ជនចំណាកស្រុកជាង៧០០នាក់ ត្រូវបានបារម្ភខ្លាចថា លង់ទឹកស្លាប់នៅសប្តាហ៍នេះនៅក្នុងការលិចកប៉ាល់ចំនួន០៣ នៅក្នុងសមុទ្រមេឌីទែរ៉ានេ នៅពេលដែលពួកគេ បានព្យាយាមធ្វើដំណើរទៅអឺរ៉ុបតាមទូក នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
ជនចំណាកស្រុក ១០០នាក់នៃចំណាកស្រុកទាំងនោះ មកពីទូករបស់ពួកអ្នករត់ពន្ធមនុស្ស ដែលបានលិចកាលពីថ្ងៃពុធ ខណៈដែលមនុស្ស៥៥០នាក់ផ្សេងទៀត កំពុងបាត់ខ្លួនដោយសារទូកមួយគ្រឿងបានក្រឡាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅពេលធ្វើដំណើរចេញពីប្រទេសលីប៊ី។
ប៉ូលិសអ៊ីតាលីបានចាប់ខ្លួនកាប់ពីតែនទូកទី២ គឺជាបុរសជនជាតិស៊ូដង់ ដែលមានអាយុ២៨ឆ្នាំ បន្ទាប់ពីអ្នកនៅរស់រានមានជីវិតបានចង្អុលមុខជននោះ។
ទូកទី៣ បានលិចកាលពីថ្ងៃសុក្រដោយគេមិនបានដឹងពីចំនួនមនុស្សនៅលើនោះ។មនុស្សប្រហែល១៣៥នាក់ ត្រូវបានជួយសង្គ្រោះពីទូកនោះ រួមជាមួយសាកសព ៤៥នាក់ ក៏ប៉ុន្តែមនុស្សជាច្រើននាក់នៅកំពុងបាត់ខ្លួននៅឡើយ។
លោក Federico Fossi អ្នកនាំពាក្យទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា «ស្ថានភាពស្ថិតក្នុងភាពច្របូកច្របល់ យើងមិនដឹងប្រាកដពីចំនួនមនុស្ស ក៏ប៉ុន្តែយើងភ័យខ្លាចថា មនុស្សរហូតដល់ ៧០០នាក់ អាចលង់ទឹកស្លាប់នៅក្នុងការលិចទូក០៣គ្រឿងនៅសប្តាហ៍នេះ»។
យោងតាមឆ្មាំការពារដែនសមុទ្រអ៊ីតាលីបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ជនចំណាកស្រុកជាង១.៩០០នាក់ត្រូវបានជួយសង្គ្រោះពីទូកនៅក្នុងសមុទ្រមេឌីទែរ៉ានេនៅក្នុងកិច្ចប្រតិបត្តិការ១៦ផ្សេងៗគ្នា។
អ្នកនៅរស់រានមានជីវិតពីទូកលិចទាំងនោះត្រូវបានយកទៅកាន់ទីក្រុងកំពង់ផែ Tarando និង Pozalloនៃប្រទេសអ៊ីតាលី ដែលនៅទីនោះពួកគេនឹងស្ថិតនៅក្នុងការឃុំឃាំង ខណៈដែលអាជ្ញាធរអ៊ីតាលីប្រមូលព័ត៌មានពីពួកគេ៕