ព្រមព្រៀង​មួយ​ចំនួន»។

លោក​ អ៊ូ​ វីរៈ​ បន្ត​ថា​ ការ​ចូល​ប្រជុំ​សភា​នេះ​ ក៏​នឹង​ធ្វើ​ឲ្យ​សភា​បាន​បំពេញ​ការងារ​ពេញលេញ​ ហើយ​ការ​ចរចា​ផ្នែក​នយោបាយ​ដើម្បី​ជួយ​មន្ត្រី​ និង​សកម្មជន​គណបក្ស​នយោបាយ​ផ្សេងទៀត​ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ចុះ​ខ្សោយ​ទៅ​ ដែល​តម្រូវ​ឲ្យមេដឹកនាំ​គណបក្ស​ប្រឆាំង​ ត្រូវ​ប្រកាន់​ជំហរ​រួបរួម​ដើម្បី​បញ្ចៀសការ​បែក​បាក់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

​លើស​ពី​នេះ​ទៅ​ទៀត​ លោក​អ៊ូ វីរៈ ព្យាករណ៍​ថា​ លោក​ សម​ រង្ស៊ី​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ចូល​ក្នុង​ប្រទេស​កម្ពុជា​ម្តង​ទៀត​ ដូច​កាល​ពី​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​នោះ​ទេ ព្រោះ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​បាត់​ជំនឿ​ទៅលើ​សេចក្ដី​ក្លាហាន​របស់​លោក​ ក្នុង​ការ​ហ៊ាន​ចូល​ទៅ​ក្នុង​ពន្ធនាគារ។

លោក​ថា​ ក្រុម​អ្នក​នយោបាយ ​នឹង​មិន​ធ្វើ​ការចរចា​ឲ្យ​លោក​ សម រង្ស៊ី​ វិល​ចូល​ក្នុង​ប្រទេស​នោះ​ឡើយ។

«គេ​អត់​ជឿ អត់​មាន​នរណា​ជឿ​ថា​លោក ​សម​ រង្ស៊ី​ នឹង​ហ៊ាន​ចុះ​មក​ចូល​ពន្ធនាគារ​អី​ទេ។​ អញ្ចឹង​បើ​សិន​ជា​គេ​ឈប់​ជឿ​ គេ​អត់​ជឿ​ថា​ គាត់​ហ៊ាន​ចុះ​មក​ចូល​ពន្ធនាគារ​គឺ​ អត់មាន​អី​ចាំបាច់​ មាន​ការ​ចរចា​ទេ»។

​នៅមុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​លោក សម​ រង្ស៊ី បាន​ទទួល​ព្រះរាជទាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​ តាម​ការ​ស្នើសុំ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ក្រោយ​ពី​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។

បន្ទាប់ពី​ការ​បោះឆ្នោត​ គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​បង្ក​ឲ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​ក្នុង​ប្រទេស​ជិត​មួយ​ឆ្នាំ។

ប៉ុន្តែ​ មេ​ដឹក​នាំ​គណបក្ស​នយោបាយ​គណបក្ស​ទាំង​ពីរ ​បានឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​នយោបាយ​បញ្ចប់​ជម្លោះ។

ការ​ចុះ​កិច្ច​ព្រមព្រៀង​នា​ពេល​នោះ​ គឺ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ក្នុង​ករណី​ហិង្សា​មួយ​ដែល​បាន​កើត​ឡើង​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤។

រូបឯកសារ៖ លោក ឡៅ ម៉ុងហៃ ដែ​លជា​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ម្នាក់ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​វត្ត​ក្តី​ចាស់ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១១ ខែ​កក្កដា ឆ្នាំ២០១៦ មុន​ចូល​ទៅ​គោរព​សព​លោក​បណ្ឌិត កែម ឡី។
រូបឯកសារ៖ លោក ឡៅ ម៉ុងហៃ ដែ​លជា​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ម្នាក់ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​វត្ត​ក្តី​ចាស់ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១១ ខែ​កក្កដា ឆ្នាំ២០១៦ មុន​ចូល​ទៅ​គោរព​សព​លោក​បណ្ឌិត កែម ឡី។

​អ្នក​វិភាគ​នយោបាយ​លោក​ ឡាវ​ ម៉ុងហៃ​ ដែល​ធ្លាប់​ធ្វើជា​ទី​ប្រឹក្សា​លោក​ កឹម សុខា​ នៅ​រដ្ឋ​សភា ប្រាប់​ VOA ​ថា​ ស្ថានភាព​នយោបាយ​កម្ពុជា​នៅ​គ្រា​នេះ គឺ​ស្រដៀង​គ្នា​នឹង​ស្ថានភាព​នយោបាយ​កាលពី​មុន​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

លោក​ថា​ ការ​វិវត្តន៍​ចុង​ក្រោយ​នៃ​ភាព​តានតឹង​នេះ​ គឺ​បាន​កើត​ឡើង​នៅ​ពេល​ដែល​វប្បធម៌​សន្ទនា​រវាង​គណបក្ស​កាន់អំណាច​ និង​គណបក្ស​ប្រឆាំង​បាន​ផុត​រលត់​ទៅ។

​«វប្បធម៌​សន្ទនា​នោះ​បាទ​ ហ្នឹង​ឃើញ​ថា​ ដូច​ជា​ មេដឹកនាំ​គណបក្ស​ទាំងពីរ​ហ្នឹង​ល្អូកល្អិន​ជាមួយ​គ្នា​ទៅ​បាទ។ ឥឡូវ​ក៏ដូចជា​ ឈោង​ដៃ​ចាប់​គ្នា​ ហើយ​ល្អូកល្អិន​ដែរ។ ដូច្នេះ​ យើង​ចាំ​មើល​ទៀត​មើល​ តើ​ភាព​ស្រុះ​ស្រួល​គ្នា​នេះ​ វា​មាន​ល្បិច​អី​ថែម​ទៅ​ទៀត​បាទ»។

លោក ឡៅ ម៉ុងហៃ​ យល់​ឃើញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិតជា​បាន​ចុះ​ខ្សោយ​ដោយ​សារ​គណ​បក្ស​មិន​សូវ​បាន​ធ្វើ​សកម្មភាព​នយោបាយ​ច្រើន​ក្នុង​ពេល​មាន​វិបត្តិ។​ យ៉ាង​ណា​លោក​ថា​ ការ​លើក​លែង​ការ​គាបសង្កត់​លើ​លោក​ កឹម​ សុខា​ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​ ដែល​នឹង​មិន​បំបែក​គណបក្ស​ប្រឆាំង​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​នេះ​ចុះ​ចូល និង​ងាយ​ស្រួល​គ្រប់គ្រង។

«គឺ​បំបែក​ផង​ ហើយ​និង​ដើម្បី​ឃុំ​គ្រង គ្រប់​គ្រង​ កុំ​ឲ្យ​អា​ដែល​ដូច​ថា​ ទៅ​ជា​អ្នកប្រកួត​ប្រជែង​មួយ គឺ​អា​ដែល​ស្មើ​ភាព​គ្នា​បាទ»។

​នៅ​ពេល​ប្រជុំ​ពេញ​អង្គ​សភា​នា​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​ កឹម សុខា​ ត្រូវ​គេ​មើល​ឃើញ​ថា បាន​ជួប​គ្នា​លក្ខណៈ​ឯកជន​នៅ​រដ្ឋសភា​អស់​រយៈពេល​ជាង​មួយ​ម៉ោង។ ក្រោយ​មក​លោក ​កឹម សុខា​ ក៏​ត្រូវ​បាន​គេ​ឃើញ​ថា​ បាន​ចូល​ជួប​ជាមួយ​លោក​ ស ខេង​ អស់​រយៈពេល​ជិត​ពីរ​ម៉ោង ក្នុង​លក្ខណៈ​ឯកជន​ផង​ដែរ។​

​នៅ​ពេល​ដើរ​ចាក​ចេញ​ពី​ការប្រជុំ​សភា លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែង​ថា​ មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ធំៗ​ពីរ​នៅ​រដ្ឋ​សភា​ នឹង​ពិនិត្យ​លើ​លទ្ធភាព​ជួបពិភាក្សា​គ្នា​ក្នុង​ពេលមួយ​ខែ​ម្ដង​ ប៉ុន្តែ​លោក​មិន​ផ្ដល់​សេចក្ដី​លម្អិត​អំពី​ប្រធានបទ​ដែល​នឹង​ត្រូវ​លើក​មក​ពិភាក្សាគ្នា​នោះ​ទេ៕

XS
SM
MD
LG