ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ជាប់​ឆ្នោត​នៅ​សៀមរាប មន្ត្រីឃុំ​សង្កាត់​មក​ពី​បក្សភ្លើងទៀន​ផ្តើម​ប្រឡូក​កិច្ចការ​រដ្ឋបាល​មូលដ្ឋាន


អ្នកស្រី​ គង់ ចាន់​ថា​ អាយុ​ ២៦ ឆ្នាំ​ ដែល​ទើប​ជាប់​ឆ្នោត​ជា​មេឃុំ​ជំទប់​ទី​ ២​ ប្រចាំ​ឃុំ​ព្រះ​ដាក់​ ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប ផ្តល់​បទសម្ភាសន៍ឲ្យ​វីអូអេ​ កាលពី​ថ្ងៃទី​១៤​ ខែកក្កដា ឆ្នាំ​២០២២។​ (ហ៊ុល រស្មី​/វីអូអេ)​
អ្នកស្រី​ គង់ ចាន់​ថា​ អាយុ​ ២៦ ឆ្នាំ​ ដែល​ទើប​ជាប់​ឆ្នោត​ជា​មេឃុំ​ជំទប់​ទី​ ២​ ប្រចាំ​ឃុំ​ព្រះ​ដាក់​ ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប ផ្តល់​បទសម្ភាសន៍ឲ្យ​វីអូអេ​ កាលពី​ថ្ងៃទី​១៤​ ខែកក្កដា ឆ្នាំ​២០២២។​ (ហ៊ុល រស្មី​/វីអូអេ)​

អ្នកស្រី​ គង់​ ចាន់​ថា​ បាន​ចូលកាន់​តំណែង​ជា​ជំទប់​ទី ២ ​មក​ពី​គណបក្ស​ភ្លើងទៀន ប្រចាំ​ឃុំ​ព្រះ​ដាក់ ដែល​ជា​ទី​កន្លែង​កំណើត​របស់​អ្នកស្រី នៅ​ស្រុក បន្ទាយស្រី ​ខេត្ត​សៀមរាប កាលពី​ខែ​កក្កដា។

មុន​ពេល​ចូល​មក​ឈរ​ឈ្មោះ​ជាបេក្ខជន​ក្នុងការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃទី​ ៥ ខែ​មិថុនា​ ឆ្នាំ​ ២០២២ ស្ត្រី​វ័យ​ ២៦ ឆ្នាំ​រូបនេះ មាន​អាជីព​ជា​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​នៅ​កម្រិត​បឋម​សិក្សា។ បន្ទាប់​ពី​បានចូល​ទៅបម្រើ​ការងារនៅ​សាលា​ឃុំព្រះដាក់​ ការរៀន​សូត្រ​អំពី​កិច្ចការ​រដ្ឋបាល​ភូមិឃុំ​ ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​អ្នកស្រី គង់ ចាន់ថា ក្នុងនាម​ជាមេឃុំ​ជំទប់​ទី ​២។

អង្គុយ​នៅ​ក្រោម​ផ្ទះសង់​ពី​ឈើ​មួយ​ខ្នង ក្នុង​ឃុំ​ព្រះដាក់​ អតីត​គ្រូបង្រៀន​រូប​នេះ ​បាន​រៀបរាប់​ប្រាប់​វីអូអេ​ថា​ ការ​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ ទាំង​ដែល​គ្មានបទពិសោធន៍​ក្នុង​កិច្ច​ការ​រដ្ឋបាល​នោះ​ គឺ​ដើម្បី​បង្ហាញ​ថា​ អ្នក​ស្រី​ចង់​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ ដូច​ជា​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដែល​កំពុង​កើតមាន​នៅ​ក្នុង​សហគមន៍​របស់​អ្នកស្រី។ អ្នកស្រី​ថ្លែង​ថា៖

«ទាល់​តែ​យើង​សាក​ល្បង​បាន​យើង​ដឹង​ថា​ វា​ពិបាក​ ឬក៏​វាយ៉ាង​ម៉េច។ បើសិន​ជា​យើង​អត់​គិត​ ហើយ​អត់​ចេះ​ ហើយ​យើង​អត់​ហ៊ាន​ អត់​ក្លាហាន​ដើម្បី​ឈរ​ឈ្មោះ​ គឺ​យើង​នៅតែ​អីចឹង​ដដែល​ អត់​ដឹង​ទេ​ច៎ា!»។

ឃុំ​ព្រះដាក់​ ជាឃុំស្ថិត​ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន ១០០ ​របស់ខេត្តសៀមរាប ​ដែល​ជា​ទីតាំង​វប្បធម៌​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។​

នៅ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លងទៅ​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន ១៣ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​ ១៧ ដែល​បាន​ដាក់​បេក្ខជន​ដណ្តើម​យក​តំណែង​ចៅសង្កាត់​មេឃុំ​ និង​ក្រុម​ប្រឹក្សា​ក្នុង​ខេត្ត​សៀមរាប។

នៅក្នុង​ចំណោម​គណបក្ស​ទាំង​អស់​នោះ មាន​គណបក្ស​លេច​ធ្លោពីរ​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​ភ្លើង​ទៀន​ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅគ្រប់​ឃុំ​សង្កាត់​របស់​ខេត្ត​ទេសចរណ៍​មួយ​នេះ។

ទិដ្ឋភាព​ទូទៅ​នៃ​សាលាឃុំ​ព្រះដាក់​ នៅ​ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល​ រស្មី/វីអូអេ)
ទិដ្ឋភាព​ទូទៅ​នៃ​សាលាឃុំ​ព្រះដាក់​ នៅ​ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល​ រស្មី/វីអូអេ)

អ្នកស្រី​ គង់​ ចាន់ថា​ បាន​សង្កេត​ឃើញការ​លំបាក​មួយ​ចំនួន​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ព្រះដាក់​ ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សង់​ ជួស​ជុល​ ឬ​កែ​លម្អ​ផ្ទះ ដែលជា​កត្តា​មួយ​ផ្នែក​ជំរុញឲ្យ​អ្នកស្រី​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ។ បន្ថែម​លើ​នេះ ការ​ជំរុញឲ្យ​មាន​សេវា​សាធារណៈ​ឆាប់​រហ័ស​ និង​មិន​យក​កម្រៃជូនពលរដ្ឋ ក៏​ដូច​ជា​ការ​ផ្តល់​ឲ្យពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ច្រើន ​ក្នុង​ការ​បញ្ចេញ​មតិ​ ក៏​ជា​ផ្នែក​មួយ​ ដែល​តោង​ឲ្យ​អ្នក​ស្រី​ជម្នះ​ភាព​ភ័យ​ខ្លាច​ មក​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ រហូត​ដល់​បាន​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ជំទប់ទី ២។ អ្នក​ស្រី​ថ្លែង​ថា៖

«ចង់​និយាយ​ថា​ ជួយ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ រហ័ស​ទាន់​ចិត្ត​ ហើយ​និង​មិន​យក​កម្រៃ​ ហើយ​និង​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ ដើម្បី​ចង់​និយាយថា​ដើម្បី​បង្កើត​មុខ​របរ​អ្វី​មួយ​ ដើម្បី​ស្ថាបនា​ ឬក៏​កសាង​អ្វី​មួយ​ឲ្យ​គាត់​មាន​សិទ្ធិ​បញ្ចេញ​មតិ»។ ​

នៅ​ក្នុង​ឃុំ​ព្រះ​ដាក់​នេះ ដែល​ស្ថិត​នៅចម្ងាយ​ជាង​ ២០​ គីឡូម៉ែត្រ​ពីក្រុង​សៀមរាប​ ពលរដ្ឋ​មួយ​ចំនួន​មិនសូវ​ហ៊ាន​បញ្ចេញ​មតិ​អំពី​ជម្រើស​នយោបាយ​របស់​ពួក​គេ ក្រោម​ហេតុ​ផល​មិន​សូវ​បាន​តាម​ដាន​ពី​ស្ថានភាព​នយោបាយ​ និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​

ក៏ប៉ុន្តែ​នៅ​ក្នុង​ក្រុង​សៀមរាប​ ពលរដ្ឋ​មួយ​ចំនួន​និយាយ​ថា​ សមាសភាព​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ភ្លើង​ទៀន​ក្នុង​រដ្ឋ​បាល​ឃុំ​សង្កាត់​ មាន​សារៈ​សំខាន់​សម្រាប់​ដំណើរ​ការ​ប្រជាធិបេតយ្យ​ និង​ការ​អភិវឌ្ឍ​នៅថ្នាក់​ក្រោម​ជាតិ។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​នេះ​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​គណបក្ស​ភ្លើង​ទៀន​ឲ្យ​មក​បម្រើ​ពួក​គេ​ផងដែរ។

លោក​ នង ធារ៉ា​ វ័យ​ ៣០​ ឆ្នាំ​ គឺ​ជា​ចៅ​សង្កាត់​រង​ទី​ ២ ​នៃ​សាលា​សង្កាត់​សាលា​កំរើក មក​ពី​គណបក្ស​ភ្លើង​ទៀន។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រកំព្យូទ័រ​ នៅ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ក្រុង​សៀមរាប។

ស្រដៀង​គ្នា​នឹង​អ្នកស្រី​ គង់ ចាន់ថា​ ជំទប់​ទី ២​ នៅ​ឃុំ​ព្រះ​ដាក់​ លោក​ ធារ៉ា​ មិន​មាន​បទ​ពិសោធន៍​ក្នុង​កិច្ចការ​រដ្ឋ​បាល​នោះ​ទេ។ លោក​បាន​ចូល​កាន់​តំណែង​ដំណាល​គ្នា​នឹង​មន្ត្រី​ជា​មេឃុំ​ចៅសង្កាត់​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឯ​ទៀត​ក្នុង​ខេត្ត​សៀមរាប​ កាល​ពីដើម​ខែ​កក្កដា​ ឆ្នាំ​ ២០២២​ នេះ។

លោក​នង ធារ៉ា​ វ័យ​ ៣០​ ឆ្នាំ​ ជា​ចៅ​សង្កាត់​រង​ទី​ ២ ​នៃ​សាលា​សង្កាត់​សាលា កំរើក មក​ពី​គណបក្ស​ភ្លើង​ទៀន ផ្តល់​បទសម្ភាសន៍​ឲ្យ​វីអូអេ នៅ​ទីក្រុង​សៀមរាប កាលពី​ថ្ងៃទី ១៥ ខែ​កក្កដា ឆ្នាំ ២០២២។ (ហ៊ុល រស្មី/វីអូអេ)
លោក​នង ធារ៉ា​ វ័យ​ ៣០​ ឆ្នាំ​ ជា​ចៅ​សង្កាត់​រង​ទី​ ២ ​នៃ​សាលា​សង្កាត់​សាលា កំរើក មក​ពី​គណបក្ស​ភ្លើង​ទៀន ផ្តល់​បទសម្ភាសន៍​ឲ្យ​វីអូអេ នៅ​ទីក្រុង​សៀមរាប កាលពី​ថ្ងៃទី ១៥ ខែ​កក្កដា ឆ្នាំ ២០២២។ (ហ៊ុល រស្មី/វីអូអេ)

យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​សាលាសង្កាត់​ដែលទើប​ជាប់​ឆ្នោត​ថ្មី​រូប​នេះ​ តាំង​ចិត្តនឹង​សិក្សា​បន្ថែម​ពី​កិច្ចការ​រដ្ឋបាល​ និង​ការ​តស៊ូមតិ​នៅ​សាលា​សង្កាត់ ពាក់​ព័ន្ធនឹង​ការ​សម្រេច​ចិត្ត​ណាមួយ​ ដើម្បី​អភិវឌ្ឍសង្កាត់។ ហើយ​លោក​ក៏នឹង​ជួយ​សម្រួល​ និង​ពន្លឿន​ការងារ​ដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់​រហ័ស​ជាង​មុន។

លោក​ប្រាប់​វីអូអេ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ថា​ បញ្ហា​បរិស្ថាន​នៅក្នុង​សង្កាត់​សាលា​កំរើក ​ក៏ជា​កិច្ច​ការ​ដែល​លោក​ត្រូវផ្តល់​អាទិភាព​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ និង​ក្រៅ​ប្រទេស។ លោក​ថ្លែង​ថា៖​

«សាលា​កំរើក​គឺ​ជាសង្កាត់​បេះ​ដូង​នៃ​ខេត្ត​សៀមរាប​ ហើយ​ខេត្ត​សៀមរាប​ គឺ​ជា​ខេត្ត​ដែល​ទេសចរណ៍​ទាក់​ទាញ​ភ្ញៀវ​ ដល់​ពេល​អីចឹង​ទៅ​បញ្ហា​សំរាម​ហ្នឹង​គឺ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ដែរ​ វា​ធុំក្លិន​ស្អុយ​ វាធំុក្លិន​ អី​នៅ​តាម​ដង​ផ្លូវ​ ហើយ​ភ្ញៀវ​ទេសចរ​ គាត់​ដើរ​តាម​ផ្លូវ​ហើយ​ គាត់​ធុំ​ក្លិន​ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ មិនមែន​តែ​សុខភាព​ភ្ញៀវ​ទេសចរ​ទេ​ សុខ​ភាព​ប្រជា​ពលរដ្ឋ​ក៏វាធ្វើ​ឲ្យ​ប៉ះពាល់​ដែរ»។

ចៅសង្កាត់រងទី​ ២​ វ័យ​ក្មេង​រូបនេះ​ អះអាង​ថា​ បើ​ចង់​ឲ្យ​សង្កាត់​មាន​របៀប​រៀបរយ​ទាំង​ក្នុង​វិស័យ​បរិស្ថាន​ ឬ​រដ្ឋា​ភិបាល​សាធារណៈ ចាំបាច់​ត្រូវ​មាន​កិច្ច​សហការ​ល្អ​ប្រសើរ​រវាង​សហការី​លោក​មក​ពី​គណបក្ស​ផ្សេង​គ្នា ហើយ​ត្រូវការលុបចោល​ផ្នត់​គំនិត​រើស​អើង​និន្នាការ​នយោបាយ​បក្ស​នៅ​ក្នុង​សាលាសង្កាត់​ទាំង​មូល។ លោក​ថ្លែង​ថា៖

«រាល់​ថ្ងៃ​ វា​អត់​មាន​អី​ទំនាស់​កើត​ឡើង​ទេ​ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ គាត់​និង​ខ្ញុំ​អាច​សហការ​គ្នា​បាន​ល្អ​ ទាក់​ទង​នឹង​បញ្ហា​អី​ណា​មួយ​ ទាក់​ទង​នឹង​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ សេវាកម្ម​ ឬក៏​បរិស្ថាន​ ឬ​ក៏​ផ្លូវ​ថ្នល់​ ឬក៏​អសន្តិសុខ​ ឬ​សន្តិសុខ​អី​ផ្សេងៗ​ហ្នឹង​ ខ្ញុំ​សង្ឃឹម​ថា​ គាត់​នឹង​សហការ​ជាមួយ​ពួក​យើង​ទាំង​អស់​គ្នា»។

ទិដ្ឋភាព​នៃ​ដងស្ទឹង​សៀមរាប​ នា​ក្រុង​សៀមរាប​ ថ្ងៃទី​ ១៥ ​ខែ​កក្កដា​ ឆ្នាំ​២០២២​។​ (ហ៊ុល រស្មី​/វីអូអេ)
ទិដ្ឋភាព​នៃ​ដងស្ទឹង​សៀមរាប​ នា​ក្រុង​សៀមរាប​ ថ្ងៃទី​ ១៥ ​ខែ​កក្កដា​ ឆ្នាំ​២០២២​។​ (ហ៊ុល រស្មី​/វីអូអេ)

មក​ទល់​ពេល​នេះ ទាំង​អ្នក​ស្រី​ គង់ ចាន់ថា​ និង​លោក​ នង ធារ៉ា មិនទាន់​ទទួល​បាន​ការ​បែងចែក​ការងារ​នៅ​សាលា​ឃុំ និងសង្កាត់​នៅ​ឡើយ ក្រោយ​ការ​ប្រកាស​ចូល​កាន់​តំណែង​កាល​ពី​ដើម​ខែ​កក្កដា​នេះ។ ហើយ​អ្នក​ទាំងពីរ​ សុទ្ធតែ​ជា​មន្ត្រី​ឃុំ​សង្កាត់​វ័យ​ក្មេង​មក​ពី​គណបក្ស​ប្រឆាំង ដែល​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​រដ្ឋបាល​នៅ​មាន​កម្រិត។ ដូច្នេះ​ការ​តស៊ូ​មតិ ដើម្បី​សម្រេច​បាន​គោលដៅ​នៃ​គោលនយោបាយ​ក្នុង​សហគមន៍​របស់​ពួកគេ​ អាច​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន។

អ្នក​ស្រី​ គង់​ ចាន់ថា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ អ្នក​ស្រី​គ្រាន់​តែ​ទៅ​បង្ហាញ​មុខ​នៅ​សាលា​ឃុំ​ព្រះដាក់ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ស្គាល់។ ហើយ​ដំណាល​គ្នា​នោះ​ អ្នក​ស្រី​ ត្រៀម​នឹង​រៀន​សូត្រ​បន្ថែម​ពីកិច្ចការ​ច្បាប់​និង​សេដ្ឋកិច្ច​ ដើម្ប​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​អ្នក​ស្រី​ ជាទី​ដែល​ពលរដ្ឋ​មិនសូវ​មាន​ជីវភាព​ធូរធា​។

សម្រាប់​អ្នកស្រី​ គង់ ចាន់ថា​ ការ​តស៊ូ​មតិ​នៅ​សាលា​ឃុំ​ ជា​ក្តីបារម្ភ​មួយ​ផងដែរ​សម្រាប់​អ្នកស្រី​ ព្រោះគ្រួសារ​អ្នកស្រីធ្លាប់​ពើប​ប្រទះ​ការ​រើស​អើង​ខាង​នយោបាយ​ ដោយ​សារ​តែ​ការ​គាំទ្រ​គណបក្ស​ប្រឆាំង។ ហើយ​នៅ​ក្នុង​សាលា​ឃុំ​ទៀត​សោត​ គឺ​មាន​តែ​អ្នក​ស្រី​ម្នាក់​ឯង​ប៉ុណ្ណោះ​ ដែល​បាន​ជាប់​ឆ្នោត​តាម​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​ជូន​គណ​បក្ស​ភ្លើង​ទៀន។ អ្នក​ស្រី​ឲ្យ​ដឹងថា៖

«ខ្ញុំ​គិត​ដែរ​តើ​បង​ ព្រោះ​អី​យើង​ម្នាក់​ឯង​ ហើយ​ស្រី​ ហើយ​នៅ​ក្មេង​ទៀត​ ខ្ញុំ​គិត​ថា​ខ្លាច​តែ​ខ្ញុំ​ជំទាស់​អី​គេ​ ឬ​ក៏​ចង់​លើក​អ្វី​មួយ​ទៅ​ គេ​អត់​យល់​ស្រប​តាម​យើង។ យើង​មិន​ដឹង​ថា​ជជែក​ជាមួយ​អ្នក​ណា​គេ​ ព្រោះ​យើង​ម្នាក់​ឯង»។

ដោយ​ឡែក​ លោក​ នង ធារ៉ា​ ចៅ​សង្កាត់​រង​ទី​ ២ នៃ​សង្កាត់​សាលា​កំរើក​ មាន​សុទិដ្ឋិនិយម​ក្នុង​ការ​តស៊ូមតិ​ ដោយ​លើក​ហេតុផល​ថា លោក​ធ្លាប់ចូលប្រឡូក​ការងារ​នេះ​មួយ​ចំនួន​នា​ពេល​កន្លង​មក។ អ្វី​ដែល​ជាការ​បារម្ភ​របស់​លោក​នោះ គឺ​ការ​បែង​ចែក​ការងារ​ និង​បន្ទប់​សម្រាប់​ធ្វើ​ការ​នៅ​សាលា​សង្កាត់ ដែល​មានមន្ត្រីក្រុម​ប្រឹក្សា​ពីរ​រូប​ទៀត​ បាន​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ភ្លើង​ទៀន។

ក្នុងនាម​តួនាទី​លោក​ជា​ ចៅ​សង្កាត់​រង​ទី​ ២ លោក​នឹង​ត្រូវ​ទទួលបន្ទុកការងារ​របស់​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ គណៈកម្មាការ​យុទ្ធនាការ​ជំងឺអេដស៍ គណៈ​កម្មការ​ឃោសនា​ សកម្មភាព​រួម​ស្តី​ពី​គណនេយ្យភាព​សង្គម​ និង​គណៈ​កម្មការ​បរិស្ថាន​ និង​សណ្តាប់ធ្នាប់​ ដែល​ជា​ការ​ចាត់​ចែង​ដោយ​ក្រសួង​មហាផ្ទៃ។ លោក​ នង ធារ៉ា រៀប​រាប់​ថា៖

«ខ្ញុំ​ចង់​បាន​ លក្ខណៈ​ថា​ បន្ទប់​ដាច់​ដោយ​ឡែក​ពី​គ្នា​ ឧទាហរណ៍​ចៅ​សង្កាត់​ ឬក៏​មេឃុំ​គឺ​មាន​បន្ទប់​មួយ។ ចៅសង្កាត់​រង​ទី​ ១ អីចឹង​ គាត់​មាន​បន្ទប់​មួយ​ ចៅ​សង្កាត់​រង​ទី​ ២​ មាន​បន្ទប់​មួយ​ បន្ទប់​រដ្ឋបាល​ មាន​បន្ទប់​មួយ​ បន្ទប់​ស្មៀន​មាន​បន្ទប់​មួយ​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ក៏មាន​បន្ទប់​មួយ​អីចឹង​ទៅ​ ដើម្បី​ប្រជាពលរដ្ឋ​ គាត់​មក​ទទួល​សេវាកម្ម​ហ្នឹង​បាន​ល្អ​ ហើយ​និង​ចំ​គោលដៅ»។

នៅ​ឯឃុំ​រុណតាឯក​វិញ លោក ម៉ុច សៅ​ អាយុ ​៣៦​ ឆ្នាំ​ ជា​បេក្ខជន​មក​ពី​គណបក្ស​ភ្លើង​ទៀន​ និង​មួយរូប​ទៀត​មក​ពី​គណបក្ស​ដដែល​នេះបាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​មេ​ឃុំ​ជំទប់​ទី​ ២​ នៅ​សាលាឃុំ​រុណតាឯក។

លោក​ ម៉ុច សៅ ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​នោះ​ ក៏​ជួប​បញ្ហា​ប្រឈម​ស្រដៀង​គ្នា​ នឹង​បេក្ខជន​ជាប់​ឆ្នោត​មួយ​ចំនួន​ទៀត​របស់​គណបក្ស​ភ្លើង​ទៀន ពោល​គឺ​ត្រូវ​សិក្សា​រៀនសូត្រ និង​ដក​ស្រង់​បទពិសោធន៍​អំពី​កិច្ចការ​រដ្ឋបាល​ក្នុង​ឃុំ។ លោក​ថ្លែង​ថា៖

«បើយើង​បាន​ចូល​ទៅក្នុង​ក្រុម​ប្រឹក្សា​ហើយ​ យើង​អាច​ថា​ មាន​តួនាទី​បន្តិច​បន្តួច​ មិន​ឲ្យ​គេ​ធ្វើ​តែ​គេ​ អត្តនោម័តិ​ពេកទេ​ យើង​អាច​មាន​ ដូច​ថា​ ការ​និយាយ​ស្តី​របស់​យើង​ទៅកាន់គេ​ខ្លះ​បាទ»។

លោក ម៉ុច សៅ​ អាយុ ​៣៦​ ឆ្នាំ​ ជា​បេក្ខជន​មក​ពី​គណបក្ស​ភ្លើង​ទៀន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ ឃុំរុណតាឯក​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប​ នៅ​ទីក្រុង​សៀមរាប កាលពី​ថ្ងៃទី ១៤ ខែ​កក្កដា ឆ្នាំ ២០២២។ (ហ៊ុល រស្មី/វីអូអេ)
លោក ម៉ុច សៅ​ អាយុ ​៣៦​ ឆ្នាំ​ ជា​បេក្ខជន​មក​ពី​គណបក្ស​ភ្លើង​ទៀន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ ឃុំរុណតាឯក​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប​ នៅ​ទីក្រុង​សៀមរាប កាលពី​ថ្ងៃទី ១៤ ខែ​កក្កដា ឆ្នាំ ២០២២។ (ហ៊ុល រស្មី/វីអូអេ)

មុន​ពេល​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ លោក​ ម៉ុច​ សៅ​ មាន​របរ​កសិកម្ម​ ដោយ​ពុំធ្លាប់​ធ្វើ​ការ​ក្នុង​ផ្នែក​រដ្ឋបាល​ទេ។ លោក​បាន​ទទួល​ការសិក្សា​ក្នុង​កម្រិត​បឋម​សិក្សា​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ភាពយឺតយ៉ាវ​នៃ​សេវារដ្ឋបាល​នៅ​សាលា​ឃុំ​ និងជម្លោះ​ដីធ្លី​មួយចំនួន​ដែលមិន​ទាន់​ដោះ​ស្រាយ​រួច​នៅ​មូលដ្ឋាន​របស់​លោក បាន​លើក​ទឹក​ចិត្ត​ឲ្យ​លោក​ចូល​ប្រឡូក​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដែល​ជាបក្ស​បង្កើត​ឡើង​ដោយលោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ប៉ិច ពិសី​ យល់​ថា​ វត្តមាន​របស់​គណបក្ស​ចម្រុះ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​បង្កើត​ឲ្យ​មានច្រក​នៃ​ការ​ផ្ទៀង​ផ្ទាត់​ការប្រើ​ប្រាស់​អំណាច​ ស្របទៅ​តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ធានា​បានតម្លាភាព និង​គណនេយ្យ​ភាព​ចំពោះ​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​និយាយ​ថា៖

«ជា​ជំហាន​ល្អ​មួយ​ក្នុង​ការ​ចូលរួម​ត្រួត​ពិនិត្យ​អំណាច​គ្នា​ទៅវិញ​ទៅ​មក​ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​គ្រប់​គ្រង​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន​ហ្នឹង។ កាលណា​យើង​មាន​គណបក្ស​ច្រើន​ យើង​មាន​តំណាង​ពលរដ្ឋ​ ដែល​បាន​ចូលរួមបោះ​ឆ្នោត​ជ្រើស​រើស​ហ្នឹង​ច្រើន​ យើង​គិត​ថា​ ពលរដ្ឋ​ប្រហែល​ជា​អាច​មាន​ជម្រើស ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​គណនេយ្យ​ភាព​នៅ​មូលដ្ឋាន​ហ្នឹង​ប្រសើរ​ជាង​មុន ព្រោះ​គាត់​អាច​ទៅ​រក​អ្នកធ្វើ​កិច្ចការ​ណា​មួយ​អត់​ដំណើរ​ការ​ គាត់​អាច​ទៅ​រក​អ្នក​ផ្សេង»។ ​

ជុំវិញ​កង្វះ​បទពិសោធន៍​របស់​សមាសភាព​សមាជិកក្រុមប្រឹក្សា​ ឬជំទប់​ឃុំ​ និង​ចៅសង្កាត់រង​របស់​គណ​បក្ស​ភ្លើង​ទៀន​ លោក ប៉ិច​ ពិសី​ ពន្យល់​ថា​ ក្រសួង​មហាផ្ទៃ​ មាន​ចំណែក​ក្នុង​ការបណ្តុះ​បណ្តាល​ក្រុម​ប្រឹក្សាដែល​ខ្វះពិសោធន៍​ និង​ជំនាញ។ ប៉ុន្តែ​ជា​ចំណុច​ចាប់​ផ្តើមនោះ គឺ​ក្រុមប្រឹក្សា​គួរ​តែត្រូវ​ទទួល​សិទ្ធិ​អំណាច​ក្នុង​ការ​បម្រើពលរដ្ឋ​ជា​មុន​សិន។ លោក​ថ្លែង​ប្រាប់​វីអូអេ​ថា​៖

«ទោះបី​ជា​គាត់​មិន​មាន​បទពិសោធន៍ មិន​មាន​ចំណេះដឹង​ទូលំទូលាយ ប៉ុន្តែ​ជា​ចំណុច​ចាប់​ផ្តើម​ គឺគាត់​ចូល​ធ្វើ​ការ​សិន​... អីចឹង​ រឿង​ចាំបាច់​ជាង​គេ​ គឺ​រឿង​ការ​ផ្តល់​សិទ្ធិ​អំណាច​ ការ​បង្កើត​បរិយាកាស​ឲ្យ​គាត់​ធ្វើ​ការ​ តាម​តួនា​ទី​ភារកិច្ច​របស់​គាត់​ទៅ​ ខ្ញុំគិត​ថា​ គាត់​អាចរៀន​សូត្រ​បណ្តើរៗ​ ហើយ​ធ្វើ​កិច្ច​ការ​បាន​ហើយ»។ ​

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពីអ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ​ សុភ័គ​ កាល​ពី​ថ្ងៃសុក្រ​ ទី​ ២២ ​ខែ​កក្កដា​ បាន​ទេ​ ដោ​យ​សារ​លោក​មានបញ្ហា​សុខភាព។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក​ ថាច់ សេដ្ឋា​ ប្រាប់​វីអូអេ​កាល​ពេល​ថ្មី​ៗ​នេះ​ថា​ គណបក្ស​មាន​ភាព​ប្រថុចញុច​ក្នុង​ការ​រៀបចំ​បេក្ខជន​ ដោយសារ​គណបក្ស​ភ្លើងទៀន​បាន​ដំណើរ​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី​ មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ យ៉ាងណា​មិញ​ លោក​ថា​ គណបក្ស​នឹង​ធ្វើ​ការ​បណ្តុះ​បណ្តាល​ក្រុម​ប្រឹក្សា​ដែល​ទើប​ជាប់​ឆ្នោត ហើយ​មិន​មាន​ចំណេះ​ដឹង​ទូលំទូលាយ​ និង​ខ្វះ​ខាត​បទ​ពិសោធន៍។ លោក​ថ្លែង​ថា​៖

«តម្រូវ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ក៏​គេ​មិន​តម្រូវ​ឲ្យ​អ្នកដែល​ចេះ​ដឹង​មាន​សញ្ញាបត្រ​ ខ្ពស់ៗ​អី​ដែរ​ ឲ្យ​ត្រឹម​តែ​អាន​បាន​ សរសេរ​បាន​ទេ​ ហើយ​បើ​ចំពោះ​ជាមួយ​គណបក្ស​ប្រជាជន​ ក៏​វា​ប្រហាក់​ប្រហែល​គ្នា​តាម​មូល​ដ្ឋាន​ គ្មាន​នរណា​បរិញ្ញាបត្រ​ គ្មាន​អីទេ​ វា​មាន​តិច​ណាស់។ អីចឹង​ទៅ​ នៅ​តាម​ឃុំ​សង្កាត់​ហ្នឹង​ គ្រាន់​តែ​ថា​ គណបក្ស​ប្រជាជន​ គាត់​ធ្លាប់​មាន​បទ​ពិសោធន៍​ធ្វើ​ជា​ក្រុម​ប្រឹក្សា​ មេឃុំ​ជំទប់​អីចឹង​ យូរ​ចឹង​ទៅ ហើយ​គ្នា​យើង​អ្នក​ ដែល​ខាង​គណបក្ស​ភ្លើង​ទៀន​ ដែល​មាន​បទ​ពិសោធន៍​នៅក្នុង​ហ្នឹង​ គាត់​វាធ្វើការ​ប្រហាក់​ប្រហែល​គ្នា​អីចឹង​ដែរ​ វាមិន​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ»។ ​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ មិន​បារម្ភ​ខ្លាំង​នឹង​បទពិសោធន៍​ការងារ​មាន​កម្រិត​របស់​ក្រុមប្រឹក្សា​ទើប​តែ​ជាប់​ឆ្នោត​ថ្មីៗនោះ​ទេ​ តែ​សំឡេង​ភាគតិច​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​ឃុំសង្កាត់ អាច​ជា​ឧបសគ្គ​មួយ​ ដើម្បី​ជំរុញ​ឲ្យ​អ្នក​គ្រប់គ្រង​រដ្ឋបាល​ភូមិ​ឃុំ​សង្កាត់​ ធ្វើ​ទៅ​តាមអ្វី​ដែល​អាច​ជា​ប្រយោជន៍​រួម​សម្រាប់​ពលរដ្ឋ​នៅ​មូល​ដ្ឋាន។ លោក​ថ្លែង​ថា៖

«ចំពោះ​ការ​អភិវឌ្ឍ​នៅ​ឃុំ​សង្កាត់​ហ្នឹង​ គឺ​វា​ត្រូវ​អនុម័ត​ផែនការ​អភិវឌ្ឍ​ហ្នឹង​ ដោយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​ ហើយ​បើ​ឃុំ​សង្កាត់​ហ្នឹង​ យើង​មិន​អាច​ជាប់​ជា​មេឃុំ​ ចៅ​សង្កាត់​ទេ​ យើង​អត់​មាន​សំឡេង​គ្រប់​គ្រាន់​ក្នុង​ការ​ដែល​យើង​សម្រេច​ទៅ​តាម​ គោល​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន​ បាន​ទេ​ បាន​យើង​ត្រឹម​តែ​ជំទាស់​ប៉ុណ្ណឹង​ទេ។ ហើយ​ជំទាស់​ហ្នឹង​ គឺយើង​មិនជំទាស់​ឈ្នះគេ​ដែរ​ ដោយ​សារ​តែ​គេ​សំឡេង​ភាគ​ច្រើន​ ដូច្នេះ​យើង​ត្រូវ​តែ​គោរព​ទៅ​តាម​ហ្នឹង ការរៀប​ចំអភិវឌ្ឍ​ទៅ​តាម​ហ្នឹង»។

ក្នុង​ខេត្ត​សៀម​រាប​ ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​សម្រាប់​អាណត្តិ​ទី ​៥ នេះ គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​ ១៥៣ អសនៈ ដែលនាំ​ឲ្យ​បេក្ខជន​មួយរូប​របស់​គណបក្ស​នេះ​បាន​ក្លាយ​ជាចៅ​សង្កាត់​រង ឬ​ជំទប់​ទី​ ១ ​និង ៩០ នាក់​ បាន​ក្លាយ​ជា​ចៅសង្កាត់រង ឬជំទប់​ទី​ ២​ និងសមាជិក​ក្រុម​ប្រឹក្សា​ នៅតាម​ឃុំ​សង្កាត់​ចំនួន​ ៩១​ឃុំ​សង្កាត់​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​អស់​ ១០០ ​ឃុំ​សង្កាត់។​

សំឡេង​នេះ​ គឺ​នៅ​ទាប​ជាង​ អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​ ៣៤៧ អសនៈ ក្នុង​នោះឈ្នះ​ជា​ចៅ​សង្កាត់​មេឃុំចំនួន ៥៦ ​ឃុំ​សង្កាត់​ កាល​ពីពេលបោះឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​ ២០១៧។ នេះ​បើ​តាម​គណបក្ស​ភ្លើង​ទៀន​ក្នុង​ខេត្ត​សៀមរាប។

ទិដ្ឋភាព​ដង​ផ្លូវ​នៅ​ក្នុង​ក្រុង​សៀមរាប​ ថ្ងៃ​ ទី​១៥​ ខែ​ កក្កដា ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)​
ទិដ្ឋភាព​ដង​ផ្លូវ​នៅ​ក្នុង​ក្រុង​សៀមរាប​ ថ្ងៃ​ ទី​១៥​ ខែ​ កក្កដា ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)​
អ្នក​រត់​ម៉ូតូកង់​បី​ក្នុង​ខេត្ត​សៀម​រាប​ លោក​ស៊ុម វុត្ថា​ អាយុ​៤៦ ឆ្នាំ​ ផ្តល់​បទសម្ភាសន៍​ឲ្យ​វីអូអេ​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ​)
អ្នក​រត់​ម៉ូតូកង់​បី​ក្នុង​ខេត្ត​សៀម​រាប​ លោក​ស៊ុម វុត្ថា​ អាយុ​៤៦ ឆ្នាំ​ ផ្តល់​បទសម្ភាសន៍​ឲ្យ​វីអូអេ​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ​)

បើ​តាម​លទ្ធផលផ្លូវការរបស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ នៅ​ឆ្នាំ​ ២០២២ នេះ​ គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ឈ្នះកាន់​កាប់​អសនៈ​ជាមេឃុំ និងចៅសង្កាត់​នៅ​គ្រប់​ឃុំ​សង្កាត់​ក្នុង​ខេត្តសៀមរាប ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ បាន​ឃើញនូវ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​គួរ​ឲ្យ​កត់​សម្គាល់ បើទោះបីជាវិស័យ​ទេស​ចរណ៍​ដែល​ជា​ចំណូល​សំខាន់​របស់​ខេត្តនេះ មិន​ទាន់​រើប​ខ្លាំង​វិញ​ក៏ដោយ​ បន្ទាប់ពីការ​វាយ​ប្រហារ​របស់​ជំងឺកូវីដ​១៩។ ​

​អ្នក​រត់​ម៉ូតូកង់​បី​ក្នុង​ខេត្ត​សៀម​រាប​ លោក​ ស៊ុម វុត្ថា​ អាយុ​ ៤៦ ឆ្នាំ​ កោត​សរសើរ ការ​អភិវឌ្ឍ​ដែល​កំពុង​លេច​ឡើង​ក្នុង​ទី​ក្រុង​សៀមរាប។

នៅ​ក្នុង​វិស័យ​នយោបាយ​ លោក​រំពឹង​ថា ការ​ចូលរួម​របស់ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​គណបក្ស​ជំទាស់​ក្នុង​រដ្ឋបាល​ឃុំ​សង្កាត់​ នឹង​ជំរុញ​ឲ្យមាន​ការ​អភវិឌ្ឍ​ច្រើនថែម​ទៀត និង​មាន​គណនេយ្យ​ភាពនៅ​តាម​ភូមិឃុំ​សង្កាត់។​ នេះ​មាន​ន័យ​ថា ការ​សម្រេច​លើ​គម្រោង​អភិវឌ្ឍ​ណាមួយ​នោះ​ ​នឹង​ឆ្លង​កាត់​ការ​ពិភ្សា​គ្នា​ស្តីពីផល​ប្រយោជន៍​ និង​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋនៅតាម​ឃុំសង្កាត់។ លោក​ប្រាប់​វីអូអេ​ថា៖

«មិន​ថា​ រក​ស៊ី​ មិន​ថា​ ធ្វើ​នយោបាយ​ទេ​ ទាល់​តែ​មាន​ដៃ​គូ​បាន​អាច​ប្រសើរ​ និង​រីក​ចម្រើន​ បើ​សិន​បើ​ជា​តែ​ម្នាក់​ឯង​ អីចឹង​ទៅ​ណា៎! គឺ​ថា​ ដូច​យើង​ថា​ ធ្វើ​អ្វី​តែ​ម្នាក់​ឯង​ វាអត់​មាន​គេ​ហៅ​ថា​ អ្នក​ជា​ដៃគូ​ អីចឹង​មាន​ន័យ​ថា​ មិន​ប្រសើរ​ទេ»។

ចៅ​សង្កាត់​សាលាកំរើក​នៃ​ក្រុង​សៀមរាប​ លោក​ សាម​ ឡម​ ដែល​គ្រប់គ្រង​សង្កាត់​បីអាណត្តិ​ជាប់ៗ​គ្នា​នោះ ចាត់​ទុក​ថា ការបង្ហាញ​ខ្លួន​របស់​សមាសភាព​នៃ​សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​សាលា​សង្កាត់​ ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ ហើយ​លោក​បាន​ចាប់​ផ្តើមធ្វើ​ការ​រួម​គ្នា​ ជាមួយ​សមាស​ភាព​ថ្មីនេះ​ ដើម្បី​បម្រើ​ប្រយោជន៍​របស់​ភូមិឃុំ​សង្កាត់។

​បើ​តាម​លោក ​សាម ឡម​ ទំនាស់​ការងារ​នឹង​មិន​កើតឡើង​ទេ នៅ​ពេល​អនាគត​ បើ​សិន​ជា​មាន​ការផ្លាស់​ប្តូរ​យោបល់​គ្នា និង​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។ លោក​មាន​ប្រសាសន៍​ថា៖

«ការងារ​ឲ្យ​ចេះ​ស្តាប់​គ្នា​ ចេះ​សួរ​យោបល់​ថា​ តើ​ធ្វើ​អីចេះ​ទៅ​វាត្រូវ​ ឬក៏​ខុស? ហើយ​បើសិន​ជា​យោបល់​ខ្ញុំ​អីចេះ​ទៅ យើង​លើក​ក្នុង​អង្គ​ប្រជុំ​ទៅ​ បើ​ថា​ យើង​មាន​សំណូម​ពរ​អី​ អង្គ​ប្រជុំ​គេ​ ពិភាក្សា​គ្នា​ទៅ​ គឺ​ថា យើង​ត្រូវ​គួរ​ យើង​ត្រូវ​ធ្វើ​ម៉េច? អានេះ​ គឺ​ជា​កិច្ច​ការ​ងារ​ យើង​មាន​ក្រុម​សង្កាត់​តើ!​ ពេល​ប្រជុំ​យើងលើក​ទៅ! ការងារ​នៅ​ក្នុង​រដ្ឋបាល​សង្កាត់​ វា​គ្មាន​អី​បញ្ហា​ប្រឈម​ទេ​ឲ្យ​តែ​យើង​អនុវត្ត​ទៅ​តាម​ គោល​ការណ៍​បទ​បញ្ជា​ផ្ទៃក្នុង​ ហើយ​និង​ច្បាប់​រដ្ឋបាល​ឃុំ​សង្កាត់ វាអត់​មាន​បញ្ហា​ប្រឈម​ទេ»។

ទាក់​ទិន​ការបែង​ចែក​ការងារ​របស់​សមាស​ភាព​ថ្មី​នៃសមាជិក​ក្រុម​ប្រឹក្សា​ និង​ចៅសង្កាត់​រង​ទី​ ២ មកពី​គណ​បក្ស​ជំទាស់​ លោក​ចៅ​សង្កាត់​ សាម​ ឡម​ ពន្យល់​ថា​ តាម​នីតិវិធី​ ក្រោយ​ការ​ប្រកាស​សុពល​ភាព​ហើយ​ នឹង​មានការ​ប្រជុំ​ឆ្លង​បទបញ្ជា​ផ្ទៃ​ក្នុង។ ហើយ​នៅពេល​ខេត្ត​ទទួល​ស្គាល់​ជាផ្លូវ​ការ​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នោះ ការ​រៀបចំ​គណៈកម្មការ​នៅ​សង្កាត់​នឹង​ធ្វើ​ឡើង​ បន្ទាប់មក​នឹង​មាន​ការ​បែង​ចែក​ការងារ​ទៅ​តាមភារកិច្ច​ ជំនាញ​ និង​តួនាទី​អ្នកបម្រើ​ការ​ងារ​នៅ​ក្នុង​សង្កាត់។

ទិដ្ឋភាព​ទូទៅ​នៃ​សាលា​សង្កាត់​សាលា​កំរើក​ ក្នុង​ក្រុង​សៀមរាប​ ខេត្ត​សៀម​រាប​ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០២២​។ (​ហ៊ុល រស្មី​/វីអូអេ)​
ទិដ្ឋភាព​ទូទៅ​នៃ​សាលា​សង្កាត់​សាលា​កំរើក​ ក្នុង​ក្រុង​សៀមរាប​ ខេត្ត​សៀម​រាប​ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០២២​។ (​ហ៊ុល រស្មី​/វីអូអេ)​

ការ​វិល​មក​វិញ​របស់​គណបក្ស​ភ្លើង​ទៀន ដើម្បីប្រកួត​ប្រជែង​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ផ្សេងៗ​ទៀតនោះ​ គឺ​ជារឿង​នឹក​ស្មាន​មិនដល់។ នេះ​បើតាម​អ្នកតាម​ដាន​នយោបាយក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​លើក​ឡើង​កន្លង​មក។

គណបក្ស​ជំទាស់​មួយ​នេះ​ បាន​ផ្អាក​ដំណើរ​ការ​ ពេល​មានការ​បង្កើត​ឡើង​គណបក្ស​សង្គ្រោះជាតិ នៅ​ឆ្នាំ​ ២០១២ ដែល​ក្រោយ​មកត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​រំលាយ​ចោលនៅឆ្នាំ​ ២០១៧​ ក្រោម​ហេតុ​ផលនៃ​ការ​សង្ស័យ​ថា​ គណបក្ស​ដែល​មាន​លោក​ សម រង្ស៊ី​ និងលោក ​កឹម សុខា ​អតីតប្រធាន​គណបក្ស​សិទ្ធិមនុស្សជា​សហ​ស្ថាបនិក​នោះ​ មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ដោយ​មាន​បរទេស​នៅពី​ក្រោយ។

អ្នក​ស្រី​ គង់​ ចាន់ថា​ ដែល​ជាប់​ឆ្នោត​ជា​មេឃុំ​ជំទប់​ទី​ ២ នៃ​ឃុំ​ព្រះដាក់​ ស្ទាក់​ស្ទើរ​នូវការ​រំឭក​ឡើង​វិញ​នៃ​អនុ​ស្សាវរីយ៍​អ្នកស្រី​ អំឡុង​ពេល​អ្នកស្រី​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ជំនួស​មក​វិញ​នូវ​រឿង​អតីត​កាល​កន្លងផុត​ទៅនោះ​ អ្នកស្រី​ពេលនេះ​មាន​ក្តី​សប្បាយ​ដែល​បាន​ជាប់​ឆ្នោត​ ហើយ​សង្ឃឹមថា​ គ្មាន​ការ​រើស​អើង​នយោបាយ​ជាថ្មី​ទៀត​ ក្នុង​ចំណោម​អ្នកដែល​ធ្វើ​ការ​បម្រើ​ប្រជាជន​ខ្មែរ។ អ្នក​ស្រី​ថ្លែង​ថា៖

«ព្រោះ​អី​យើង​ជិះ​ទូក​ជាមួយ​គ្នា​ហើយ​ បម្រើ​ប្រជាជន​ដូច​គ្នា។ យើង​គួរ​តែ​សម្រប​សម្រួល​ អធ្យាស្រ័យ​គ្នា​កុំប្រកាន់​និន្នាការ​នយោបាយ​ យក​មក​ដាក់​ពីមុខ​ ព្រោះ​អី​យើង​ធ្វើ​ការ​ជាមួយ​គ្នា​ គឺដើម្បី​ប្រជា​ជន​ តែ​យើង​រវល់​តែ​ប្រជែង​គ្នា​យក​ឈ្នះ​ យក​ចាញ់​គ្នា​ គឺ​ប្រជាជន​គាត់​អាច​មើល​ដឹង​ហើយ​ថា​ យើង​ធ្វើ​ការ​បាន​កើត​ឬ​អត់​ មិន​កើត​អីចឹង​ទៅ​ គាត់​នឹង​មាន​បញ្ហា​មួយ​ថា​ ធ្វើ​ការ​ម៉េច​កើត​ បើ​នៅ​កន្លែង​ក្រុម​ខ្លួន​ឯង​ ឈ្លោះ​តែ​គ្នា​ ប្រជែង​តែ​គ្នា​អីចឹង!»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG