វីអូអេផ្នែកផ្សាយជាភាសាកូរ៉េបានរាយការណ៍ថាកាលពីថ្ងៃសុក្រ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានព្រមានប្រទេសកូរ៉េខាងជើងថាខ្លួននឹង «ធ្វើការតបតយ៉ាងខ្លាំងនិងម៉ឺងម៉ាត់» ប្រសិនបើកូរ៉េខាងជើងធ្វើសកម្មភាពបង្ករឿងប្រឆាំងនឹងកូរ៉េខាងត្បូង។ លោក Kim Min-seok អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយប្រាប់ក្រុមអ្នកកាសែតថារដ្ឋាភិបាលក្រុងព្យុងយ៉ាងគួរបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូល។ អត្ថាធិប្បាយរបស់លោក Kim Min-seok ធ្វើទ្បើងជាការឆ្លើយតបនឹងអត្ថាធិប្បាយដោយអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើង។ កាលពីថ្ងៃព្រហស្បតិ៍ លោក Hyon Yong Chol អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើងបាននិយាយថា ប្រទេសលោកនឹងឆ្លើយតបដោយម៉ឺងម៉ាត់ដល់សង្គ្រាម ឬការវាយប្រហារណាមួយពីស.រ.អា.ដោយលោកបានថ្លែងថាសេចក្តីសម្រេចរបស់ប្រទេសលោកក្នុងការរក្សាទុកអាវុធបរមាណូជាលទ្ធផលនៃគោលនយោបាយអរិភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕