ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping និង​អតីត​ប្រធានាធិបតី​តៃវ៉ាន់​ជំរុញ​ឱ្យ​ចិន​និង​តៃវ៉ាន់​បង្រួបបង្រួម​គ្នា


ប្រធានាធិបតីចិន លោក Xi Jinping (ស្តាំ) ចាប់ដៃជាមួយអតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou នៅជំនួបក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ (Xinhua News Agency via AP)
ប្រធានាធិបតីចិន លោក Xi Jinping (ស្តាំ) ចាប់ដៃជាមួយអតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou នៅជំនួបក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ (Xinhua News Agency via AP)

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ជាមួយ​លោក Ma Ying-jeou អតីត​ប្រធានាធិបតី​កោះ​តៃវ៉ាន់ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ ដោយ​បាន​បិទ​បញ្ចប់ «ដំណើរ​សន្តិភាព‍» ១១ ថ្ងៃ​របស់​លោក Ma ដែល​មាន​គោល​បំណង​លើក​កម្ពស់​ការ​បង្រួបបង្រួម​រវាង​កោះ​តៃវ៉ាន់​និង​ប្រទេស​ចិន។

បន្ទាប់ពី​បាន​ចាប់ដៃ​ស្វាគមន៍​គ្នា ១៥ វិនាទី​មក លោក​ទាំងពីរ​បាន​អង្គុយ​ចុះ​និង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខ្លីៗ។ លោក Xi បាន​សរសើរ​លោក Ma ចំពោះ​ការ​ជំទាស់​ទៅនឹង​ឯករាជ្យភាព​របស់​តៃវ៉ាន់​ដោយ តាំងចិត្ត​គោរព​តាម «កុងសុងស៊ីស​ឆ្នាំ ១៩៩២‍»។ កុងសុងស៊ីស​នេះ​ចែង​ថា​មាន​ប្រទេស​ចិន​តែមួយ​ប៉ុណ្ណោះ​និង​មាន​បំណង​លើកកម្ពស់​ឱ្យមាន​សន្តិភាព​រវាង​ចិន​និង​តៃវ៉ាន់។

លោក Xi បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​បើក​ជំនួប​នេះ​ថា៖ «ជន​រួមជាតិ​នៅ​សងខាង​ច្រក​សមុទ្រ​តៃវ៉ាន់​គឺជា​ជនជាតិ​ចិន​ទាំងអស់។ គ្មាន​គំនុំ​ណាមួយ​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះទេ។ គ្មាន​បញ្ហា​ណាមួយ​ដែល​មិន​អាច​ពិភាក្សា​គ្នា​បាន​នោះទេ។ ហើយ​គ្មាន​កម្លាំង​ណាមួយ​អាច​បំបែក​យើង​បាន​នោះឡើយ»។

លោក Ma ដែល​ធ្វើជា​ប្រធានាធិបតី​តៃវ៉ាន់​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៦ បាន​និយាយ​ថា ទោះជា​ភាគី​ទាំងពីរ​នៅ​សង្ខាង​ច្រក​សមុទ្រ​តៃវ៉ាន់​បាន​អភិវឌ្ឍ​ក្រោម​ប្រព័ន្ធ​ផ្សេង​គ្នា​ក៏ដោយ ក៏​ប្រជាជន​ទាំងអស់​គឺជា​ជនជាតិ​ចិន​តែមួយ។

លោក Ma បាន​ថ្លែង​ថា៖ «ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង​រវាង​ភាគី​ទាំងពីរ​នៅ​សង្ខាង​ច្រក​សមុទ្រ​តៃវ៉ាន់ នោះ​នឹង​មាន​បន្ទុក​ធ្ងន់​ដល់​ប្រជាជាតិ​ចិន។ លោក​បាន​បន្ថែម​ថា ចិន​និង​តៃវ៉ាន់​គួរ​បង្កើត​ឱ្យមាន​ស្ថានភាព​ឈ្នះ-ឈ្នះ​ទាំងអស់​គ្នា​និង​ធ្វើឱ្យ​មាន​សន្តិភាព​តាមរយៈ​ការ​ស្វែងរក​ចំណុច​រួម​និង​ទុក​ការ​ខ្វែង​គំនិតគ្នា​មួយ​ឡែក។

ទស្សនកិច្ច​នេះ​គឺជា​លើក​ដំបូង​បង្អស់​ដែល​មេដឹកនាំ​ចិន​បាន​ទទួល​ស្វាគមន៍​អតីត​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង តាំងពី​ពេល​ដែល​គណបក្ស​គួមីងតាង (Kuomintang) ដែល​ជា​បក្ស​របស់​លោក Ma បាន​ចាញ់​ក្នុង​សង្គ្រាម​ស៊ីវិល​ចិន​និង​គេចខ្លួន​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ឆ្នាំ ១៩៤៩ មក៕

XS
SM
MD
LG