ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​នីហ្សេ ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​យោធា


ក្រុមប្រឹក្សាជាតិសម្រាប់ការពារមាតុភូមិ (CNSP) នៃប្រទេសនីហ្សេ លោកវរសេនីយ៍ឯក Amadou Abdramane (ទី១រាប់ពីស្តាំ) និងលោកឧត្តមសេនីយ Mohamed Toumba (កណ្តាល) ត្រូវបាន​ស្វាគមន៍ដោយអ្នកគាំទ្រនៅពេលពួកគេដល់កីឡដ្ឋាន Stade General Seyni Kountche ក្នុងទីក្រុងនីញ៉ាម៉េ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
ក្រុមប្រឹក្សាជាតិសម្រាប់ការពារមាតុភូមិ (CNSP) នៃប្រទេសនីហ្សេ លោកវរសេនីយ៍ឯក Amadou Abdramane (ទី១រាប់ពីស្តាំ) និងលោកឧត្តមសេនីយ Mohamed Toumba (កណ្តាល) ត្រូវបាន​ស្វាគមន៍ដោយអ្នកគាំទ្រនៅពេលពួកគេដល់កីឡដ្ឋាន Stade General Seyni Kountche ក្នុងទីក្រុងនីញ៉ាម៉េ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

មន្ត្រី​ការទូត​អាមេរិក​កំពូល​មួយ​រូប ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នីហ្សេ ​ដើម្បី​ជំរុញ​មេដឹកនាំ​យោធា​ថ្មី​ ឱ្យ​ដាក់​ឡើងវិញ​នូវ​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ ​ឱ្យឡើង​កាន់​អំណាច។

អនុរដ្ឋមន្ត្រី​ការបរទេសទទួល​បន្ទុក​កិច្ចការ​នយោបាយ​ អ្នកស្រី Victoria Nuland ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម X ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ពីមុន​ថា​ Twitter ​ថា ​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានីនីញ៉ាម៉េ ​«ដើម្បី​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការប៉ុនប៉ង​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដើម្បី​ដណ្តើម​អំណាច​ និង​បាន​ជំរុញ​ឱ្យ​មាន​ការវិលត្រឡប់​ទៅ​ការគោរព​រដ្ឋធម្មនុញ្ញ​វិញ»។

អ្នកស្រី Nuland បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃចន្ទ​ថា អ្នកស្រី​បាន​ជួប​ជា​មួយ «ប្រមុខ​ការពារជាតិ​ដែល​ប្រកាស​តំណែង​ដោយ​ខ្លួនឯង» ​លោក​ឧត្តមសេនីយត្រី​ Moussa Salaou Barmou ​និង​មន្ត្រី​យោធា​បីនាក់​ផ្សេងទៀត​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច ​ដែល​អ្នកស្រី​បាន​ពណ៌នាកិច្ចពិភាក្សា​នោះ​ថា​ «មាន​ភាព​ស្មោះត្រង់​ខ្លាំង ​និង​ពេលខ្លះ​ពិបាក​ណាស់»។

អ្នកស្រី​បាន​និយាយ​ថា​ ក្រុម​មន្ត្រី​យោធា​គឺ ​«រឹង​មាំ​ណាស់​លើ​ជំហានដែល​ពួកគេ​ចង់ធ្វើ​បន្ត» ​ដែល​អ្នកស្រី​រៀបរាប់​ការណ៍​នោះ​ថា ​«មិនស្រប​នឹង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នីហ្សេ»។ អ្នកស្រី​និយាយ​ថា មេដឹកនាំ​រដ្ឋប្រហារ​បាន​បដិសេធ​សំណើ​របស់​អ្នកស្រី​ក្នុង​ការជួប​ដោយ​ផ្ទាល់​ជាមួយ ​លោក​ប្រធានាធិបតី​ Mohamed Bazoum ​និង​ក្រុមគ្រួសារ​របស់​លោក ​ក៏​ដូចជា​មេដឹកនាំ​រដ្ឋប្រហារ​ លោកឧត្តមសេនីយ៍ ​Abdourahamane Tchiani។

អ្នកស្រី Nuland ​ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋ​មន្ត្រី​ការបរទេស​ស្តី​ទី​ បាននិយាយ​ថា ​អ្នកស្រី​ត្រូវ​បាន​ស្នើ​ដោយ​រដ្ឋមន្ត្រី​ការបរទេស ​លោក Antony Blinken ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​នីញ៉ាម៉េ ​ដើម្បី ​«មើល​ថា​តើ​យើង​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​តាមការទូត​ដែរ​ឬទេ» និង​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ទៅ​កាន់​របប​យោធា​ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​អាច​កាត់​ផ្តាច់ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​ជំនួយ​ផ្សេងៗ​ដល់​ប្រទេស​នីហ្សេ «ប្រសិន​បើ​លទ្ធិប្រជាធិបតេយ្យ​មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ»។

អ្នកនាំពាក្យ​នៃ​សហគមន៍​សេដ្ឋកិច្ចនៃ​បណ្តា​រដ្ឋអាហ្រ្វិក​ខាងលិច (ECOWAS) ដែល​ជា​ប្លុក​តំបន់​មួយ​បាន​និយាយ​ថា ក្រុម​មេដឹកនាំ​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​វិសាមញ្ញ​មួយ​នៅ​ថ្ងៃព្រហស្បតិ៍ នៅ​រដ្ឋធានីអាប៊ូហ្សា​នៃ​ប្រទេស​នីហ្សេរីយ៉ា​ដែល​នៅ​ជិតខាង ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​នីហ្សេ បន្ទាប់​ពី​មេដឹកនាំ​របបយោធា​បាន​ផ្គើន​នឹង​ពេលវេលា​កំណត់​ដើម្បី​ដាក់​ប្រធានាធិបតី លោក Bazoum ឲ្យ​កាន់​តំណែង​ឡើងវិញ ឬ​ប្រឈម​មុខ​នឹង​អន្តរាគមន៍​យោធា​ដែល​អាច​កើត​មាន៕

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់ VOA អ្នកស្រី Anita Powell នៅ​សេតវិមាន និង​អ្នកស្រី Margaret Besheer នៅអង្គការ​សហប្រជាជាតិ​បាន​ចូល​រួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press, AFP និង Reuters។

XS
SM
MD
LG