មន្ត្រីអេហ្ស៊ីបនិយាយថា មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ និង៥នាក់ទៀតរបួសនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពីការវាយប្រហារដោយការបោកគ្រាប់បែកកែច្នៃនៅក្លឹបរាត្រីមួយកន្លែងក្នុងរដ្ឋធានីគែរ (Cairo)។ គេនៅមិនទាន់ដឹងពីមូលហេតុនៃការវាយប្រហារដែលកើតឡើងនៅក្នុងតំបន់ Agouza នោះនៅឡើយទេ។
មន្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកវាយប្រហារគឺជាបុគ្គលិកនៅក្លឹបរាត្រីនោះ ដែលត្រូវបានបណ្ដេញចេញពីការងារកាលពីពេលថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អេស្ស៊ីបឈ្មោះ MENA បានស្រង់សម្តីមន្ត្រីម្នាក់ ដែលនិយាយថា បុរសបីនាក់ដែលជិះម៉ូតូបានគ្រវែងគ្រាប់បែកកែច្នៃធ្វើពីដបស្រាចូលទៅក្នុងក្លឹបរាត្រីនោះ ហើយក៏បើកម៉ូតូចេញទៅបាត់។
ក្រុមជ្រុលនិយមឥស្លាមបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ចាប់តាំងពីប្រធានាធិបតីឥស្លាមនិយមរបស់អេហ្ស៊ីប គឺលោក Mohamed Morsi ត្រូវបានទម្លាក់ពីតំណែងនៅឆ្នាំ២០១៣ ហើយត្រូវបានចាប់ខ្លួនដោយក្រុមយោធាមក។
ក្រុមសកម្មប្រយុទ្ធមួយ ដែលបានអះអាងពីភក្តីភាពរបស់ពួកគេចំពោះក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើន។
ក្រុមមន្ត្រីនិយាយថា ពួកគេបានតាមរកជនដៃដល់នៃការវាយប្រហារនៅក្លឹបរាត្រីនោះ៕