ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ព្រះអង្គ​លួន សុវ៉ាត ពី​បទ​«រំលោភ​សេព​សន្ថវៈ» និង​«បរិហារកេរ្តិ៍​ជាសាធារណៈ»


រូបឯកសារ៖ ព្រះតេជគុណ លួន សុវាត កំពុងថតសកម្មភាពទូទៅ នៅខាងមុខមណ្ឌលអប់រំកែប្រែទី១ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ព្រះតេជគុណ លួន សុវាត កំពុងថតសកម្មភាពទូទៅ នៅខាងមុខមណ្ឌលអប់រំកែប្រែទី១ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ។ (ទុំ ម្លិះ/វីអូអេ)

សាលា​ដំបូង​ខេត្ត​សៀមរាបបាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​សកម្មជន​សង្ឃ​ល្បី​ឈ្មោះ​មួយ​អង្គ ​គឺ​ព្រះ​អង្គ​ លួន សុវ៉ាត ​ពី​បទ«រំលោភ​សេពសន្ថវៈ» និង​«បរិហារកេរ្តិ៍​ជាសាធាណៈ»។ នេះ​បើ​យោង​តាម​លិខិត​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ២០២១ ដែល​VOA​ទទួល​បាន។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹងនេះ ចៅក្រម​ស៊ើប​សួរ លោក នូ វាសនា លើក​ឡើង​ថា​ករណី​នេះ«ត្រូវ​បាន​ស៊ើប​សួរ​ចប់​សព្វ​គ្រប់​ហើយ និង​បិទ​ការ​ស៊ើបសួរ​តាម​នីតិវិធី»។

ព្រះអង្គ លួន សុវ៉ាត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«រំលោភ​សេព​សន្ថវៈ» និង«បរិហារ​កេរ្តិ៍​ជា​សាធារណៈ» ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ និង​នៅ​ភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុកជីក្រែង ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង។

លោក​ យិន ស្រាង ​អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​សៀមរាប​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ តុលាការ​នៅ​បន្ត​ចោទ​ប្រកាន់​ព្រះ​អង្គ​ លួន សុវ៉ាត។ លោក​មិន​ទាន់​អាច​បញ្ជាក់​ថ្ងៃ​សវនាការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។

ព្រះអង្គ លួន សុវ៉ាត ដែល​កំពុង​និរទេស​ព្រះ​កាយ​នៅ​ប្រទេស​ស្វីស បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​ថា​រៀបចំ​ឡើង ដើម្បី​បំផ្លាញ​ព្រះ​អង្គ ហើយ​ជា​ការ​កាត់ត​ទាំង​អស់។ ព្រះ​អង្គ​ក៏​បង្ហាញ​ការ​មិន​ទុក​ចិត្ត​របាយ​ការណ៍​របស់​នគរ​បាល​ និង​ពាក្យ​បណ្តឹង​ដែល​ចោទ​ប្រកាន់​ពី​បទ«រំលោភ​សេព​សន្ថវៈ»។

ព្រះ​អង្គ​មាន​ថេរដីកា​ថា៖ «ការ​ចោទ​ប្រកាន់​ពី​តុលាការ​ក្តី ឬ​ក៏​របាយការណ៍​របស់​ប៉ូលិស​អី​ផ្សេងៗ វា​អាច​ខុស​ពី​ការ​ពិត។ ជួន​អី មិន​មាន​អ្នក​ប្តឹង​ក៏​ថា​បាន ទៅ​ជា​តុលាការ​អ្នក​ប្តឹង​ខ្លួន​ឯង ក៏​ថា​បាន»។

ព្រះ​អង្គ​បន្ថែម​ថា៖ «គ្មាន​នរណា​មួយ​ដែល​ទៅ​ប្តឹង​ក្នុង​ការ​បំផ្លាញ​គ្រួសារ​ខ្លួន បំផ្លាញ​កិត្តិយស​ខ្លួន បំផ្លាញ​នូវ​អ្វីៗ​សម្រាប់​ខ្លួន​ទេ»។

ចាប់​តាំង​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២០ ព្រះ​អង្គ​ លួន សុវ៉ាត​ រង​ការ​ចោទ​ប្រកាន់​ថា​សន្ទនា​ស្នេហា​ជាមួយ​មនុស្ស​ស្រី​មួយ​ចំនួន​ក្នុង​វីដេអូ​ចំនួន​៤​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក។​ បន្ទាប់​មក​ ប៉ូលិស​ខេត្ត​សៀម​រាប​ក៏​បាន​ចេញ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ ចុះ​ឆែក​ឆេរ​ផ្ទះ​សាច់​ញាតិ​របស់​ព្រះ​អង្គ​ក្នុង​ខេត្ត​សៀមរាប និង​បាន​សួរ​ចម្លើយ​ស្រ្តី​៤​នាក់ ​ជា​បង​ប្អូន​ ហើយ​និង​ម្តាយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​វីដេអូ​ទាំង​នោះ។

តាម​រយៈ​ការ​សួរ​ចម្លើយ​នោះ ប៉ូលិស​ឲ្យ​ដឹង​ថាមាន​ការ​ប្តឹង​ពី​ស្រ្តី​ម្នាក់​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ​ «រំលោភ​សេព​សន្ថវៈ»។ ប៉ូលិស​ខេត្ត​សៀមរាប​ក៏​បាន​កសាង​សំណុំ​រឿង​ទៅ​តុលាការ។

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា​ប៉ូលិស​បាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ព្រះ​អង្គ​ដែល​រួម​ទាំង​រថយន្ត​ផង សរុប​មាន​តម្លៃ​យ៉ាង​តិច​៥ម៉ឺន​ដុល្លារ​អាមេរិក។ ព្រះ​អង្គ​បន្ថែម​ថា​មាន​ការ​រៀបចំ​ ដើម្បី​បំផ្លាញ​ព្រះ​អង្គ ដែល​ជា​សកម្មជន​សង្ឃ​មួយ​អង្គ។

ព្រះ​អង្គ​បន្ថែម​ថា៖ «អញ្ចឹង​អាត្មា​មិន​អាច​ទទួល​យក​បាន​នូវ​ការ​ចោទ​ប្រកាន់​បែ​ប​សម្លាប់ បែប​ប្រហារ បែប​អសីលធម៌​ អគុណធម៌ អមនុស្ស​ធម៌ ខុស​ពី​ការ​ពិត ប្រឌិត​នូវ​ភស្តុតាង ព័ត៌មាន​ក្លែង​ក្លាយ​ផ្សេងៗ​បែប​នេះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០២០ ព្រះ​អង្គ​ លួន សុវ៉ាត ​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្សឹក​ដោយ​ព្រះ​មេគណ​ខេត្ត​សៀមរាប​ ដោយ​សម្អាង​លើ​វីដេអូ​ ដែល​មិន​មាន​រូបភាព​ផ្ទាល់​របស់​ព្រះ​អង្គ ​គ្រាន់​តែ​ជា​សំឡេង​ដែល​ព្រះ​អង្គ​ថា​ នេះ​ជា​ការ​បង្កើត​សាច់​រឿង ​ដើម្បី​ធ្វើ​បាប​ព្រះ​អង្គ។​

កន្លង​ទៅ​ស្រ្តី​ម្នាក់​មាន​ឈ្មោះ ​ទឹម រដ្ឋា​ ហៅ​ក្រៅ​ថា ​ស្រីដា​ អាយុ​៣១​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​អន្លង់​ត្នោត ​ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប ​ដែល​មាន​ផ្ទះ​នៅ​ទល់​មុខ​វត្ត​ស្លែង​ ដែល​ព្រះ​អង្គ​ លួន សុវ៉ាត ​ធ្លាប់​គង់​នៅ។ ​កញ្ញា​ក៏​ធ្លាប់​ចេញ​មុខ​បដិសេធ​ថា ​មិន​មាន​ទំនាក់​ទំនង​ស្នេហា​អ្វី​ជា​មួយ​ព្រះ​អង្គ​នោះ​ទេ។​

ប៉ុន្តែ​លោកស្រី ​ដួង ថាវរី ​ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ​ទទួល​បន្ទុក​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ ធ្លាប់​ប្រាប់ ​VOA ​ថា​ប្អូន​ស្រី​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ទាំង​៤​នាក់​របស់​ស្រ្តី​ខាង​លើ​បាន​ប្តឹង​ព្រះ​អង្គ​ លួន សុវ៉ាត ​ពី​បទ​រំលោភ​សេព​សន្ថវៈ។

លោក ​អំ សំអាត​ នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​មាន​ចំណុច​មិន​ប្រក្រតី​និង​ការ​សង្ស័យ​ច្រើន​អំពី​ការ​ចោទ​ប្រកាន់​នេះ ដោយសារ​ព្រះ​អង្គ​ជា​សកម្មជន​សង្ឃ​មួយ​អង្គ​ដែល​មាន​ប្រជា​ប្រិយ​ភាព។

លោក​បន្ត​ថា​បទ​ល្មើស​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ កើត​ក្នុង​ឆ្នាំ​២០១៦ ហេតុ​អ្វី​ទើប​មក​ចោទ​ប្រកាន់​នៅ​ពេល​នេះ។

លោក​បញ្ជាក់​ថា៖ «បើ​សិន​ជា​បទ​ល្មើស​នេះ​កើត​តាំង​ពី​២០១៦ ហេតុ​អី​មិន​ព្រម​ចាត់​វិធាន​ការ​តាំង​ពី​២០១៦? ហេតុ​អី​មក​ដល់​២០២០ ហើយ​ពេល​នេះបាន​ចាត់​វិធានការលើ​ព្រះ​អង្គ។ អញ្ចឹង​គេ​គិត​ថា​រឿង​នេះ​វា​មាន​ភាព​មិន​ប្រក្រតី ហើយ​មាន​មន្ទិល​សង្ស័យ​ច្រើន ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ព្រះ​អង្គ​លួន សុវ៉ាត»។

លោក ស៊ឹង សែន​ករុណា​ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា​គ្រាន់តែ​វីដេអូ​បង្ហោះ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក មិន​អាច​យក​ជា​ការ​បាន​ទេ​ក្នុង​ការ​ចោទ​ប្រកាន់ ខណៈ​ព្រះ​អង្គ លួន សុវ៉ាត និង​ស្រ្តី​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទំនាក់​ទំនង​ស្នេហា និង​បាន​លើក​ឡើង​អំពី​ការ​បង្កើត​ហ្វេសប៊ុក​ក្លែង​ក្លាយ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា​ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ហ្នឹង គួរ​តែ​មាន​ការ​ទម្លាក់​នូវ​បទ​ចោទ​ប្រកាន់​ ហើយ​កុំ​បន្ត​នីតិវិធី​ទៅ​មុខ​ទៀត»។

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​មាត្រា​២៣៩ ចែង​ថា​បទ​ល្មើស​រំលោភ​រួម​មាន​ការ​រួម​ភេទ​ដោយ​ការ​ប្រើ​ហិង្សា​ ការ​បង្ខិត​បង្ខំ​ និង​ការ​គំរាម​កំហែង​ជា​ដើម។​ បទ​រំលោភ​សេព​សន្ថវៈ​នេះ ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ៕

XS
SM
MD
LG