អស់រយៈពេលជាង ២ ឆ្នាំមកហើយ ចាប់តាំងពីអាជ្ញាធរវ៉េណេស៊ុយអេឡា បានចាប់ខ្លួននាយកប្រតិបត្តិមួយក្រុមនៃក្រុមហ៊ុនប្រេងឥន្ធនៈ CITGO។ ពួកគេទាំងនោះ សុទ្ធតែមានសញ្ជាតិពីរ គឺវ៉េណេស៊ុយអេឡា និងអាមេរិក។ ក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ទាមទារឲ្យដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ ដែលក្នុងនោះមានទាំងលោក Tomeu Vadell ផងដែរ។ គ្រួសាររបស់លោក Tomeu Vadell រស់នៅក្នុងក្រុងតូចមួយនៅរដ្ឋ Louisiana ដែលនៅពេលថ្មីៗនេះ រៀបចំពិធីស្មឹងស្មាធដើម្បីឲ្យសាធារណជនចាប់អារម្មណ៍ចំពោះការឃុំខ្លួនជាបន្តលើនាយកប្រតិបត្តិរូបនេះ។
២ឆ្នាំ បានកន្លងផុតទៅហើយចាប់តាំងពីប៉ូលិសវ៉េណេស៊ុយអេឡា បានចាប់ខ្លួនលោក Tomeu Vadell ដែលជាអតីតអនុប្រធានផ្នែកចម្រាញ់ប្រេងនៃក្រុមហ៊ុន CITGO រួមទាំងនាយកប្រតិបត្តិ ៥នាក់ផ្សេងទៀតនៃក្រុមហ៊ុននេះ នៅក្នុងទីក្រុងការ៉ាកាស។
ក៏ប៉ុន្តែ គ្មានសញ្ញាណាមួយបង្ហាញថា ពួកគេទាំងនោះ នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះទេ។
ទាក់ទងនឹងរឿងនេះ ប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានថ្លែងថា៖
«គេទាមទារឲ្យដោះលែងពួកគេ ពីព្រោះពួកគេមានសញ្ជាតិអាមេរិក។ ខ្ញុំបាននិយាយជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អំពីរឿងនេះ។ ដោយសារពួកគេជាពលរដ្ឋដែលបានកើតនៅប្រទេសវ៉េណេស៊ុយអេឡា ដូច្នេះពួកគេជាពលរដ្ឋវ៉េណេស៊ុយអេឡា អ៊ីចឹងហើយយើងក៏សម្រេចថា ពួកគេនឹងត្រូវវិនិច្ឆ័យទោសពីបទប្រព្រឹត្តអំពើពុករលួយ ការលួច និងអំពើក្បត់ជាតិ»។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានចោទប្រកាន់នាយកប្រតិបត្តិទាំងនោះពីបទបន្លំលួចយកប្រាក់ និងបទឧក្រិដ្ឋផ្សេងទៀតពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ចំនួន៤ពាន់លានដុល្លារ នៅក្នុងការផ្តល់ហិរញ្ញវត្ថុដល់សាជីវកម្មរបស់រដ្ឋ ដោយប្រើមូលប័ត្ររបស់ក្រុមហ៊ុនCITGO និងប្រើប្រាស់ទ្រព្យរបស់ក្រុមហ៊ុន ៥០ ភាគរយជាវត្ថុបញ្ចាំ។
លោក Tomeu Vadell និងក្រុមគ្រួសារបានផ្លាស់ទៅរស់នៅក្នុងទីក្រុង Lake Chales នៃរដ្ឋ Louisiana កាលពី ២០ ឆ្នាំមុន។ លោកបានធ្វើការឱ្យក្រុមហ៊ុន CITGO ចិញ្ចឹមក្រុមគ្រួសារលោក ហើយបានក្លាយជាផ្នែកមួយនៃសហគមន៍ក្នុងទីក្រុងតូចនោះ។
គ្រាដែល ក្រុមគ្រួសាររបស់លោក Tomeu Vadell សង្ឃឹមថា លោកនឹងត្រូវបានដោះលែង ពួកគេនៅតែបន្តអះអាងថា លោកមិនបានប្រព្រឹត្តបទឧក្រិដ្ឋដូចទៅនឹងការចោទប្រកាន់ទាំងនោះទេ ហើយបានពណ៌នាអំពីទុក្ខលំបាកក្នុងជីវិតរបស់ពួកគេ ចាប់តាំងពីលោក Tomeu Vadell ត្រូវបានចាប់ខ្លួនមក។
នាង Cristina Vadell ជាកូនស្រីរបស់លោក Tomeu Vadell បានថ្លែងថា៖
«វាប្រៀបបានដូចជា គេបានយកអ្វីមួយចេញពីខ្លួនរបស់អ្នកអ៊ីចឹងដែរ ដោយសារតែរាល់ពេលបុណ្យ Christmas រាល់ពេលបុណ្យចូលឆ្នាំថ្មី និងរាល់ពេលមានពិធីពិសេសផ្សេងៗ យើងតែងតែជួបជុំគ្នា។ គ្រប់ឱកាសទាំងនោះ គាត់ជាអ្នកធ្វើម្ហូប គាត់ចូលចិត្តធ្វើម្ហូបខ្លាំងណាស់។ ចាប់តាំងពីអវត្តមានរបស់គាត់មក អ្វីៗគឺមិនដូចពេលមុនទេ»។
ពលរដ្ឋនៅសហគមន៍ក្នុងទីក្រុង Lake Chales ក៏នឹកដល់នាយកប្រតិបត្តិរូបនេះដែរ។
លោក Tomeu Vadell ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមកីឡាវាយកូនបាល់ baseball ធ្វើការងារស្ម័គ្រចិត្ត និងចូលរួមគ្រប់ពិធីវប្បធម៌ទាំងអស់នៅក្នុងទីក្រុង Lake Chales នេះ ។
អ្នកស្រី Denise Vadell ជាភរិយារបស់លោក Tomeu Vadell ថ្លែងថា៖
«យើងមានអារម្មណ៍ថា បានទទួលការគាំទ្រពីសហគមន៍ និងពីមិត្តភក្តិ។ នេះវាជាអារម្មណ៍ល្អ ហើយយើងសង្ឃឹមថា ថាមពលវិជ្ជមាននេះ នឹងផ្តល់កម្លាំងចិត្តដល់ Tomeu និងសហការីរបស់គាត់ដែរ»។
កាលពីពេលថ្មីៗនេះ ពលរដ្ឋរស់នៅក្នុងទីក្រុង Lake Chales បានរៀបចំពិធី ស្មឹងស្មាធមួយ សម្រាប់លោក Tomeu Vadell និងនាយកប្រតិបត្តិនៃក្រុមហ៊ុន CITGO ដទៃទៀតដែលកំពុងជាប់ឃុំ។
នាង Cristina Vadell ថ្លែងទៀតថា៖
«អស់រយៈពេល២ឆ្នាំហើយតាំងពីគាត់ត្រូវបានចាប់ខ្លួន។ លោកជាមនុស្សគ្មានកំហុសដែលមិនទទួលបានសិទ្ធិ និងនីតិវិធីតុលាការត្រឹមត្រូវ។ ដល់ពេលដែលត្រូវដោះលែងគាត់ហើយ»។
ពលរដ្ឋនៅទីក្រុង Lake Chales បានដឹងរឿងជាច្រើនបន្ថែមទៀតអំពីប្រទេសវ៉េណេស៊ុយអេឡា តាំងពីលោក Vadell ត្រូវបានចាប់ខ្លួនមក។
អ្នកស្រី Mandy McCall ជាពលរដ្ឋម្នាក់រស់នៅក្នុងទីក្រុង Lake Chales។ អ្នកស្រីថ្លែងថា៖
«រឿងនេះ ធ្វើឲ្យគេដឹងច្រើនអំពីអ្វីៗដែលកំពុងកើតឡើងនៅប្រទេស វ៉េណេស៊ុយអេឡា និងការពិតជាក់ស្តែងអំពីស្ថានភាពរស់នៅនាពេលបច្ចុប្បន្នរបស់ពលរដ្ឋនៃប្រទេសនោះ ហើយនិងរឿងរ៉ាវផ្សេងៗដែលពួកគេបានឆ្លងកាត់។ ខ្ញុំគិតថា វាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីស្ថានការណ៍ទាំងអស់នេះ»។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានទាមទារឲ្យមានការដោះលែងនាយកប្រតិបត្តិនៃក្រុមហ៊ុនCITGO ទាំងនោះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក្រុមមេធាវីរបស់លោក Vadell និយាយថា ករណីរបស់លោក ត្រូវបានជាប់គាំងដោយសារការប្រជែងអំណាចនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់