ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី នាថ្ងៃពុធនេះ ព្រះរាជទានលើកលែងទោស លោកមេឃុំ ស៊ាង ចែតនៃគណបក្សជំទាស់មកពីខេត្តកំពង់ចាម ដែលត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ ពន្ធនាគារ៥ឆ្នាំកាលពីថ្ងៃចន្ទ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ដែលចេញផ្សាយនារសៀលថ្ងៃពុធ។
ការលើកលែងទោស លោក មេឃុំ ស៊ាង ចែត បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការទម្លាយភាពទាល់ច្រកនយោបាយ រវាងគណបក្សធំៗទាំង២ដែលមានកៅអីក្នុងរដ្ឋសភា និងការនិវត្តន៍ចូលសភាវិញរបស់អនុប្រធានគណបក្សជំទាស់ លោកកឹម សុខា ដោយរួមមានការជជែកបញ្ហានយោបាយមួយចំនួនផងដែរ។
ក្រោយកិច្ចប្រជុំនៅរដ្ឋសភានាព្រឹកមិញនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានឲ្យអ្នកសារព័ត៌មានដឹងផងដែរថា មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក ចំនួន៤រូបនិងលោកនី ចរិយា មន្ត្រីជាន់ខ្ពស់នៃគ.ជ.ប អាចនឹងត្រូវដោះលែងនៅក្នុងខែធ្នូ ឆ្នាំ២០១៦នេះ។
«ដោះលែងថ្ងៃនេះដូចជាមានករណីដោះលែងលោកមេឃុំ ស៊ាង ចែត។ ក្រៅពីនោះតាមខ្ញុំអត់បានជជែករឿងនេះទេ គឺឯកឧត្តម កឹម សុខា ជជែកជាមួយសម្តេចហ៊ុន សែន ហើយបើតាមខ្ញុំដឹង មុនដំណាច់ខែ១២នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង»។
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម រួមទាំងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវបានតុលាការក្រុងភ្នំពេញ ចាប់និងកាត់ទោស ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា និងនាងខុម ចាន់តារាទីឬស្រីមុំ។ លោកត្រូវបានចាប់ខ្លួននាចុងខែមេសា ពីបទសូកប៉ាន់សាក្សីនិងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំកាលពីថ្ងៃចន្ទកន្លងទៅ។
ដោយមានឪពុកម្តាយជរាក្នុងបន្ទុក លោកមេឃុំ ស៊ាង ចែត វ័យ៤៦ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ស្រេង សុខខឿន វ័យ៤៣ឆ្នាំ នៅក្នុងឆ្នាំ១៩៩២ និងមានកូន៥នាក់។
លោក ស៊ាង ចែត មេឃុំរូបនេះ បានបញ្ចប់ការសិក្សានៅឯវិទ្យាល័យសម្តេចជួនណាត និងក្លាយជាសមាជិក គណបក្សសម រង្ស៊ី នៅក្នុងឆ្នាំ២០១០ មុនពេលរូបលោកក្លាយជាមេឃុំនៅក្នុងឆ្នាំ២០១២។
លោក អេម កុសល វ័យ ៤៧ឆ្នាំ ជាអ្នកជិតខាងនិងមិត្តជិតស្និទ្ធរបស់លោក ស៊ាង ចែត បានបញ្ជាក់ប្រាប់ VOA ថាលោក ស៊ាង ចែត គឺជាបុគ្គលដែលមានសប្បុរសធម៌មួយរូប ដែលតែងជួយយកអាសារអ្នកភូមិជាមួយគ្នា។
ក្នុងអាណត្តិជាមេឃុំរបស់ខ្លួន លោក ស៊ាង ចែត ចាប់ផ្តើមកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ដូចជាអណ្តូងទឹក ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត និងធ្វើឲ្យភូមិឃុំមានសុវត្ថិភាពជាដើម។
«មិនធ្លាប់មានគាត់ធ្វើបានទាំងអស់ដូចជាផ្លូវ កាលពីមុនគេធ្វើឈប់ៗ ឥលូវគាត់ធ្វើអភិវឌ្ឍទាំងអស់ សេវា ក្មេងទំនើងក៏អត់មាន អំពើហិង្សា ល្បែងស៊ីសងក៏អត់មាន»។
លោក អេម កុសល រំលឹកពីទិដ្ឋភាពដែលប្រជាពលរដ្ឋក្នុងឃុំស្រក ស្តាយស្រណោះចំពោះលោកលោក ស៊ាង ចែត ដែលត្រូវបានគេចាប់ឃុំខ្លួនចាប់តាំងពីចុងខែមេសា យ៉ាងដូច្នេះ៖
«ហូ៎! អ្នកភូមិវិញ មិនបាច់និយាយទេ។ គេយំ! គេនឹកនា គ្រាន់តែផ្តិតមេដៃ សុំឲ្យដោះលែង។ ខ្ញុំនិយាយឲ្យអស់ ទោះកូនបក្សណាក៏គេជួយដែរ គេអាណិតមនុស្ស គេមិនគិតបក្សទេ។ នៅឃុំស្រក គេលែងស្រលាញ់បក្សហើយ គេស្រលាញ់មនុស្ស»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យ បញ្ជាក់ប្រាប់ VOA ថាការលើកលែងទោសជាបន្តបន្ទាប់នេះ ជាសញ្ញាណវិជ្ជមានមួយចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា។ លោកបន្តថា ស្ថានការណ៍នយោបាយនឹងរឹតតែប្រសើរជាងនេះទៀត នៅពេលដែលមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រីគ.ជ.បគឺ លោកនី ចរិយានឹងត្រូវដោះលែងនាពេលខាងមុខ។
«ហើយអ្វីដែលយើងរង់ចាំដែរ សញ្ញាណល្អជាងហ្នឹងគឺ សកម្មជនសិទ្ធិមនុស្ស៥រូបរួមទាំងលោក នី ចរិយាផងដែរ។ បើអ្នកទាំងអស់ហ្នឹង បានលើកលែង ខ្ញុំមើលទៅស្ថានភាពនយោបាយចាប់ផ្តើមនឹងនរ។ មានរូបភាពមួយដែលសភាចាប់ផ្តើមពេញអង្គ ពេញមុខមាត់។ គណបក្សប្រឆាំងមានភាពធូរស្បើយ»។
VOA មិនអាចទំនាក់ទំនងក្រុមតំណាងរាស្ត្រគណបក្សជំទាស់ដើម្បីសុំការអធិប្បាយបន្ថែមបានទេ នាល្ងាចថ្ងៃពុធនេះ៕