ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បើក​សវនាការ​លើ​ករណី​ហិង្សា​នៅ​ស្ពាន​ក្បាល​ថ្នល់


បាតុករ​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​ត្រូវ​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ជិត​ព្រះបរមរាជវាំង​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
បាតុករ​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​ត្រូវ​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ជិត​ព្រះបរមរាជវាំង​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​នៅ​លើ​ស្ពាន​ក្បាល​ថ្នល់​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ឆ្នាំ​២០១៣។​

ការ​បើក​សវនាការ​ជំនុំ​ជម្រះ​នេះ តុលាការ​បាន​សួរ​ដេញ​ដោល​ទៅ​លើ​ជនជាប់​ចោទ​ជាជន​រង​គ្រោះ​ចំនួន​៦​នាក់​តែ​ប៉ុណ្ណោះ។ ចំណែក​កង​កម្លាំង​មាន​សមត្ថកិច្ច​ដែល​បាន​បាញ់​ប្រហារ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​បាត់​បង់ជីវិត​តុលាការ​មិន​បាន​លើក​យក​មកចាត់ការ​ចំពោះ​សំណុំរឿង​នេះ​ទេ។​

សវនាការ​នេះ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ ដោយ​មាន​វត្តមាន​ជនជាប់​ចោទ​ចំនួន​៦​រូប ​មេធាវី​ការពារ​ក្តី​ជនរង​គ្រោះ​និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ជាតម្រួត​ការពារ​ចំនួន​៤២​នាក់​ដែល​តំណាង​ឱ្យ​ភាគី​ដើម​បណ្តឹង​សរុប​ចំនួន​៤៨​នាក់។​

បន្ទាប់​ពីបាន​បើក​សវនាការ​អស់​រយៈ​ពេល​មួយ​ព្រឹកលោក​ សេង នាង​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​មិន​ទាន់​បាន​ប្រកាស​សាលក្រម​ភ្លាមៗ​ទេ។ ​លោក​បាន​បញ្ជាក់​ប្រាប់​អង្គ​សវនាការ​ថា​សាល​ក្រម​នេះ​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២១​ខាង​មុខ​នេះ។​

ជនរង​គ្រោះ​ទាំង​៦នាក់​ត្រូវ​បាន​ក្រុម​សមត្ថកិច្ចកាល​ពី​យប់​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៣​បាន​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​ ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ​ដោយ​អំពើ​ហិង្សា​នៅ​លើ​ស្ពាន​ក្បាល​ថ្នល់។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឱ្យ​ដឹង​ថា​កម្មករ​សំណង់​ម្នាក់​ឈ្មោះ​ ម៉ៅ សុខ​ចាន់​អាយុ​២៩​ឆ្នាំ​បាន​ត្រូវ​គ្រាប់ចំក្បាល​ហើយ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​និងយ៉ាង​តិច​១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ចបាញ់​ឱ្យ​រង​របួស។​

សំណុំ​រឿង​នេះ​តុលាការ​មិន​បាន​កោះ​ហៅ​ជនដៃ​ដល់​ដែល​បាន​បាញ់​សម្លាប់​ជនរង​គ្រោះ​មក​ចាត់​ការ​ទេ​ក៏ប៉ុន្តែ​បែរជាចោទ​ប្រកាន់​ទៅ​លើជន​រង​គ្រោះ​ចំនួន​៦នាក់​ទៅ​វិញ​ពីបទ​«ហិង្សា​ដោយ​ចេតនា​ និង​ ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា»។​

ក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំង​៦នាក់​តុលាការ​ក្រុង​និង​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ចំនួន​៥​នាក់​និង​បន្ត​ឃុំ​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ ង្វៀង ធីឌឹក។​

នៅ​ក្នុង​បន្ទប់​សវនាការ​ជនជាប់​ចោទ​ទាំង​៦​នាក់​សុទ្ធ​តែ​បាន​បដិសេធ​ថា​មិន​បាន​គប់​ដុំថ្ម​ទៅ​លើ​កង​កម្លាំង​មាន​សមត្ថកិច្ច​ទេ។​

អ្នក​ខ្លះ​បាន​ប្រាប់​តុលាការ​ថា​ទៅ​រក​បង​ប្អូន​និង​មិត្តភក្តិ​ក៏ប៉ុន្តែ​បាន​ជាប់គាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​រហូត​ដល់​ភ័យ​ស្លន់​ស្លោ​រត់​ចូល​ពួន​ក្នុង​បន្ទប់​ទឹក​នៅ​ឯ​ស្ថានីយ៍​ប្រេង​សាំង​មួយ​ក្បែរ​កន្លែង​កើត​ហេតុ។​

លោក​ ឧត្តម​សេនីយ៍​ទោ​ សុខ ខេមរិន្ទ​ ប្រធាន​អង្គភាព​តម្រួត​បទ​បញ្ជា​របស់​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​ប្រាប់​តុលាការ​ថា​លោក​មិន​ស្គាល់​ជនជាប់​ចោទ​ទាំង​៦​នាក់​ទេ។​ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​មាន​ការ​គប់​ដុំ​ថ្ម​ និង​បាញ់​ចំពាម​កៅ​ស៊ូ​មក​លើ​កងកម្លាំង​មាន​សមត្ថកិច្ច​បណ្តាល​ឱ្យ​បាន​រង​របួស​ជា​ច្រើន​នាក់។​

ក៏ប៉ុន្តែ​ការ​បញ្ជាក់​របស់​កង​កម្លាំង​មាន​សម្ថកិច្ច​ត្រូវ​បាន​ជនជាប់​ចោទ​ម្នាក់​ឈ្នោះ​ ឯក ចាន់ធូ អាយុ​១៧​ឆ្នាំ​បាន​បដិសេធ​ថា​មិន​បាន​គប់​ដុំ​ថ្មទៅ​លើ​កងកម្លាំង​មាន​សមត្ថកិច្ច​ទេ។​

ឯក ចាន់ធូ​ ជា​សិស្ស​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​បឹង​ត្របែក​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​បញ្ចប់​សវនាការ​ថា ​«មិន​នៅ​ផ្ទាល់​ប៉ុន្មាន​ទេ​ពី​ព្រោះ​ខ្ញុំ​គ្រាន់​តែ​ឆ្លង​កាត់​គឺ​ខ្ញុំ​មិន​បាន​ទៅ​គប់​អ្វី​នឹង​គេ។ ​ខ្ញុំ​ស្នើ​សុំ​ដល់​ពួកគាត់​លើក​លែង​ការ​ចោទ​ប្រកាន់​ដល់​ពួក​ខ្ញុំ​ពី​ព្រោះ​អ្វី​ខ្ញុំ​នៅ​បន្តការ​សិក្សា​ហើយ​ខ្ញុំ​កំពុង​តែ​ប្រឡង»។​

លោក​ អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ដែល​បាន​ចូល​រួម​ស្តាប់​ក្នុង​អង្គសវនាការ​បាន​ឱ្យ​ដឹង​ថា​ជនជាប់​ចោទ​ទាំង​៦​នាក់​នេះ​មិន​មាន​ពាក់​ព័ន្ធ​នឹងបទល្មើស​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។​

លោក​បាន​បញ្ជាក់​ថា ​ពួកគេ​គ្រាន់​តែ​ឆ្លង​កាត់​ដោយ​ចៃដន្យ​រួច​ហើយ​បាន​ជួប​និង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ស្ពាន​ក្បាល​ថ្នល់​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖ «ហើយ​អ្វី​ដែល​ខ្ញុំ​សោក​ស្តាយ​មក​ដល់​ពេល​នេះ​ខ្ញុំ​គិត​ថា​អ្នក​ដែល​គ្រាន់​តែ​ដើរ​ឆ្លង​កាត់​ហេតុ​ការណ៍​ត្រូវ​បាន​គេ​ចាប់​ខ្លួន​យក​មក​កាត់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​អ្នក​ដែល​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ បាញ់​ឱ្យ​មនុស្ស​ស្លាប់​និង​រង​របួស​មក​ទល់​ពេល​នេះ​ទាំង​តុលាការ ​ទាំង​សមត្ថកិច្ច​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​អស់​ហ្នឹង​យក​មក​ផ្តន្ទាទោស​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​បាន​នៅ​ឡើយ​ទេ»។​

ការ​បើក​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​ជន​ជាប់​ចោទ​ទាំង​៦នាក់​នៅ​ស្ពាន​ក្បាល​ថ្នល់​បាន​កើត​ឡើង​ក្រោយ​ពេល​សាលា​ឧទ្ធរណ៍​កាល​ពី​សប្តាហ៍​មុន​បាន​បដិសេធ​បណ្តឹង​ស្នើ​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​តំណាង​សហជីព​និង​ក្រុម​កម្មករ​ចំនួន​២១​នាក់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​រោងចក្រ ​យ៉ាកជីង​និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា៕
XS
SM
MD
LG