លោកស្រី Gladys Berejiklian ដែលជារដ្ឋមន្រ្តីទី១នៃរដ្ឋ New South Wales បានស្តីបន្ទោសរដ្ឋាភិបាលសហព័ន្ធអូស្រា្តលីដែលគ្មានសមត្ថភាពដោះស្រាយបញ្ហាអន្តោប្រវេសន៍បាន។
លោកស្រី Gladys Berejiklian គឺជាកូនស្រីរបស់ជនចំណាកស្រុកអាមរិកាំងប៉ុន្តែលោកស្រីនិយាយថាប្រទេសអូស្តា្រលីកំពុងបើកទ្វារទទួលយកពួកអ្នកតាំងទីលំនៅថ្មីច្រើនពេក។ លោកស្រីនិយាយបន្តថា លោកស្រីគឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះវប្បធម៌ចម្រុះនៅក្នុងប្រទេសដែលជាងមួយភាគបួននៃចំនួនប្រជាពលរដ្ឋគឺជាអ្នកកើតនៅក្រៅប្រទេសប៉ុន្តែលោកស្រីក៏បានបញ្ជាក់ដែរថា ចំនួនជនអន្តោប្រវេសន៍ដែលធ្វើដំណើរមកក្នុងរដ្ឋ New South Wales បានកើនឡើងជាងពីរដងក្នុងរយៈពេលមួយទសវត្សរ៍នេះ។ លោកស្រីចង់កាត់បន្ថយពាក់កណ្តាលនៃចំនួននេះ។
លោកស្រីរដ្ឋមន្រ្តីទី១បានទទូចថាចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់នេះបង្កអស្ថិរភាព និងបង្កឲ្យមានភាពកកកុញនៅតាមផ្លូវមន្ទីពេទ្យ និងសាលារៀននៅក្នុងរដ្ឋ ដែលជាការមិនអាចទប់ទប់បាន។
លោកស្រី Berejiklian បាននិយាយថា៖
«អ្វីដែលខ្ញុំបាននិយាយគឺថា យើងចាំបាច់ត្រូវកាត់បន្ថយចំនួនជនចំណាកស្រុក។ យើងចាំបាច់ត្រូវពិនិត្យមើលចំនួននេះ។ ចំនួនជនចំណាកស្រុកបានកើនឡើងពី ៤៥.០០០នាក់កាលពី១០ឆ្នាំមុនទៅ ១០០.000នាក់នាពេលបច្ចុប្បន្ន។ យើងទទួលយកជនចំណាកស្រុកប្រហែល១០០.០០០នាក់ចូលក្នុងរដ្ឋ New South Wales ជារៀងរាល់ឆ្នាំ។ ខ្ញុំសើ្នឲ្យកាត់បន្ថយចំនួននេះ។ យើងត្រូវការខ្យល់ដកដង្ហើម។ រដ្ឋនានាមិនដែលមានសិទ្ធិសម្រេចអំពីគោលនយោបាយជនអន្តោប្រវេសន៍ ឬចំនួនពលរដ្ឋនៅក្នុងរដ្ឋទេ។ ខ្ញុំគិតថារឿងនេះត្រូវកែប្រែ»។
កាលពីដើមឆ្នាំនេះចំនួនប្រជាជនរស់នៅក្នុងប្រទេសអូស្រា្តលីបានកើនឡើងដល់២៥លាននាក់ជាលើកទីមួយ។ មានការខ្វែងគំនិតគ្នាក្នុងការជជែកដេញដោលអំពីបញ្ហានេះ។ មានការលើកឡើងដោយសារតែការកកស្ទះនៅតាមទីក្រុងធំៗ និងការឡើងថ្លៃផ្ទះខ្លាំងគេគួរកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។ ហើយក៏មានការលើកឡើងដែរថាពួកជនអន្តោប្រវេសន៍ជាអ្នកជួយឲ្យសេដ្ឋកិច្ចប្រទេសលូតលាស់ឡើងវិញ។
ចំនួនប្រជាជនកំពុងកើនឡើងជាមធ្យមម្នាក់រៀងរាល់៨៣វិនាទីម្តង។ ពួកជនចំណាកស្រុកថ្មីៗភាគច្រើនមកពីឥណ្ឌានិងចិន។
ការព្យាករណ៍ផ្លូវការចុងក្រោយបំផុតបង្ហាញថាចំនួនប្រជាជនក្នុងប្រទេសអូស្រា្តលីនឹងកើនឡើងដល់ជិត៥០លាននាក់ក្នុងរយៈពេល ៤០ឆ្នាំខាងមុខនេះ។
ផ្នែកសំខាន់មួយផ្សេងទៀតនៃគោលនយោបាយអន្តោប្រវេសន៍អូស្រា្តលីគឺបញ្ហាជនភៀសខ្លួន។ ជនចំណាកស្រុកគ្មានក្រដាសស្នាមដែលធ្វើដំណើរតាមទូកត្រូវបានឃាត់ខ្លួននៅក្នុងជំរំនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វីក។
ជំរំជនភៀសខ្លួនក្នុងប្រទេសប៉ាពូនូហ្គីណេដែលឧបត្ថម្ភដោយប្រទេសអូស្ត្រាលីបានបិទទ្វារកាលពីឆ្នាំមុន ប៉ុន្តែពួកអ្នកសុំសិទ្ធិជ្រកកោននិងជនភៀសខ្លួនកំពុងជាប់នៅលើកោះ Nauru ដែលជាកោះតូចមួយ។
ពួកគេគ្មានសង្ឃឹមថានឹងអាចជ្រកកោនក្នុងប្រទេសអូស្រ្តាលីបានទេ ដោយសារតែច្បាប់តឹងតែងមួយដែលរដ្ឋាភិបាលក្រុងកង់បេរ៉ាទទូចថាជាច្បាប់ការពារដែនសមុទ្ររបស់ប្រទេស។ ទោះជាយ៉ាងណាក្តីពួកអ្នករិះគន់បានលើកឡើងថាការចាប់ឃុំខ្លួនមនុស្សនៅតាមច្រាំងសមុទ្រគឺជាអំពើឃោឃៅ និងអមនុស្សធម៌បំផុត៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា