ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស៦​នាក់​ក្នុង​ករណី​រំដោះ​អ្នក​ទោស​ជន​ជាតិ​ចិន​ក្នុង​ខេត្ត​សៀមរាប


អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ FreshNews)
អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ FreshNews)

មន្ត្រី​នគរបាល​ឱ្យដឹង​ថា ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ ៦​ នាក់ ដែល​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការរំដោះ​អ្នក​ទោស​ជា​ជន​ជាតិ​ចិន​ម្នាក់ ដែល​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​ធ្មេញ​នៅ គ្លីនិក​ឯកជន​មួយ​កន្លែង ​ក្នុង​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក តេង ច័ន្ទណាត ស្នង​ការ​នគរ​បាល​ខេត្ត​សៀមរាប ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ណា​មួយ​មក​កាន់​អ្នក​សារព័ត៌មាន​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ឃាត់​ខ្លួន រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ។

លោក​ថ្លែង​ថា៖ «ឥឡូវ​យើង​ចាប់​បាន​មួយ​ចំនួន​ តែ​ខ្ញុំ​អត់​អាច​ប្រាប់​ចំនួន​ពិត​បាន​ទេ គ្រាន់​ថា​ យើង​ចាប់​បាន​មួយ​ចំនួន​ហើយ។ យើង​ក៏​កំពុង​តាមដាន​បន្ត​ស្រាវជ្រាវ​បន្ត​ទៀត​...អ៊ីចឹង​ខ្ញុំ​មិន​អាច​ប្រាប់​គោល​ដៅ​ឱ្យ​ច្បាស់​លាស់​នោះ​ទេ​ កុំ​ឱ្យ​មាន​ការបែក​ធ្លាយ​ ក៏​ដូច​ជា​ប៉ះពាល់​ការ​អនុវត្ត​នីតិវិធី​របស់​យើង»។

លោក​បញ្ជាក់​ថា ​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ​បន្ត​ទៀត។

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា ប្រាប់​វីអូអេថា​ មក​ទល់​ពេល​នេះ​ កម្លាំង​សមត្ថកិច្ច​ចាប់​បាន​ក្រុម​អ្នក​ពាក់ព័ន្ធ​ចំនួន​ ៦ នាក់​ ហើយ​សមត្ថកិច្ច​កំពុង​តែ​បន្ត​ស៊ើប​អង្កេត​ទៀត។

លោក​ថ្លែងថា​៖ «ខាង​កម្លាំង​ជំនាញ​អគ្គស្នងការ​បាន​ធ្វើ​ការឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បាន​ចំនួន​ ៦ ​នាក់។ ព័ត៌មាន​យើង​បាន​តែ​ប៉ុណ្ណឹង​ទេ ពាក់ព័ន្ធ​ទៅ​នឹង​មូលហេតុ​អី​យ៉ាង​ម៉េចៗ​ហ្នឹង ខាង​ជំនាញ​យើង​កំពុង​តែ​ស្រាវ​ជ្រាវ​ថែម​ទៀត​ ព្រោះ​វា​មាន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​ខាង​ជំនាញ​គេ​ត្រូវ​កំណត់​មុខ​សញ្ញា​តាម​ហ្នឹង។ គេ​កំពុង​ធ្វើ​ការ អ៊ីចឹង​ខ្ញុំ​មិន​អាច​អត្ថាធិប្បាយ​អី​លើស​ពី​ការងារ​ហ្នឹង​ទេ»។

ហេតុ​ការណ៍​រំដោះ​អ្នក​ទោស​ជា​ជនជាតិ​ចិន​បាន​កើត​ឡើង​នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​គ្រា​ដែល​មន្ដ្រី​ពន្ធនាគារ​ ៤​ នាក់ ​បាន​បញ្ជូន​អ្នក​ទោស​ជា​ជន​ជាតិ​ចិន​ឈ្មោះ Chen Hsin Han អាយុ​ ៤៥ឆ្នាំ​ ទៅ​គ្លីនិក​ធ្មេញ ហើយ​អង្គុយ​រង់​ចាំ​ការ​ព្យាបាល។ នៅ​ពេល​កំពុង​អង្គុយ​ចាំ​ពេទ្យ​ព្យាបាល​ធ្មេញ ស្រាប់​តែ​មាន​ជន​ពាក់​របាំង​មុខ​ប្រដាប់​ដោយ​អាវុធ​ភ្ជង់​កាំភ្លើង​ទៅ​កាន់​នគរ​បាល និង​បាន​ចង​ដៃ​មន្ត្រីប៉ូលិស​ផង​ដែរ ហើយ​ពួក​គេ​បាន​សម្រុក​ចូល​ទៅ​រំដោះ​ជន​ជាតិ​ចិន​ម្នាក់​នោះ។

លោក ជុំ ចិន្តា ម្ចាស់​គ្លីនិក​ធ្មេញ​ដែល​អ្នក​ទោស​ជន​ជាតិ​ចិន​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ទីនោះ បាន​ប្រាប់​វីអូអេ​ថា ​ក្រុម​ប្រដាប់​អាវុធ​បាន​ចូល​ទៅ​ក្នុង​គ្លីនិក​របស់​លោក ដើម្បី​រំដោះ​អ្នក​ទោស​ម្នាក់​ជា​ជន​ជាតិ​ចិន​ ហើយ​លោក​ថា​មិន​មាន​ការ​ផ្ទុះ​អាវុធ​ និង​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ ដោយ​គ្រាន់​តែ​មាន​ការ​ចង​ដៃ​ក្រុម​ប៉ូលិស ហើយ​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​ក៏​នាំ​អ្នក​ទោស​ចេញ​ទៅ​បាត់។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​ក្រុម​ឧក្រិដ្ឋជន​ដឹង​អំពី​ព័ត៌មាន​ដែល​អ្នក​ទោស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​នៅ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

លោក ភាន ឆវ័ន្ត ប្រធាន​ពន្ធនាគារ​ខេត្ត​សៀមរាប ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​កំពុង​តែ​ប្រមូល​ព័ត៌មាន​ជុំ​វិញ​រឿង​នេះ​ ដូច្នេះ​លោក​មិន​ទាន់​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​បាន​ឡើយ។

លោក​ថ្លែង​ថា​៖ «កិច្ចការងារ​នេះ​គឺ​ខាង​អគ្គ​ពន្ធនាការ​គាត់​បាន​ចាត់​ក្រុម​ការងារ​ចុះ​មក​ធ្វើ​នៅ​ពន្ធនាគារ​ហើយ​ ហើយ​លទ្ធផល​អត់​ទាន់​ដឹង​ថា​យ៉ាង​ម៉េចៗ​ទេ»។

បើ​តាម​របាយ​ការណ៍​របស់​នគរ​បាល ជន​ជាតិ​ចិន​ដែល​ត្រូវ​បាន​រំដោះ​នោះ មាន​ឈ្មោះ Chen Hsin Han អាយុ​ ៤៥ឆ្នាំ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០០៩ ពី​បទ​ជួញដូរ​គ្រឿង​ញៀន ហើយត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥២ ​ឆ្នាំ។ ជនជាតិ​ចិន​នោះ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ទៅ​គ្លីនិក​ធ្មេញ ដោយ​សារ​ឈឺ​ចាប់​មាត់​ធ្មេញ​ពិបាក​បរិភោគ​អាហារ។ នេះ​បើ​យោ​ង​តាម​លិខិត​ស្នើ​សុំ​បញ្ជូន​ជន​ជាប់​ឃុំ​ចុះ​ថ្ងៃទី​ ១៦ ខែ​សីហា ដែល​វីអូអេ​ទទួល​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG