សន្និសីទមួយកាលពីថ្ងៃអង្គារដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលប្រទេសហៃទី បានសន្យាផ្តល់ថវិកាប្រមាណ៦០០លានដុល្លារដើម្បីជួយប្រទេសហៃទីស្តារឡើងវិញពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកាលពីឆ្នាំទៅ។
ការសន្យានេះ រួមមានថវិកា៥០លានដុល្លារពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឃន៍អន្តរជាតិ ដែលផ្តោតទៅលើវិស័យសន្តិសុខស្បៀងអាហារ ការងារកសិកម្ម កម្មវិធីអាហារូបត្ថម្ភ និងការអប់រំហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុប បានបន្ថែមប្រាក់ជាង៣០លានដុល្លារ ហើយប្រទេសកាណាដាសន្យាផ្តល់ជំនួយប្រមាណជិត២០លានដុល្លារផងដែរ។
ប្រទេសហៃទី បានបង្ហាញនូវកម្មវិធីស្តារឡើងវិញដែលមានទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ បន្ទាប់ពីខ្លួនបានជួបគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលមានកម្រិត៧,២ កាលពីឆ្នាំទៅ ដែលបានសម្លាប់មនុស្សប្រមាណ២.២០០នាក់ និងធ្វើឲ្យខូចខាតផ្ទះសម្បែងជាង១សែន៣ម៉ឺនខ្នងនោះ។
គ្រោះរញ្ជួយដីនេះ ក៏ធ្វើឲ្យមហន្តរាយដល់ប្រព័ន្ធអប់រំនៅក្នុងប្រទេសនេះ ដោយបានបំផ្លាញសាលារៀនប្រមាណ៧០% ។
នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បាននិយាយថា «រដ្ឋាភិបាលហៃទី កំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន»។
លោកស្រី Amina Mohammed អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ បាននិយាយថា ទំហំទឹកប្រាក់សម្រាប់ការស្តារប្រទេសហៃទីឡើងវិញនេះ «ធំខ្លាំងណាស់» ប៉ុន្តែប្រជាជនហៃទី គួរមានអនាគតមួយប្រកបដោយវិបុលភាព សន្តិភាព និងស្ថិរភាព»។
លោកស្រីបន្ថែមទៀតថា«យើងដឹងថា ថវិកាជំនួយនេះ គឺជាសម្ពាធមួយក្នុងពិភពលោក។ យើងក៏ដឹងផងដែរថា ម្ចាស់ប្រទេសផ្តល់ជំនួយក៏ជួបការលំបាកផងដែរ ហើយយើងបានដឹងនិងឮច្បាស់ពីកង្វល់នៃលទ្ធផលផ្តល់ជំនួយទៅឲ្យប្រទេសហៃទី។ ប៉ុន្តែ នេះមិនមែនជាពេលវេលា ដែលយើងត្រូវបោះបង់ហៃទីចោលទេ»៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Pressនិង Reuters។