ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កប៉ាល់​អាជីវកម្ម​មួយ​ចំនួន​រង​ការ​បំផ្លាញ​ដោយ​ចេតនា​នៅ​ក្នុង​សមុទ្រ​នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម


ឆ្មាំ​សមុទ្រ​របស់​អេមីរ៉ាតអារ៉ាប់រួម ​ជិះ​កាត់​នាវា​ដឹក​ប្រេង​មួយ​នៅ​ក្បែរ​ឆ្នេរ Fujairah ប្រទេស​អេមីរ៉ាតអារ៉ាប់រួម កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។

ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ​បាន​បញ្ជាក់​ថា កប៉ាល់​ដឹក​ប្រេង​ពីរ​គ្រឿង​របស់​ខ្លួន​បាន​រង «ការ​ខូចខាត​យ៉ាង​ដំណំ» នៅ​ក្នុង «ការ​វាយ​ប្រហារ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា‍» មួយ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​នៅ​ក្នុង​ដែន​សមុទ្រ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ ប៉ុន្តែ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​ មិន​បាន​បញ្ជាក់​លម្អិត​អំពី​ការ​ខូចខាត​នេះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអ៊ូឌីត ​បាន​និយាយ​ថា កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​ក្នុង​ចំណោម​នោះ នៅ​ពេល​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​កំពង់ផែ Saudi នៃ​ទីក្រុង Ras Tanura ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ដឹក​ប្រេង​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សហរដ្ឋ​អាមេរិក​បាន​ចេញ​នូវ​ការ​ព្រមាន​មួយ​អំពី​ការ​ចោទ​ប្រកាន់​អំពី «សកម្មភាព​បំផ្លិចបំផ្លាញ​ដោយ​ចេតនា‍» ដែល​ធ្វើ​ឡើង​ចំពោះ​កប៉ាល់​ដឹក​ប្រេង​ទាំង​ពីរ​គ្រឿង​នេះ។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង ​នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់​ មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជាមួយ​គ្នា។

ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ បាន​បញ្ជាក់​ថា កប៉ាល់​អាជីវកម្ម ៤ គ្រឿង បាន​រងគ្រោះ​នៅ​ក្នុង «ប្រតិបត្តិការ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា‍» កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ជិត​ដែន​ទឹក​របស់​ខ្លួន​ នៅ​ក្នុង​ឈូង​សមុទ្រ​អូម៉ង់ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​អំពី​ការ​បំផ្លិចបំផ្លាញ​នេះ ឬ​ក៏​អំពី​ម្ចាស់​កម្មសិទ្ធិ​របស់​កប៉ាល់​ទាំង ៤ គ្រឿង​នេះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា កប៉ាល់​ទាំង ៤ គ្រឿង​នេះ​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Abbas Mousavi បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​វាយ​ប្រហារ​លើ​កប៉ាល់​ទាំង​នេះ​គឺ​ជា​រឿង​ដ៏ «គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​សោកស្ដាយ‍»។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ​ទាំង​នេះ៕

XS
SM
MD
LG