អង្គការសុខភាពពិភពលោក (WHO) បានចាប់ផ្តើមយុទ្ធនាការទូទាំងសាកលលោកមួយដើម្បីលុបបំបាត់ការប្រើប្រាស់សឺរាំង និងម្ជុលគ្មានអនាម័យ ដែលបណ្តាលឲ្យមានជំងឺឆ្លងសាហាវៗដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។ គម្រោងផ្តួចផ្តើមថ្មីរបស់ WHO មានគោលដៅទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ដោយលើកកម្ពស់ការប្រើប្រាស់សឺរាំង “Smart” ដែលអាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ។
ការចាក់ថ្នាំគឺដើម្បីព្យាបាលជំងឺ និងជួយសង្រ្គោះជីវិតអ្នកជំងឺ។ ហើយភាគច្រើនការចាក់ថ្នាំនេះមានប្រសិទ្ធិភាព។ ប៉ុន្តែ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការចាក់ថ្នាំជាង១៦ពាន់លានករណី ដែលធ្វើឡើងជារៀងរាល់ឆ្នាំបានបណ្តាលឲ្យមានជំងឺឆ្លងដ៏សាហាវជាច្រើន ដោយសារតែការប្រើប្រាស់សឺរាំង និងម្ជុលដែលប្រើប្រាស់រួចហើយម្តងទៀត។
អង្គការ WHO រាយការណ៍ថា ១០ភាគរយនៃការចាក់ថ្នាំ ដូចជាការចាក់ថ្នាំវ៉ាក់សាំង និងការបូមឈាម និងការចាក់ថ្នាំពន្យាកំណើតជាទូទៅមានសុវត្ថិភាព។ បញ្ហាគឺឋិតនៅលើការចាក់ថ្នាំ៩០ភាគរយទៀត ដូចជាការចាក់ថ្នាំតាមសាច់ដុំ ឬតាមស្បែក។ អង្គការ WHO ឲ្យដឹងថា ការចាក់ថ្នាំបែបនេះមិនចាំបាច់ទេ ហើយអាចជំនួសដោយការលេបថ្នាំបាន។
លោក Gundo Aurel Weiler អ្នកសម្របសម្រួលមន្ទីរជំងឺ HIV/AIDS របស់អង្គការ WHO ព្រមានថា ការចាក់ថ្នាំបែបនេះនៅមិនទាន់មានសុវត្ថិភាពទេ ហើយកំពុងបណ្តាលឲ្យមានជំងឺឆ្លងសាហាវៗជាច្រើនករណីនៅទូទាំងពិភពលោក។
«យើងបានដឹងថាជំងឺថ្លើមប្រភេទ B ចំនួន១លាន ៧សែនករណី និងជំងឺថ្លើមប្រភេទ C ចំនួន៣០ម៉ឺនករណី អាចបណ្តាលមកពីការចាក់ថ្នាំដោយគ្មានសុវត្ថិភាព។ ដូច្នេះ នេះគឺជាមូលហេតុចម្បងនៃការរាតត្បាតនៃជំងឺថ្លើម។ នៅឆ្នាំ២០០០ មានការប៉ាន់ស្មានថា ១០ភាគរយនៃការឆ្លងមេរោគ HIV បានបង្កឡើងដោយសារការចាក់ថ្នាំដោយគ្មានសុវត្ថិភាព។ ហើយនៅឆ្នាំ២០១០ ករណីនេះធ្លាក់ចុះមកនៅប្រមាណ១ភាគរយ ហើយនេះបង្ហាញឲ្យឃើញការធ្លាក់ចុះយ៉ាងច្បាស់លាស់នៃការឆ្លងមេរោគ HIV ដែលបង្កឡើងតាមរយៈការចាក់ថ្នាំដោយគ្មានសុវត្ថិភាព ដោយសារតែគោលនយោបាយចាក់ថ្នាំដោយសុវត្ថិភាព»។
ប៉ុន្តែ លោកវេជ្ជបណ្ឌិត Weiler កត់សម្គាល់ថា បើទោះបីជាមានការវិវត្តទៅមុខក៏ដោយ ក្នុងមួយឆ្នាំៗ មនុស្សប្រមាណ៣ម៉ឺន ៣ពាន់ ៨រយនាក់នៅតែឆ្លងមេរោគ HIV ដោយសារតែការចាក់ថ្នាំដោយគ្មានសុវត្ថិភាព។ លោក និយាយថា ជំងឺឆ្លងសាហាវៗត្រូវបានចម្លង នៅពេលដែលសឺរាំង និងម្ជុលគ្មានអនាម័យយកទៅប្រើជាមួយអ្នកជំងឺច្រើននាក់។
គ្រោះថ្នាក់ទាំងនេះភាគច្រើនកើតមានឡើងនៅប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែ ការចាក់ថ្នាំដោយគ្មានសុវត្ថិភាពនេះក៏កើតមានឡើងនៅជុំវិញពិភពលោកដែរ។
អង្គការ WHO ឲ្យដឹងថា ដំណោះស្រាយសម្រាប់អ្នកជំងឺរាប់លាននាក់ទាំងនៅប្រទេសជឿនលឿន និងប្រទេសក្រីក្រ គឺដូចគ្នា។ មនុស្សរាប់លាននាក់អាចការពារជំងឺឆ្លងផ្សេងៗបាន តាមរយៈការប្រើប្រាស់សឺរាំង “Smart” ដែលអាចប្រើបានតែម្តងប៉ុណ្ណោះ។
មានគំរូជាច្រើននៃការប្រើប្រាស់សារ៉ាង"smart" នេះ។ សឺរាំងខ្លះនឹងធ្វើឲ្យបែកសន្ទះសារ៉ាង ក្រោយពេលចាក់ថ្នាំរួច។ សឺរាំងខ្លះទៀតមានគន្លឹះដែកមួយ ដែលមិនឲ្យសន្ទះសារ៉ាងរត់ចុះក្រោមម្តងទៀត ឬម្ជុលដែលរត់ចូលក្នុងសារ៉ាងវិញ ក្រោយពេលចាក់ថ្នាំរួច។
លោកស្រី Lisa Hedman បុគ្គលិកមន្ទីរផលិតថ្នាំ និងសុខភាពរបស់អង្គការ WHO ឲ្យដឹងថា អង្គការ WHO មិនណែនាំឲ្យប្រើប្រាស់សឺរាំងថ្មីណាមួយទេ ពីព្រោះថា ការចាក់ថ្នាំទាំងអស់គឺមានលក្ខណៈខុសគ្នា។ លោកស្រី មានប្រសាសន៍ថា សឺរាំងនីមួយៗប្រើប្រាស់ក្នុងគោលបំណងផ្សេងៗគ្នា។
«មានបច្ចេកវិទ្យាថ្មីមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ។ មូលហេតុគឺដោយសារ គ្មានដំណោះស្រាយតែមួយដើម្បីបញ្ហាទាំងអស់នោះទេ។ ប៉ុន្តែ យើងអាចនិយាយដោយទូលាយថា យើងនឹងពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ឧបករណ៍ពេទ្យទាំងអស់ ដើម្បីធានាថា គ្មានការប្រើប្រាស់សឺរាំងម្តងហើយម្តងទៀត និងធានាថាឧបករណ៍ទាំងនោះគឺប្រើប្រាស់ត្រូវគោលដៅរបស់វា»។
ក្នុងចន្លោះឆ្នាំ២០០០ និង២០១០ យុទ្ធនាការចាក់ថ្នាំដោយសុវត្ថិភាពរបស់អង្គការ WHO បានវិវត្តទៅមុខដ៏គួរឲ្យកត់សម្គាល់។ យុទ្ធនាការនេះបាននាំមកនូវការថយចុះការប្រើប្រាស់ឧបករណ៍ចាក់ថ្នាំដែលប្រើរួចចំនួន៧ដងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
គោលបំណងនៃគម្រោងផ្តួចផ្តើមថ្មីនេះ គឺដើម្បីជំរុញឲ្យប្រទេសទាំងអស់ប្រើប្រាស់សឺរាំង "Smart" ទាំងអស់នេះឲ្យបានគ្រប់គ្នាៗនៅឆ្នាំ២០២០ លើកលែងតែក្នុងករណីពិសេសមួយចំនួនតូច។ អង្គការ WHO កំពុងតែអំពាវនាវឲ្យសហគ្រាសទាំងអស់ផលិតឧបករណ៍ចាក់ថ្នាំបែបនេះ។
សារ៉ាងគ្មានសុវត្ថិភាពមានតម្លៃប្រមាណ៣ទៅ៤សេនដុល្លារនៅតាមប្រទេសកំពុងអភិវឌ្ឍ។ សឺរាំង "Smart" ថ្មីនេះនឹងមានតម្លៃលើសពីនេះប្រមាណពីរដង។ ប៉ុន្តែ អង្គការ WHO ជឿថា តម្លៃនេះនឹងធ្លាក់ចុះ ខណៈដែលតម្រូវការកើនឡើង៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត