កាលពីថ្ងៃសៅរ៍ ក្រុមមេដឹកនាំនៃកោះតៃវ៉ាន់ និងប្រទេសចិនបានចាប់ដៃគ្នាជាប្រវត្តិសាស្ត្រ នៅមុនការចាប់ផ្តើមកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសសិង្ហបុរីដែលជាជំនួបទល់មុខគ្នាជាលើកទីមួយរវាងភាគីទាំងពីរចាប់តាំងពីឆ្នាំ១៩៤៩មក។
លោក Ma Ying-jeou ប្រធានាធិបតីកោះតៃវ៉ាន់ និងលោកប្រធានាធិបតីចិន Xi Jinping បានញញឹម និងបានគ្រវីដៃដាក់ក្រុមអ្នកសារព័ត៌មានមួយក្រុមហើយបន្ទាប់មកអស់លោកបានចាប់ផ្តើមកិច្ចប្រជុំរបស់អស់លោក។
លោក Xi បានមានប្រសាសន៍នៅពេលបើកកិច្ចប្រជុំកំពូលនេះថា «គ្មានកម្លាំងអ្វីអាចទាញបំបែកយើងបានទេ។ យើងជាគ្រួសារតែមួយ»។
លោក Ma បានមានប្រសាសន៍ថា «ទោះណានេះជាកិច្ចប្រជុំលើកទីមួយក៏ដោយ ក៏យើងមានអារម្មណ៍ដូចជាមិត្តភក្តិនឹងគ្នាយូរមកហើយ»។ លោកបាននិយាយថា លោកប្តេជ្ញាធ្វើឲ្យសន្តិភាពនៅទូទាំងកោះតៃវ៉ាន់ ដោយលោកបានថ្លែងបន្ថែមថា «ភាគីទាំងពីរគួរគោរពសេចក្តីថ្លៃថ្នូរ និងរបៀបរស់នៅរបស់ភាគីនីមួយៗ»។
អាជ្ញាធរក្នុងប្រទេសចិនបានទស្សន៍ទាយថា កិច្ចប្រជុំកំពូលនេះនឹងក្លាយជា«ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ធំមួយ» នៅក្នុងការវិវត្តនៃការចំណងទាក់ទងគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
នៅក្នុងកោះតៃវ៉ាន់ ក្រុមបាតុករខឹងសម្បារ និងបានប្រឹងប្រែងឆ្មក់ចូលក្នុងអាគារសភាក្នុងក្រុង Taipei នៅពេលដែលលោក Ma ធ្វើដំណើរចាកចេញទៅកាន់ការប្រជុំនេះ។ ក្រុមប៉ូលិសបានបញ្ឈប់ពួកគេ ក៏ប៉ុន្តែគ្មានការចាប់ខ្លួនក្រុមបាតុករទេ។ ក្រុមបាតុករក៏បានប្រមូលផ្តុំគ្នាទៀតនៅឯព្រលានយន្តហោះក្រុង Taipei នៅពេលលោក Ma និយាយទៅកាន់ក្រុមអ្នកកាសែតនៅមុនពេលចាកចេញដំណើរទៅកាន់កិច្ចប្រជុំនេះ៕