ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ផ្ទាល់ខ្លួន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ​នឹង​ផ្តល់​សក្ខីកម្ម


រូបឯកសារ៖ មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ឆ្លើយសំណួរអ្នកសារព័ត៌មាននៅរមណីយដ្ឋាន Mar-a-Lago ក្នុងក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

លោក ​Rudy Giuliani ​មេធាវី​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​អាមេរិក​លោកដូណាល់ត្រាំ​និង​ជា​ឥស្សរជន​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​ផ្តល់ផល​ប្រយោជន៍​នយោបាយ​ឲ្យ​លោក ​Trump ​នោះ​ បាន​និយាយ​ថា ​លោក​នឹង​ផ្តល់​សក្ខី​កម្ម​នៅ​ឯ​ការ​ចោទ​ប្រកាន់់​ប្រធានាធិបតី ​ហើយ​ថា​ លោក​នឹង​ធ្វើអ្វីគ្រប់​យ៉ាង​ដើម្បី​ឲ្យលោក Trump ​រួច​ពី​ការ​ចោទ​ប្រកាន់។​ ​

លោក​ Giuliani ​បាន​និយាយ​ថា៖

«ខ្ញុំ​នឹង​ផ្តល់​សក្ខីកម្ម។​ ខ្ញុំ​នឹង​ធ្វើ​បាឋក​ថា ​ខ្ញុំនឹង​ថ្លែង​សុន្ទរកថា»។ ​

លោក ​Giuliani ​បាន​និយាយ​ដូច្នេះ​នៅ​ពេល​លោក​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ថ្ងៃ​ចូល​ឆ្នាំ​សកល​របស់​លោក​ Trump ​នៅ​ឆ្នេរ​មហា​សមុទ្រ​អាត្លង់ទិក​នៅ​រដ្ឋផ្លរីដា​កាលពី​យប់​ថ្ងៃ​អង្គារ។​

លោក ​Giuliani​ ដែល​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក​ និង​ជា​មនុស្ស​ជំនិត​របស់​លោក​ Trump នឹង​មិនមែន​ជា​មេធាវី​ម្នាក់​នៃ​មេធាវី​របស់​លោក​ Trump​ នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​នៅព្រឹទ្ធ​សភា​ទេ។ លោក ​Pat Cipillone ​ទំនង​ជា​នឹង​ធ្វើ​ជា​មេធាវី​នាំមុខ​ក្នុង​ការ​ការពារ​ក្តី​របស់​លោក Trump​ ដែល​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​នោះ។​

លោក ​Trump ​ប្រឈម​នឹង​បទចោទ​ប្រកាន់​ចំនួន២​ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែមុន​ដោយ​សមាជិក​សភា​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ ​នៅពេល​សមាជិក​សភា​គណ​បក្ស​សាធារណ​រដ្ឋ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​នេះ។​

លោក​ Trump​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អំណាច​ប្រធានាធិបតី​របស់​លោក​ដោយ​គាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​ក្រុងកៀវ​ធ្វើ​ការ​ស៊ើប​អង្កេត​លោក​ Joe Biden​ អតីត​អនុ​ប្រធានាធិបតី​ដែល​ជា​គូ​ប្រជែង​សំខាន់​របស់​លោក​ Trump ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ និង​បទ​រារាំង​ការ​ស៊ើប​អង្កេត​របស់​សភា​ចំពោះ​សកម្មភាព​របស់​លោក​ទាក់ទង​នឹង​បញ្ហា​ប្រទេស​អ៊ុយក្រែននេះ៕

XS
SM
MD
LG