ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តារា​ចម្រៀង​លើក​ឡើង​ពី​តម្រូវ​ការ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នៅ​តំបន់​ក្រីក្រ​បំផុត​នៃ​ពិភព​លោក


លោក ​Raghav Mathur​ ជាតារា​ចម្រៀង​ជនជាតិ​កាណាដា​ សញ្ជាតិ​ឥណ្ឌា។
លោក ​Raghav Mathur​ ជាតារា​ចម្រៀង​ជនជាតិ​កាណាដា​ សញ្ជាតិ​ឥណ្ឌា។

លោក ​Raghav Mathur​ តារា​ចម្រៀង​ជនជាតិ​កាណាដា​ សញ្ជាតិ​ឥណ្ឌា​ រៀបរាប់​ពី​ចម្រៀង​របស់​គាត់​ថា​ជា​ចម្រៀង​ប៉ុប​មួយ​បទ​ដែល​មិន​បារម្ភ​ពី​ការ​រិះគន់​អ្វី​នោះ​ទេ។ នា​ពេល​ថ្មីៗ​នេះ​ បទ​ចម្រៀង​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា «រហូត​ដល់​ព្រះ​អាទិត្យ​រះ» ឬ​ជា​ភាសា​អង់គ្លេស​ថា​ «Until​ the​ Sun​ Comes​ Up» ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​តម្រូវ​ការ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ពិសេស​ក្នុង​ទ្វីប​អាហ្រ្វិក។

ប្រសិន​បើ​អ្នក​បាន​ស្ដាប់​ពាក្យ​ពេចន៍​នៃ​បទ​ចម្រៀង​ «រហូត​ដល់​ព្រះ​អាទិត្យ​រះ» ​របស់​តារា​ចម្រៀង​ Raghav​ ដែល​ជា​ជនជាតិ​កាណាដា​រួប​នេះ​ លោក​អ្នក​អាច​គិត​ថា ​វា​គ្រាន់​តែ​ជា​បទ​ភ្លេង​ប៉ុប​ដែល​មាន​លក្ខណៈ​រាំ​រែក​មួយ​បទ​ធម្មតា​ប៉ុណ្ណោះ។ លោក​អ្នក​នឹង​មិន​នឹក​ស្មាន​ដល់​ថា​ វា​កំពុង​ជួយ​ផ្លាស់​ប្តូរ​ជីវិត​របស់​កុមារ​នៅ​ក្នុង​ភូមិ​តូច​មួយ​នៅ​ទ្វីប​អាហ្រ្វិក​នោះ​ទេ។

លោក​ Raghav​ បាន​និយាយ​ថា​ ពេល​គាត់​ដឹង​ថា​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​ច្រើន​ជាង​១.០០០លាន​នាក់​ ដែល​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដោយ​គ្មាន​អគ្គិសនី​ គាត់​ចង់​ជួយ​មនុស្ស​ទាំង​នោះ។​ លោក​បាន​លើក​ឡើង​ថា៖

«មាន​មនុស្ស​១.៣០០​លាន​នាក់​ដែល​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ ដូច្នេះ​នៅ​ពេល​ដែល​ខ្ញុំ​លើក​ឡើង​ពី​ចំនួន​នោះ​ មនុស្ស​ទូទៅ​យល់​ថា អ្វី​ដែល​ខ្ញុំ​និយាយ​ជា​ចំនួន​មនុស្ស​ខ្ទង់​លាន​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ពិត​ទៅ​ គឺ​មាន​មនុស្ស​មួយ​ភាគ​ប្រាំ​មួយ​នៅ​លើ​ភព​ផែន​ដី​យើង​នេះ​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ទាល់​តែ​សោះ។ ទាល់​តែ​លោក​អ្នក​ទៅ​ទីនោះ​ ហើយ​ធ្វើ​អ្វី​មួយ​លើស​ពី​ការ​ដើរ​លេង​ធម្មតា​ នោះ​ទើប​លោក​អ្នក​អាច​ជួប​ប្រទះ​ ឬ​ស្ដាប់​រឿង​រ៉ាវ​ផ្សេងៗ​ និង​បទ​ពិសោធន៍​អវិជ្ជមាន​ដែល​កើត​ឡើង​ដោយ​សារ​ការ​ប្រើប្រាស់​ប្រេង​កាត​ នៅ​ពេល​នោះហើយ​ដែល​លោក​អ្នក​ពិត​ជា​អាច​យល់​ពី​ផល​ប៉ះពាល់​របស់​វា​បាន​ទាំង​ស្រុង»។

ដូច្នេះ​ហើយ​ លោក​បាន​ចាប់​ដៃ​គូ​ជាមួយ​នឹង​អង្គការ​ SolarAid​ ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មួយ​ ដែលប្តេជ្ញា​ថា​នឹង​លុបបំបាត់​ចង្កៀង​ប្រេងកាត​ ហើយ​និង​ចែក​ជូន​អំពូល​ភ្លើង​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ចំនួន​៣២០​ ដល់​កុមារ​ក្នុង​វ័យ​សិក្សា​នៅ​ក្នុង​ប្រទេស​តង់សានី (Tanzania)។

លោក​ Raghav​ បាន​និយាយ​ថា​ លោក​ទទួល​បាន​គំនិត​នេះ​ តាមរយៈ​ការ​មើល​វីដេអូ​ចាស់​មួយ​នៅ​លើ​ គេហទំព័រ​ YouTube។

«ពួកគេ​បាន​យក​ទឹក​មួយ​ធុង​ ហើយ​យក​វា​ទៅ​ដាក់​ក្នុង​ភូមិ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ បង់ក្លាដែស​ ឬ​កន្លែង​ណា​មួយ​ដែល​ជា​ភូមិ​ក្រីក្រ​ ហើយ​បន្ទាប់​មក​ ពួកគេ​បាន​ដាក់​អំពូល​មួយ​ចូល​ទៅ​ក្នុង​ធុង​នោះ។ មនុស្ស​ដំបូង​មួយ​ចំនួន​ បាន​សម្លឹង​មើល​ទៅ​អំពូល​ភ្លើង​នោះ​ ហើយ​សួរ​ថា​ តើ​វត្ថុ​អ្វី​ត្រូវ​គេ​ដាក់​នៅ​ទីនេះ? ហើយ​នៅ​ក្នុង​វីដេអូ​ YouTube​ នោះ​ទាំងស្រុង​ អ្នក​ឃើញ​មនុស្ស​ចាប់​ផ្តើម​ដើរ​ទៅ​កាន់​អំពូល​ភ្លើង​នៅ​ក្នុង​ធុង​នោះ​ និង​លេង​ជា​មួយ​វា​ដោយ​ក្តី​សេចក្ដី​សប្បាយ​រីករាយ​ដែល​កើត​ចេញ​ពី​ការ​លេង​អំពូល​នោះ។ ខ្ញុំ​គិត​ថា ​វា​គឺជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្ហាញ​ពី​ភាព​រីករាយ​ ប្រសិន​បើ​យើង​អាច​ដាក់​បញ្ចូល​ខ្លឹមសារ​នេះ​ចូល​ទៅ​ក្នុង​បទ​ចម្រៀង​ប៉ុប​មួយ​បទ»។

លោក​ Raghav​ បាន​សហការ​ជា​មួយ​លោក​ Nelly​ ដែល​ជា​តារា​ចម្រៀង​ Rap​ និង​លោក​ Abhishek​ Bachchan​ ដែល​ជា​តារា​បូលីវូដ​ ហើយ​ពួកគេ​បាន​ថត​ពី​ប្រតិកម្ម​របស់​កូន​សិស្ស​នៅ​ពេល​ដែល​ពួកគេទទួល​បាន​អំពូល​ភ្លើង​នោះ។ តារា​ចម្រៀង​រូប​នេះ​បាន​អះអាង​ថា​ ភាព​រីករាយ​ដែល​យើង​ឃើញ​នៅ​ក្នុង​វីដេអូ​នោះ​ គឺ​ជា​ការ​ពិត​ដោយ​គ្មាន​ការ​រៀប​ចំ​ទុក​ ឬ​ការ​បង្រៀន​ឲ្យ​ធ្វើ​បែប​នោះ​ឡើយ។

«គំនិត​របស់​ប្រជាជន​ទាំង​នោះ​គឺ​ថា​ នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ ឬ​នៅ​ក្នុង​សាលា​រៀន​ ​គេ​ត្រូវ​ប្រើប្រាស់​ប្រេង​កាត។ ហើយ​នៅ​ពេល​ដែល​ព្រះ​អាទិត្យ​លិច​បាត់​ទៅ​ នោះ​ហើយ​ជា​ចំណុច​សំខាន់​បំផុត​នៃ​វីដេអូ​នេះ។ ពួកគេ​ហាក់​ដូចជា​បាន​ចាប់​ផ្តើម​ជប់លៀង​រំា​លេង​យ៉ាង​សប្បាយ​អញ្ចឹង។ ផ្នែក​នេះ​មិន​ត្រូវ​បាន​តាក់​តែង​ឡើង​ដើម្បី​ថត​វីដេអូ​បទ​ចម្រៀង​នោះ​ទេ។ គឺ​ពួកគេ​កំពុង​រាំ​លេង​យ៉ាង​សប្បាយ​អស្ចារ្យ​ពិត​ប្រាកដ​មែន»។

អំពូល​ភ្លើង​នេះ​នឹង​ជួយ​កូន​សិស្ស​ឲ្យ​សិក្សា​បាន​ប្រមាណ​ជាង​៣៧៥.០០០ម៉ោង​ ហើយ​អាច​ជួយ​សន្សំ​ប្រាក់​របស់​ឪពុក​ម្តាយ​របស់​ពួកគេ​បាន​ជិត​៦០.០០០ដុល្លារ​ ដែល​ប្រាក់​នេះ​នឹង​ត្រូវ​បាន​ចំណាយ​លើ​ប្រេងកាត​ និង​ទៀន​សម្រាប់​ឲ្យ​ពួកគេ​រៀន​សូត្រ​បើ​សិន​ជា​គ្មាន​អំពូល​ភ្លើង​នេះ​ទេ។ លោក​ Raghav ​បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា​ វីដេអូ​នេះ​នឹង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​តម្រូវ​ការ​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​ពិសេស​នៅ​ក្នុង​អនុ​តំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក។

លោក Raghave បាន​និយាយ​ថា៖ «មនុស្ស​៦០០​លាន​នាក់​ក្នុង​ចំណោម​មនុស្ស១.៣០០លាន​នាក់​ ដែល​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ គឺ​ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។ ជាក់ស្តែង​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​យ៉ាង​ច្រើន​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​ខ្ញុំ​នឹក​ស្រមៃ​ថា​ កន្លែង​នៅ​សល់​ដទៃ​ទៀត​ដែល​គ្មាន​ថាមពល​អគ្គិសនី​ទាំង​អស់​គឺ​ស្ថិត​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ បង់ក្លាដែស​ បាគីស្ថាន​ និង​ស្រីលង្កា។ ប៉ុន្ដែ​ករណី​នៅ​ទ្វីប​អាហ្វ្រិក​គឺ​វា​មាន​លក្ខណៈ​គួរ​ឲ្យ​អស់​សំណើច​មួយ​ ដោយសារ​តែ​ប្រជាជន​ទូទៅ​ហាក់​ដូច​ជា​មិន​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ទីនោះ​ទេ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ យើង​អាច​ផ្លាស់​ប្តូរ​ស្ថានភាពបែប​នេះ​បាន»។

តារា​ចម្រៀង​ជនជាតិ​កាណាដា​វ័យ​៣៤ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​ លោក​សង្ឃឹម​ថា​ បទ​ចម្រៀង​ និង​វីដេអូ​របស់​លោក​នឹង​ជំរុញ​ឲ្យ​តន្រ្តីករ​ផ្សេង​ទៀត​យល់​កាន់​តែ​ច្រើន​អំពី​បញ្ហា​សង្គម​ ហើយ​និង​កាន់​តែ​សកម្ម​នៅ​ក្នុង​កិច្ច​ការ​ជួយ​សង្គម៕

ប្រែ​សម្រួល​ដោយ ហង្ស វុទ្ធិកា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG