ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ខួប​១៧​ឆ្នាំ​នៃ​ការ​គ្រប់​គ្រាប់បែក​លើក​បាតុកម្ម

  • គង់ សុឋានរិទ្ធ

នៅ​ពី​មុខ​ចេតិយ​មួយ​ដែល​មាន​ឆ្លាក់​ឈ្មោះ ​និង​មាន​ការ​ដាក់​តាំង​រូប​ថត​ជន​រង​គ្រោះដោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ ដោយ​គ្រាប់​បែក​ដៃ​លើ​ហ្វូង​បាតករ​ជា​កម្មករ​រោង​ចក្រ​កាត់ដេរកាល​ពី​១៧​ឆ្នាំ​មុន ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ចង្អុល​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើក្រុម​មន្ត្រី​កាន់​អំណាច​នៅ​ក្នុង​រដ្ឋា​ភិបាល​សព្វ​ថ្ងៃ។​

កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មិនា​ឆ្នាំ​១៩៩៧ ​កម្មករ​រោង​ចក្រជា​ច្រើន​រយ​នាក់​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ ហើយ​ដឹ​ក​នាំ​ដោយ​លោក​សម​ រង្ស៊ី​ បាន​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម ​ការ​ដំឡើងប្រាក់​ខែ​ និង​លក្ខខណ្ឌ​ល្អ​ប្រសើរ​នៅ​ក្នុង​ការងារ។​

ប៉ុន្តែ​ជា​អកុសល​ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ស្រែក​ទាមទារ​នូវ​អ្វី​ដែល​ជា​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​ជាតិ​ក្បែរ​សួន​ច្បារ​មុខវត្ត​បទុម​វដ្តី​នោះ​ មាន​ជន​មិន​ស្គាល់​មុខ​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ចំនួន​បួន​គ្រាប់​លើ​ពួក​គេ។​
មន្ត្រី​ប៉ូលិស​កម្ពុជា​រាប់​ចំនួន​អ្នក​ស្លាប់​និង​របួស​នៅ​ក្រោយ​ពេល​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ដៃ​ចំនួន​បី​គ្រាប់​នៅ​ក្នុង​ហ្វូង​បាតុករ​ នៅ​មុខ(អតីត)វិមាន​រដ្ឋសភា​ជាតិរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន១១​នាក់ស្លាប់​និង​១១២​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយប្រហារ​នេះ។ (AP Photo/Ou Neakiry)
មន្ត្រី​ប៉ូលិស​កម្ពុជា​រាប់​ចំនួន​អ្នក​ស្លាប់​និង​របួស​នៅ​ក្រោយ​ពេល​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ដៃ​ចំនួន​បី​គ្រាប់​នៅ​ក្នុង​ហ្វូង​បាតុករ​ នៅ​មុខ(អតីត)វិមាន​រដ្ឋសភា​ជាតិរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន១១​នាក់ស្លាប់​និង​១១២​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយប្រហារ​នេះ។ (AP Photo/Ou Neakiry)
មនុស្ស​ចំនួន​១៦​នាក់​បាន​ស្លាប់​ និង​ជាង​១០០​នាក់​ទៀត​រង​របួស។​

​នៅ​ថ្ងៃ​នេះ​គឺ​១៧​ឆ្នាំ​គត់​ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​នេះ​មិនត្រូវ​បាន​វែក​មុខ​នោះ​ទេ។​

លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ក្នុង​ពិធី​បង្សុកូល​ និង​រំឭកវិញ្ញាណ​ក្ខន្ធ​ដល់​ជន​រង​គ្រោះ​នៅ​ថ្ងៃ​នេះ​ ដោយ​ចោទ​ប្រកាន់ថា​ អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​គប់​គ្រាប់​បែក​សម្លាប់​កម្មករ​រោង​ចក្រ​នោះ​កំពុង​ស្ថិត​ក្នុង​អំណាច។​

«គឺ​យើង​ដឹង​ច្បាស់​ អ្នក​ណា​ជា​ឃាតករ។​ ប៉ុន្តែ​ក្នុង​ថ្ងៃ​នេះ​ ដោយ​សារ​ឃាតករ​នៅ​មាន​អំណាច​រឹង​មាំ​នៅ​ឡើយ ​ដោយសារ​សង្គម​របស់​យើង​ តុលាការ​មិន​មាន​យុត្តិធម៌​ យើង​មិន​ទាន់​ចាប់​យក​ឃាតករ​ទាំង​នោះមក​ផ្តន្ទាទោស​ឲ្យ​បាន​ពេញ​ចិត្ត​វិញ្ញាណក្ខន្ធ​របស់​វីរៈ​បាតុករ​យើង​ទេ»។​

ដោយ​ឡែក​ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា​ មាន​មេដឹក​នាំ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាប់​ពាក់​ព័ន្ធនឹង​អំពើ​ឃាតកម្ម​នានា។ ​ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ឈ្មោះ​ចំៗ​នោះ​ទេ។​

«នៅ​ប្រទេស​កម្ពុជា​មាន​ជន​ឧក្រិដ្ឋ​ម្នាក់​បាន​សម្លាប់​គេ​លើស​លប់​ដែរ»។​

មនុស្ស​ប្រមាណ​១.០០០​នាក់​បាន​ចូលរួម​ពិធី​រំឭកវិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ថ្ងៃ​ទី​៣០​ខែ​មិនា​នេះ។​

ផ្ទុយ​ទៅ​វិញ​ លោក​នាយ​ឧត្តមសេនីយ៍​ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ឆ្លើយ​តប​មក​វិញ​ថា ​ក្រសួង​មហាផ្ទៃ​នៅ​តែ​រក្សា​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នៃ​ការ​គប់គ្រាប់​បែក​លើ​ហ្វូង​បាតុករ​ ដែល​ជា​កម្មករ​រោង​ចក្រ​នេះ​នៅ​ឡើយ។​ ហើយ​សេចក្តី​ថ្លែង​ការណ៍​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ​គឺ​ជា​ការ​ឆ្លៀត​ឱកាស​នយោបាយ។​

«ការ​ចោទ​ប្រកាន់​នេះ​គឺ​ចោទ​ប្រកាន់​ក្នុង​ន័យ​នយោបាយ។​ ដូច​ព្រឹក​នេះ​គ្រាន់​តែ​យក​វេទិកា​ធ្វើ​អាជីវ​កម្ម​លើ​វិញ្ញាណ​ក្ខន្ធ​អ្នក​រង​គ្រោះ​ ដើម្បី​ធ្វើ​ជា​ឡប់​ឡែ​ ឯការណ៍​ពិត​គឺ​យក​វេទិកា​ធ្វើ​នយោបាយ»។​

លោក​សម រង្ស៊ី​បាន​អះអាង​ថា ​តុលាការ​បារាំង​ទទួល​យក​បណ្តឹង​ស្តី​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នេះ​ហើយ។​ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​យុត្តិធម៌​កម្ពុជា​មិន​បាន​សហការ​ក្នុងសំណុំ​រឿង​នេះ​ទេ។​

សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​រំឭកវិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារដោយ​គ្រាប់​បែក​ដៃ​ថ្ងៃ​ទី​៣០​ខែ​មិនា​ផង​ និង​ដើម្បី​ធ្វើ​សមាជ​មហា​ជន​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ផង។​

ក៏​ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ និង​នៅ​លើ​សួន​ច្បារ​មុខ​វត្ត​បទុម​វដ្តី​នោះ​ទេ។ ​កង​ប៉ូលិស​បាន​ត្រៀម​រថយន្ត​បាញ់​ទឹក​ចំនួន​បួន​គ្រឿង​សម្រាប់​ទប់​ទល់ការ​ល្មើស​បម្រាម​របស់​ខ្លួន។​

មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ និងនៅតាម​ច្រក​ចូល​និង​លើ​សួន​ច្បារ​នេះ។ មាន​ការ​ឆែក​ឆេរ​យ៉ាង​តឹងរឹង។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្សដែល​បាន​ឃ្លាំមើលពិធី​សាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិបាន​រាយ​ការណ៍​ថា​ មាន​ការ​រារាំង​ប្រជាពល​រដ្ឋ​មួយ​ចំនួន​មិន​ឲ្យ​ចូល​រួម​ពិធី​នេះ។​

នៅ​ទី​បំផុត គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ចិត្ត​បង្វែរ​គម្រោង​ការ​ធ្វើ​សមាជ​មហាជន​នៅ​សួន​ច្បារ​មុខ​វត្ត​បទុមទៅ​ធ្វើ​នៅ​ទី​ស្នាក់​ការ​របស់​ខ្លួន​នៅ​សង្កាត់​ចាក់​អង្រែ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​វិញ។ លោកសម រង្ស៊ី និង​លោក​កឹម​ សុខា​បាន​ដឹក​នាំ​អ្នក​គាំទ្រ​របស់​ខ្លួន​រាប់​ពាន់នាក់ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​សួន​ច្បារ​នេះ​ទៅ​កាន់​ទី​កន្លែង​ធ្វើ​សមាជ ​ពោល​គឺ​អ្នកគាំទ្រ​បាន​កើន​ឡើងនៅ​ពេល​ដែល​មេដឹក​នាំ​ទាំង​ពីរ​របស់​គណបក្ស​ជំទាស់​បាន​ចុះ​ដើរ​តាម​ថ្នល់។​

ក្រោយ​ពី​សមាជ​មហា​ជន​នោះ ​គណបក្ស​សង្គ្រោះជាតិ​បានរក្សា​ជំហរ​ទាមទារ​ឲ្យ​មាន​ការដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។​

ដំណាល​គ្នា​នោះ​ដែរ ​គណបក្ស​ជំទាស់​ក៏​បាន​ការទាមទារ​ដំឡើងប្រាក់ខែ​កម្មករ​រោង​ចក្រ​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិកា ​និង​សកម្មជន​សិទ្ធិដី​ធ្លី​ និង​សកម្មជន​សិទ្ធិមនុស្ស​ជា​បន្ទាន់​ និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធបង្រ្កាប​ការ​តវ៉ា​ជាដើម។​

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គណបក្ស​សង្គ្រោះជាតិ​ក្រោយ​ពី​សមាជ​មហា​ជន៕
XS
SM
MD
LG