ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​មាក់ងាយកើត​មាន​កាន់​តែ​ច្រើន ស្រប​ពេល​ដែល​កិច្ច​ប្រជុំ G២០ បាន​ចាប់​ផ្ដើម


មេដឹក​នាំ​ទាំង​២០​ បាន​ថត​រូប​ជុំ​គ្នា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ​ហាងចូវ​ ក្នុង​ទីក្រុង​ហាងចូវ​ខេត្ត ​Zhejiang ប្រទេស​ចិន​កាល​ពី​ថ្ងៃទី ០៤ កញ្ញា​ ២០១៦។(AP Photo/Ng Han Guan)

ស្រប​ពេល​ដែល​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​មេដឹក​នាំទាំង ២០ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​នេះ ចលាចល​អំពី​កន្លែង​ចុះ​ចត​របស់​យន្តហោះ Air Force Once របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama នឹង​ជម្លោះ​មួយ​ចំនួន​ទៀត​នៅតែ​បន្ត​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​នេះ​របស់​លោក។

នៅ​ពេល​ដែល​លោក Obama ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង Hangzhou កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ អាកាស​យាន​ដ្ឋាន​នោះ​មិន​មាន​ជណ្តើរ​យន្តហោះ​ត្រៀម​សម្រាប់​លោក Obama ចុះ​ពី​លើ​យន្តហោះ Air Force One នោះ​ទេ។ ហើយ​នៅ​ពេល​ដែល​លោក Obama ឈាន​ជើង​ចុះ​ពី​លើ​យន្ដហោះ​ដល់​ដី គេ​មិន​ឃើញ​មាន​កម្រាល​ពណ៌​ក្រហម​ដែល​ក្រាល​សម្រាប់​លោក Obama ដើរ​នោះ​ទេ។

ភាព​តានតឹង​កាន់តែ​ឡើង​កម្តៅ​ថែម​ទៀត​នៅ​ឯ​កន្លែង​យន្តហោះ​ចុះចត​នោះ​ផង​ដែរ ដោយ​សារ​តែ​មន្ត្រី​ចិន​ម្នាក់​បាន​ស្រែក​ឲ្យ​អ្នក​ថតរូប​សម្រាប់​សារព័ត៌មាន​របស់​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ពេល​ដែល​អ្នក​ថតរូប​ទាំង​នោះ​ព្យាយាម​រក​ទីតាំង​សមរម្យ​ដើម្បី​ថតរូប​លោក Barack Obama។ មន្ត្រី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ធ្វើ​អន្តរាគមន៍ ដោយ​និយាយ​ថា សហរដ្ឋ​អាមេរិក​ជា​អ្នក​កំណត់ទីតាំង​សមរម្យ​សម្រាប់​អ្នក​ថតរូប​របស់​ខ្លួន​ក្នុង​ការ​ត្រៀម​ថត។ ប៉ុន្តែ មន្ត្រី​ចិន​ដដែល​នោះ​បាន​ស្រែក​ត្រឡប់​មក​វិញ​ថា «នេះ​ជា​ប្រទេស​របស់​យើង។ នេះ​ជា​អាកាសយានដ្ឋាន​»។

មន្ត្រី​ចិន​ដដែល​នេះ ក៏​បាន​ព្យាយាម​បង្អាក់​ដំណើរ​របស់​លោកស្រី Susan Rice ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក មិន​ឲ្យ​ដើរ​ទៅ​កាន់​ក្បួន​ម៉ូតូ​អម​ដំណើរ​ប្រធានាធិបតី​ដែរ ដែល​នៅ​ពេល​នោះ ត្រូវ​បាន​ភ្នាក់ងារ​សម្ងាត់​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​វេលា៕

XS
SM
MD
LG