បន្ទាប់ពីបានបញ្ចប់ការសាកសួរអស់រយៈពេលពីរថ្ងៃ តុលាការខេត្តក្រចេះបានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទចំនួនបីនាក់ដើម្បីរងចាំជំនុំជម្រះទោសពីបទសង្ស័យថា បានបាញ់សម្លាប់អ្នកកាសែតកាលពីថ្ងៃអាទិត្យ។
វីអូអេបានព្យាយាមទាក់ទងលោករស់ សាមឌី ចៅក្រមស៊ើបសួរនៃតុលាការខេត្តក្រចេះដើម្បីស្នើសុំសេចក្តីអត្ថាធិប្បាយ តែមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទរបស់លោកត្រូវបានបិទ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង ធុច បច្ចសន្តិភាពបានមានប្រសាសន៍ថា លោកចៅក្រមបានចេញដីកាសម្រេចឃុំខ្លួន ហើយអនុរក្សពន្ធនាគារបញ្ជូនជនជាប់ចោទទាំងបីនាក់ទៅឃុំឃាំងជាបណ្តោះអាសន្នហើយដើម្បីរងចាំការកាត់ទោស។
លោកបាននិយាយថា៖ «ឃុំហើយ កុំបាច់ឆ្ងល់ធ្វើអ្វី។ បទល្មើសឧក្រិដ្ឋ គេមិនដែលមិនឃុំបណ្តោះអាសន្នទេ។ គេនឹងស៊ើបអង្កេតឃុំហើយដើម្បីមើលភស្តុតាងហ្នឹង វាមានដាក់បន្ទុកឬដកបន្ទុកអ្វី បានគេដោះតាមក្រោយ»។
លោកតាំង ទ្រី អាយុ៤៨ឆ្នាំ ជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យនិងជាអ្នកយកព័តមានឲ្យកាសែតក្នុងស្រុកមួយឈ្មោះវាលឥន្ទ្រី ត្រូវបានជនដៃដល់បាញ់ដោយកាំភ្លើងខ្លីមួយគ្រាប់ចំថ្ងាស បណ្តាលឲ្យស្លាប់ភ្លាមៗកាលពីថ្ងៃអាទិត្យ។
ប៉ុន្មានម៉ោងក្រោយពីមានការបាញ់សម្លាប់លោកតាំង ទ្រី ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ មានឈ្មោះឡា ណារ៉ុង អាយុ៣២ឆ្នាំ ជាអតីតមន្ត្រីយោធាខេត្តមណ្ឌលគីរី ឈ្មោះខឹម ភក្តី អាយុ២៧ឆ្នាំមន្ត្រីកងរាជអាវុធហត្ថក្នុងទីក្រុងភ្នំពេញផ្នែកអន្តរាគមន៍ដែលជាម្ចាស់កាំភ្លើងខ្លី និងជនសង្ស័យទី៣ឈ្មោះពិន ហ៊ាង អាយុ៣១ឆ្នាំ។
ក្រោយមក តុលាការចោទប្រកាន់ថា លោកឡា ណារ៉ុងត្រូវបានចោទប្រកាន់ពីបទឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ ខឹម ភក្តីត្រូវបានចោទប្រកាន់ពីបទផ្សំគំនិតក្នុងអំពើឃាតកម្ម ការប្រើប្រាស់អាវុធខុសច្បាប់ និងធ្វេសប្រហែសក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ ចំណែកឯលោកពិន ហ៊ាង ត្រូវបានចោទពីបទប្រើប្រាស់អាវុធខុសច្បាប់និងពីបទមិនប្តឹងបរិហារបទឧក្រិដ្ឋ បទមជ្ឈឹមដោយអ្នករាជការសារធារណៈជាអាទិ។
លោក សុខ សុវណ្ណ ប្រធានសមាគមសារព័តមានខ្មែរអ្នកប្រជាធិបតេយ្យ មានប្រសាសន៍ថា ការឃុំខ្លួនជនជាប់ចោទទាំងបីនាក់គឺជារឿងត្រឹមត្រូវ។
លោកនិយាយថា៖ «ខ្ញុំគិតថា ទោសហ្នឹងគួរតែដាក់ឲ្យគាត់ធ្ងន់បន្តិចទៅ ពីព្រោះគាត់មានចេតនាសម្លាប់ពិតប្រាកដ មិនមែនជាការសម្លាប់ដោយអចេតនាទេ។ បើយើងមើលឃើញដំណើររឿងមក រហូតដល់គាត់បើករថយន្តត្រឡប់ទៅវិញគឺមានបំណងសម្លាប់តែម្តង»។
ការបាញ់សម្លាប់លោកតាំង ទ្រី អ្នកយកព័ត៌មានឲ្យកាសែតវាលឥន្ទ្រីគឺជាឃាតកម្មបាញ់សម្លាប់អ្នកកាសែតទី១៣ហើយចាប់តាំងពីក្នុងអំឡុងទសវត្សទី១៩៩០មក។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធនេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបាញ់សម្លាប់លោកតាំង ទ្រីនេះ។
លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ឃាតកម្មទៅលើអ្នកកាសែតជាអំពើមួយដែលយើងថ្កោលទោស ហើយវាជាសញ្ញាគំរាមកំហែងដល់សេរីភាពរបស់អ្នកសារព័ត៌មាន។
លោកស្រីមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា អ្នកកាសែតដទៃទៀតដែលបានបាត់បង់ជីវិតកន្លងមកនឹងត្រូវបានរដ្ឋាភិបាលសើររើនិងស៊ើបអង្កេតដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ៕