ប្រទេសអេហ្ស៊ីប កេនយ៉ា នីហ្សេរីយ៉ា សេណេហ្គាល់ អាហ្វ្រិកខាងត្បូង និងទុយនីស៊ី គឺជាប្រទេសអាហ្វ្រិកដំបូងបង្អស់ដែលនឹងទទួលបានបច្ចេកវិទ្យាចាំបាច់សម្រាប់ផលិតវ៉ាក់សាំង mRNA ពីអង្គការសុខភាពពិភពលោក។
វ៉ាក់សាំងពីរដែលប្រើប្រាស់សម្រាប់បង្ការជំងឺកូវីដ១៩ គឺជាវ៉ាក់សាំង mRNA។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាសអំពីអំណោយនេះកាលពីថ្ងៃសុក្រ នៅក្នុងរដ្ឋធានីប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក ក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-សហភាពអាហ្វ្រិក។
លោក Tedros បានថ្លែងថា៖ «គ្មានហេតុការណ៍ណាដូចការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ទេ ដែលបានបង្ហាញថា ការពឹងផ្អែកលើក្រុមហ៊ុនមួយចំនួនដើម្បីផ្គត់ផ្គង់ទំនិញសាធារណៈជាសាកលនាំឲ្យមានកម្រិត និងមានគ្រោះថ្នាក់។
លោក Tedros បានថ្លែងទៀតថា៖ «ក្នុងរយៈពេលមធ្យមទៅរយៈពេលវែង មធ្យោបាយល្អបំផុតដើម្បីដោះស្រាយបញ្ហាសុខភាពជាបន្ទាន់ និងដើម្បីឲ្យបានទូទាំងពិភពលោក គឺត្រូវបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពនៃរាល់តំបន់ទាំងអស់ក្នុងការផលិតផលិតផលសុខភាពដែលពួកគេត្រូវការ ជាមួយនឹងការទទួលបានដោយសមធម៌នៅក្នុងប្រទេសរបស់ពួកគេ»។
ប្រជាជនជាង ៨០% នៅទ្វីបអាហ្វ្រិកនៅមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ១៩ដូសទីមួយនៅឡើយទេ។
លោក Tedros បានមានប្រសាសន៍ថា៖ «ភាគច្រើននៃវិសមភាពនេះកើតឡើងដោយសារ នៅទូទាំងពិភពលោក ការផលិតវ៉ាក់សាំងត្រូវបានធ្វើឡើងយ៉ាងច្រើនតែនៅតាមបណ្ដាប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួនតែប៉ុណ្ណោះ»។
ស្របពេលជាមួយគ្នានេះដែរ កាសែត The Washington Post បានរាយការណ៍ថា ខ្លួនទទួលបានឯកសារមួយ ដែលនិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងបង្កើនថវិកា ជាង ២៥០ លានដុល្លារសម្រាប់ឲ្យប្រទេសអាហ្វ្រិកចំនួន ១១ ក្នុងយុទ្ធនាការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕