អតីតប្រធានាធិបតីសេណេហ្គាល់លោក Abdoulaye Wade បានវិលត្រឡប់ចូលមកប្រឡូកក្នុងឆាកនយោបាយវិញហើយ។ អ្នកនយោបាយ វ័យ៩១ឆ្នាំរូបនេះបានវិលត្រឡប់មកប្រទេសសេណេហ្គាល់ នាសប្តាហ៍នេះ ជាលើកទីពីរ ចាប់តាំងពីការចាញ់ឆ្នោតរបស់លោក នៅឆ្នាំ២០១២ មក។
លោកនឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់រយៈពេលពីរសប្តាហ៍ខាងមុខ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ដោយធ្វើដំណើរជុំវិញប្រទេសដើម្បីជំរុញឱកាសក្នុងការឈ្នះឆ្នោតរបស់គណបក្សរបស់លោកក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅចុងខែកក្កដានេះ។
នៅពេលលោក Abdoulaye Wade ត្រឡប់មកវិញ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំនៅអាកាសយានដ្ឋានក្រុងដាកាដើម្បីទទួលអតីតមេដឹកនាំរូបនេះ។
ខណៈដែលលោក Wade កំពុងធ្វើដំណើរតាមបណ្តោយផ្លូវនៅក្នុងប្រទេស ហ្វូងមនុស្សបានស្រែកហ៊ោថា៖ «Gorgui ដ៏អស្ចារ្យ!» ដែលពាក្យ Gorgui នេះជាពាក្យគួរសមមួយ មានន័យថា «បុរសចំណាស់» ក្នុងភាសា Wolof។
អ្នកគាំទ្រម្នាក់ ឈ្មោះ Cheikh Baye Mbour និយាយថា៖ «អ្នកដឹងទេថា ថ្ងៃនេះជាថ្ងៃធ្វើការ ប៉ុន្តែគ្រប់គ្នាមកទីនេះ ហើយនឹងមានមនុស្សមកកាន់តែច្រើនថែមទៀត»។
ក្បួនរថយន្តរបស់លោក Wade បើកទៅកាន់ទីស្នាក់ការនានារបស់គណបក្សប្រជាធិបតេយ្យសេណេហ្គាល់របស់លោក ដែលហៅកាត់ថា PDS។ លោក Wade ជាអ្នកនយោបាយបក្សប្រឆាំងដ៏មានប្រជាប្រិយភាពម្នាក់នៅសេណេហ្គាល់ នៅពេលដែលលោកឈ្នះតំណែងជាប្រធានាធិបតីក្នុងឆ្នាំ ២០០០។ ទោះបីយ៉ាងណាក៏ដោយ លោកបានចាញ់ឆ្នោតសម្រាប់អាណត្តិទីបីក្នុងឆ្នាំ ២០១២។ លោក Wade បានចាញ់ការប្រកួតប្រជែងការបោះឆ្នោតលើលោកប្រធានាធិបតី Macky Sall ហើយបានលាលែងតំណែងជាអ្នកនយោបាយ ហើយចាកចេញទៅប្រទេសបារាំង។
នៅទីស្នាក់ងារគណបក្ស PDS លោក Wade បាននិយាយទៅកាន់ហ្វូងអ្នកគាំទ្រក្នុងភាសា Wolof។ លោកនៅតែរក្សាតំណែងជាប្រធានគណបក្ស PDS ដដែល។
លោកបានបន្ថែមថា៖ «ខ្ញុំបានឮថា សេណេហ្គាល់កំពុងរងការឈឺចាប់។ ហើយនេះគឺធ្វើឲ្យខ្ញុំឈឺចាប់។ ប្រសិនបើគ្មាននរណាម្នាក់ដោះស្រាយបញ្ហានេះដែរ ខ្ញុំនឹងដោះស្រាយបញ្ហានេះដោយខ្លួនឯង។ គណបក្សខ្ញុំ និងគណបក្សដទៃទៀត បានបង្កើតជាកម្លាំងមួយ ដែលនឹងធ្វើឲ្យលោក Macky Sall ចេញពីដំណែង»។គណបក្ស PDS សង្ឃឹមថា នឹងទទួលបានជ័យជម្នះមកវិញនៅក្នុងការបោះឆ្នោតសភាថ្ងៃទី៣០ ខែកក្កដា។ មានអាសនៈចំនួន ១៦៥ នៅក្នុងសភាជាតិសេណេហ្គាល់។ គណបក្សនយោបាយ និងក្រុមសម្ព័ន្ធបានដាក់ចេញបញ្ជីឈ្មោះបេក្ខជនថ្នាក់តំបន់ និងថ្នាក់ជាតិ។ ក្រុមអ្នកបោះឆ្នោតអាចបោះឆ្នោតតាមគណបក្សមិនមែនសម្រាប់ជ្រើសរើសបុគ្គលម្នាក់ទេ។ លោក Wade ជាប់នៅកំពូលបញ្ជីសម្រាប់ក្រុមសម្ព័ន្ធគណបក្សប្រឆាំង។
ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីរូបនេះមិនរំពឹងថា លោកនឹងទទួលអាសនៈមួយក្នុងសភានោះទេ។
លោកស្រី Binetou Fofana គឺជាសមាជិកម្នាក់នៃចលនា Mouvement Karim President ដែលកំពុងគាំទ្រលោក Karim កូនប្រុសរបស់លោក Wade ឲ្យធ្វើជាមេដឹកនាំសេណេហ្គាល់បន្ទាប់ក្នុងឆ្នាំ ២០១៩។
លោកស្រីនិយាយថា លោក Abdoulaye Wade គ្រាន់តែវិលត្រលប់មកធ្វើយុទ្ធ នាការឃោសនាឲ្យគណបក្សលោកប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីមិនជឿថា លោក Wade នឹងកាន់អាសនៈក្នុងសភាទេ ទោះបីក្រុមសម្ព័ន្ធ Wattu Senegal របស់លោកឈ្នះបានអាសនៈគ្រប់គ្រាន់ក៏ដោយ។
លោក Karim Wade បានទទួលការលើកលែងទោសពីសំណាក់ប្រធានាធិបតី បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ពីបទពុករលួយ។ លោកបានទៅរស់នៅក្រៅប្រទេសចាប់តាំងពីពេលដែលលោកត្រូវបានដោះលែង។ អ្នកវិភាគនយោបាយលោក Ali Ndiaye និយាយថា ការពង្រឹងគណបក្ស PDS គឺជាមធ្យោបាយមួយសម្រាប់ឲ្យលោក Abdoulaye Wade បើកផ្លូវឲ្យកូនប្រុសរបស់លោកកាន់តំណែង។
លោក Ndiaye បានមានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតសភានឹងជាការវាស់វែងមួយទៅលើប្រជាប្រិយភាពរបស់ប្រធានាធិបតីនាពេលបច្ចុប្បន្ននេះ។ លោកបន្តថា ប្រសិនបើក្រុមសម្ព័ន្ធកំពុងកាន់អំណាចមិនទទួលបានសំឡេងគាំទ្រភាគច្រើន «បក្សប្រឆាំងនឹងសន្និដ្ឋានថា លោកប្រធានាធិបតីអាចត្រូវបំបាក់បាននៅឆ្នាំ ២០១៩»។
លោក Ndiaye បានលើកឡើងបន្ថែមទៀតថា មណ្ឌលសំខាន់ៗដែលនឹងមានការប្រកួតខ្លាំងក្នុងការបោះឆ្នោតគឺក្រុងដាកា តំបន់ជាយក្រុងនេះ និងក្រុង Touba ដែលជាក្រុងសាសនានិយមស្ថិតនៅក្នុងចំណោមកន្លែងដំបូង ដែលលោក Abdoulaye Wade បានទៅធ្វើទស្សនកិច្ច។
នាឆ្នាំនេះ គណបក្សនយោបាយចំនួន ៤៧ និងក្រុមសម្ព័ន្ធ បានដាក់នូវបញ្ជីឈ្មោះបេក្ខជនសម្រាប់ប្រជែងតំណែងក្នុងសភាជាតិ។ នេះរួមមានក្រុមសម្ព័ន្ធ Manko Taxawu Senegal ដែលបញ្ជីឈ្មោះបេក្ខជនខ្លួន គឺដឹកនាំដោយលោក Dakar Mayor Khalifa Sall ដែលបានជាប់ពន្ធនាគារក្នុងខែមីនា ពីបទបន្លំលួចប្រាក់។
ចំនួនបញ្ជីឈ្មោះគឺមិនធ្លាប់មានពីមុនមកទេ។ ប៉ុន្តែក្រុមសម្ព័ន្ធកំពុងប្រជែងនឹងគូបដិបក្ខចំនួនពីរ គឺក្រុមសម្ព័ន្ធរបស់លោក Khalifa Sall និងអតីតប្រធានាធិបតី Wade។ ក្រុមសម្ព័ន្ធរបស់លោកប្រធានាធិបតី ដឹកនាំដោយនាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្នលោក Mouhamed Boun Abdallah Dionne មិនបានធ្វើការអធិប្បាយផ្លូវការណាមួយពីការវិលត្រឡប់ចូលឆាកនយោបាយរបស់លោក Wade ទេ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា