ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បណ្តេញ​ជនជាតិ​ចិន​ដែល​ត្រូវបាន​សិង្ហបុរី​កាត់​ទោស​រឿង​លាង​លុយ​កខ្វក់


ជនជាតិចិនឈ្មោះ Zhang Ruijin ដែលត្រូវបានរាយការណ៍ថាមានសញ្ជាតិខ្មែរ ពេលត្រូវបានបញ្ជូនខ្លួន​ចេញ​ពី​ប្រទេសកម្ពុជាទៅប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងមហាផ្ទៃ)
ជនជាតិចិនឈ្មោះ Zhang Ruijin ដែលត្រូវបានរាយការណ៍ថាមានសញ្ជាតិខ្មែរ ពេលត្រូវបានបញ្ជូនខ្លួន​ចេញ​ពី​ប្រទេសកម្ពុជាទៅប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / ក្រសួងមហាផ្ទៃ)

អាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជនជាតិ​ចិន​ម្នាក់​ចេញ​ពី​ប្រទេស ក្រោយ​ជនជាតិ​ចិន​នោះ​ត្រូវ​បាន​បញ្ជូន​មក​ពី​ប្រទេស​សិង្ហបុរី ពាក់ព័ន្ធ​នឹង​រឿង​លាង​លុយ​កខ្វក់ ឬ​សម្អាត​ប្រាក់។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ដែល​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ពុធ។

ជន​ជាតិ​ចិន​នោះ ឈ្មោះ Zhang Ruijin ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​មាន​សញ្ជាតិ​ខ្មែរ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​សិង្ហបុរី​បញ្ជូន​មក​កម្ពុជា ក្រោយ​ត្រូវ​បាន​កាត់​ទោស។

បើ​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ អាជ្ញាធរ​កម្ពុជា​បាន​បណ្ដេញ​ជន​ជាតិ​ចិន​ឈ្មោះ Zhang Ruijin កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ​ ២០២៤ ក្រោយ​ជន​ជាតិ​ចិន​នោះ​ត្រូវ​បាន​តុលាការ​ប្រទេស​សិង្ហបុរី​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​សម្អាត​ប្រាក់។ អាជ្ញាធរ​កម្ពុជា​បញ្ជាក់​ថា​ជន​ជាតិ​ចិន​នោះ​កាន់​លិខិត​ឆ្លង​ដែន​ប្រទេស​ Saint Kitts and Nevis ដែល​ជា​ដែន​កោះ​តូច​មួយ​នៅ​សមុទ្រ​ការ៉ាប៊ីន។

បើ​តាម​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ជនជាតិ​ចិន​នោះ​បាន​ចូល​មក​កម្ពុជា កាល​ពី​ថ្ងៃទី​ ១៥ ខែ​មិថុនា ឆ្នាំ​ ២០២៤ ហើយ​ត្រូវ​បាន​ស្វែង​រក​ឃាត់​ខ្លួន​បាន រួច​បណ្តេញ​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​កក្កដា ឆ្នាំ ​២០២៤ តាម​ប៉ុស្តិ៍ន​គរ​បាល​ច្រក​ទ្វារ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។

លោក សុខ សុមនា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ជន​ជាតិ​ចិន​ឈ្មោះ ​Zhang ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ប្រទេស​ចិន​វិញ។ ទោះជាយ៉ាងណា លោក​មិន​អាច​បញ្ជាក់​ថា​ តើ​ជ​នជាតិ​ចិន​នោះ​កាន់​អត្តសញ្ញាណបណ្ណ​ខ្មែរ ឬលិខិត​ឆ្លង​ដែន​ខ្មែរ​ឡើយ។

អ្នក​នាំពាក្យ​រូប​នោះ​ឆ្លើយ​នឹង​សំណួរ​របស់​វីអូអេ​ត្រង់​ចំណុច​ជនជាតិ​ចិន​នោះ​មាន​សញ្ជាតិ​ខ្មែរ ឬយ៉ាងណា​ថា៖ «សំណួរ​នេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​ឆ្លើយ​ទេ ដោយ​សារ​វា​មាន​ពាក់ព័ន្ធ​នឹង​ករណី​ច្រើន ហើយ​យើង​ក៏​មិន​អាច​ទាន់​សន្និដ្ឋាន​បាន​ច្បាស់​លាស់​ដែរ ប៉ុន្តែ​អ្នក​ណា​ធ្វើ​ខុស​ច្បាប់ អ្នក​ហ្នឹង​ទទួល។ យើង​ត្រូវ​បញ្ជូន​ចេញ​ហើយ តាម​ច្បាប់​របស់​យើង​បាទ»។

កាល​ពី​ខែ​មិថុនា អាជ្ញាធរ​សិង្ហបុរី​បាន​បណ្តេញ​ជន​ជាតិ​ចិន ​៣ ​នាក់ ​មក​កម្ពុជា ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ខាង​លើ​ផង​ដែរ។ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ថា​តើ​ជន​ជាតិ​ចិន​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោយ​ផ្ទាល់​ដៃ ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន ឬ​ពួកគេ​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សេរី។

បើ​តាម​សារ​ព័ត៌មាន​សិង្ហបុរី The Straits Times ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ជនជាតិ​ចិន​ទាំង​នោះ ម្នាក់ៗ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១៥ ​ខែ កាល​ពី​អំឡុង​ចន្លោះ​ខែ​មេសា ​និង​ឧសភា ​ឆ្នាំ​ ២០២៤ បន្ទាប់​ពី​បាន​សារ​ភាព​កំហុស​ចំពោះ​ការ​លាង​លុយ​កខ្វក់ និង​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ។

បើ​តាម​សារ​ព័ត៌មាន​ដដែល​ លោក Zhang អាយុ​ ៤៥ ​ឆ្នាំ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ ត្រូវ​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​ប្រមាណ ​៨៧ ​លាន​ដុល្លារ​អាមេរិក​ទៅ​រដ្ឋ។

កាល​ពី​ខែ​ឧសភា បុរស​ជា​ជន​ជាតិ​ចិន ​២ ​នាក់ ​ដែល​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​ក៏​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ប្រទេស​សិង្ហបុរី​មក​កម្ពុជា​ដែរ ក្រោយ​ពួក​គេ​ទាំង ​២ ​នាក់​ត្រូវ​បាន​កាត់​ទោស​ក្នុង​សំណុំ​រឿង​លាង​លុយ​កខ្វក់​ដូច​គ្នា។

លោក សុខ សុមនា អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​មិន​អាច​បញ្ជាក់​ព័ត៌មាន​អំពី​ជន​ជាតិ​ចិន​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ពី​ប្រទេស​សិង្ហបុរី ចូល​ប្រទេស​កម្ពុជា ក្នុង​ករណី​សម្អាត​ប្រាក់​ដូច​គ្នា​ឡើយ។

លោកនិយាយថា៖ «ខ្ញុំ​អត់ទាន់​បាន​ទទួលព័ត៌មាន អ៊ីចឹង​ខ្ញុំ​អត់ទាន់​ហ៊ាន​ឆ្លើយបាទ»។

ជា​រឿយៗ អាជ្ញាធរ​កម្ពុជា​តែង​តែ​បញ្ជូន​ជន​ជាតិ​ចិន​ដែល​រស់​នៅ និង​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន​វិញ។

មន្រ្តី​សិទ្ធិ​មនុស្ស​បាន​រិះគន់​យន្តការ​នៃ​ការ​ផ្តល់​សញ្ជាតិ​ដល់​ជន​បរទេស​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​ជន​ជាតិ​ចិន​ដែល​តែង​តែ​ទទួល​បាន​សញ្ជាតិ​ខ្មែរ តាម​រយៈ​ការ​ប្រកាស​ក្នុង​ព្រះ​រាជក្រឹត្យ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ករណី​ជន​បរទេស​ខាង​លើ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​កម្ពុជា។ លោក​ថា ​អាជ្ញាធរ​គួរ​តែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​លើ​គោល​ការណ៍​ច្បាប់ ​មុន​ផ្តល់​សញ្ជាតិ​ដល់​ជន​បរទេស។

លោក​ថ្លែង​ថា៖​ «មុន​នឹង​ការ​ផ្តល់​សញ្ជាតិ​ទៅ​ដល់​ជន​បរទេស​ណា​មួយ​ ឬ​ក៏ ​Passport​ [លិខិត​ឆ្លង​ដែន]​ សម្រាប់​ជន​បរទេស​ដែល​កាន់​សញ្ជាតិ​ខ្មែរ​ហ្នឹង ​គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​អត្ត​សញ្ញាណ​ ប្រវត្តិ​រូប​របស់ជន​ទាំង​អស់​ហ្នឹង​ មុន​ផ្តល់​សញ្ជាតូបនីយ​កម្ម​ឱ្យ​កាន់ ​Passport​ ខ្មែរ​បាន។​ បើ​មិន​អ៊ីចឹង​ទេ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​សម្រាប់​កេរ្តិ៍​ឈ្មោះ​កម្ពុជា»។​

បើ​តាម​លោក អំ សំអាត ការ​ផ្តល់​សញ្ជាតិ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​វាយ​តម្លៃ​ច្បាស់​លាស់ ​តម្លាភាព​ យុត្តិធម៌​ និង​គ្មាន​អំពើ​ពុក​រលួយ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG