ប្រទេសស្លូវេនី ក្រូអាស៊ី និងប្រទេសស៊ែរប៊ី និយាយថាពួកគេលែងអនុញ្ញាតឲ្យជនចំណាកស្រុក ដែលគ្មានបំណងដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន ឲ្យឆ្លងកាត់ព្រំដែនរបស់ពួកគេតទៅទៀតហើយ ដោយបានបិទជាស្ថាពរ ផ្លូវមួយដែលគេហៅថា «ផ្លូវបាល់កង់» ដែលជនចំណាកស្រុកជាច្រើន បានប្រើប្រាស់ ដើម្បីឆ្ពោះទៅកាន់ប្រទេសដែលមានជីវភាពធូរធារជាង នៅក្នុងទ្វីបអឺរ៉ុបខាងលិច។
ប្រទេសស្លូវេនីបានប្រកាសថា ខ្លួនបានចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីនេះកាលពីពាក់កណ្តាលយប់ថ្ងៃអង្គារ។ ចំនែកឯក្រូអាស៊ីនិងប្រទេសស៊ែរប៊ីវិញ និយាយថាប្រទេសទាំងពីរក៏ធ្វើដូចគ្នាដែរ។
វិធានការរបស់ប្រទេសស្លូវេនី គឺស្របនឹងក្រិត្យច្បាប់មួយ ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចស៊ែលកាលពីថ្ងៃច័ន្ទ ដែលបានកំណត់ថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវតែងាកទៅអនុវត្តកិច្ចព្រមព្រៀង Schengen ស្តីពីការបើកព្រំដែន ដែលបានកំណត់ថា ប្រទេសជាតិទាំងនេះ អាចហាមប្រាមជនចំណាកស្រុក មិនឲ្យចូលទៅក្នុងប្រទេសខ្លួនបាន បើជនទាំងនោះមិនមានបំណងស្នើសុំសិទ្ធិជ្រកកោនក្នុងប្រទេសទាំងនោះទេ។
ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍ថា ជនចំណាកស្រុកប្រមាណ ៤៧៨.០០០នាក់ ត្រូវគេជឿថាបានចូលទៅក្នុងប្រទេសស្លូវេនីក្នុងដំណើរឆ្ពោះទៅទិសខាងលិចរបស់ពួកគេ ប៉ុន្តែមានតែ៤៦០នាក់ប៉ុណ្ណោះ បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសនោះ៕