ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​នីហ្សេ​អះអាង​ថា​បាន​ទម្លាក់​ប្រធានាធិបតី Bazoum


អ្នក​គាំទ្រ​ប្រធានាធិបតី​នីហ្សេ​លោក Mohamed Bazoum ប្រមូល​ផ្តុំ​គ្នា​ បង្ហាញ​ការ​គាំទ្រ​ដល់​លោក​នៅ​​រដ្ឋធានី​នីញ៉ាម៉េ (Niamey) កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣។
អ្នក​គាំទ្រ​ប្រធានាធិបតី​នីហ្សេ​លោក Mohamed Bazoum ប្រមូល​ផ្តុំ​គ្នា​ បង្ហាញ​ការ​គាំទ្រ​ដល់​លោក​នៅ​​រដ្ឋធានី​នីញ៉ាម៉េ (Niamey) កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣។

អង្គការ​សហប្រជាជាតិ​និង​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​ដោះលែង​ប្រធានាធិបតី​នីហ្សេ​លោក Mohamed Bazoumបន្ទាប់ពី​ទាហាន​មួយ​ក្រុម​បាន​អះអាង​ថា​បាន​ដក​លោក​ចេញពី​តំណែង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់​ថា​ លោក​បាន​និយាយ​ជាមួយ​លោក​ប្រធានាធិបតី Bazoum ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ សហរដ្ឋ​អាមេរិក​គាំទ្រ​លោក​យ៉ាង​ខ្លាំងជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​ប្រទេស​នីហ្សេ។

លោក Blinkenបាន​ថ្លែង​ទៀត​ថា៖ «ទោះបី​ការណ៍​នេះ​បង្កើត​ឱ្យ​មាន​រដ្ឋប្រហារ​ឬ​ក៏​អត់​ក៏ដោយ​បើ​តាមបច្ចេកទេស ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ នេះ​ជា​បញ្ហា​សម្រាប់​ពួក​មេធាវី​និយាយ ក៏ប៉ុន្តែ អ្វី​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នោះ​ជា​ការប៉ុនប៉ង​ដើម្បី​ដណ្តើម​អំណាច​ដោយ​កម្លាំង​និង​ដើម្បី​បង្អាក់​ដល់​រដ្ឋធម្មនុញ្ញ»។

លោក Stephane Dujarric អ្នក​នាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterresបាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​ថា​អង្គការ​សហប្រជាជាតិ​ឈរ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ប្រជាធិបតេយ្យ​និង​ប្រជាពលរដ្ឋ​នីហ្សេ។

លោក Dujarric បាន​និយាយ​ថា​ លោក Guterres មាន​«ការព្រួយ​កង្វល់​យ៉ាង​ខ្លាំង»​អំពី​ការ​ឃុំឃាំង​លោក Bazoum ហើយ​បាន​អំពាវនាវ​ឲ្យដោះលែង​លោក​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន។
ស្ថានភាព​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ពេល​ដែល​ពួក​ទាហាន​បាន​ប្រើប្រាស់​ទូរទស្សន៍​ជាតិ​ដើម្បី​ប្រកាស​ថា​ពួកគេ​បាន​បណ្តេញ​លោកBazoum​ចេញ​ពី​តំណែង។

អ្នក​ស្រី Carol Van Dam Falk នៃ​វីអូអេ​និង​ក្រុម​ផ្សាយ​ព័ត៌មានVOAជា​ភាសា​បារាំង​ទៅកាន់​ទ្វីប​អាហ្វ្រិក​បាន​ផ្តល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយ ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មានAFP និងReuters។

XS
SM
MD
LG