ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្នើ​ឲ្យ​ពន្យារពេល​បោះ​ឆ្នោត​តែងតាំង​លោក Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល


លោក Brett Kavanaugh បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជា​ច្រើន​រូប ដែល​ក្នុង​នោះ​មាន​ទាំង​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ផង​ដែរ បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារពេល​បោះឆ្នោត​លើ​ការ​តែងតាំង​លោក Brett Kavanaugh ឲ្យ​ធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ចោទ​ប្រកាន់​លោក Kavanaugh ជា​សាធារណៈ​ថា​បាន​បំពាន​ផ្លូវ​ភេទ​លើ​រូប​គាត់ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​រៀន​ថ្នាក់​វិទ្យាល័យ។

អ្នកស្រី Christine Blasey Ford សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Palo Alto ក្នុង​រដ្ឋ California បាន​ប្រាប់​កាសែត Washington Post នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា អ្នកស្រី​ខ្លាច​លោក Kavanaugh សម្លាប់​លោក​ដោយ​ចៃដន្យ​នៅ​ពេល​ដែល​លោក Kavanaugh បំពាន​ផ្លូវ​ភេទ។

អ្នកស្រី Ford បាន​និយាយ​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ឯ​ពិធី​ជប់លៀង​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Maryland កាល​ពី​ទសវត្សរ៍ ១៩៨០ ដែល​នៅ​ពេល​នោះ អ្នកស្រី និង​លោក Kavanaugh កំពុង​រៀន​ថ្នាក់​វិទ្យាល័យ។

អ្នកស្រី​បាន​បញ្ជាក់​ថា នៅ​ពេល​នោះ លោក Kavanaugh និង​មិត្តភក្ដិ​ម្នាក់​ទៀត​បាន​ចាប់​បង្ខំ​អ្នកស្រី​ឲ្យ​ចូល​ក្នុង​បន្ទប់ ហើយ​លោក Kavanaugh បាន​ច្រាន​អ្នកស្រី​លើ​គ្រែ និង​ព្យាយាម​ដោះ​សម្លៀកបំពាក់​របស់​អ្នកស្រី។ អ្នកស្រី​បន្ថែម​ថា លោក Kavanaugh និង​មិត្តភ័ក្ដិ​របស់​លោក​នៅ​ពេល​នោះ «ស្រវឹង​ជោគជាំ»។

លោក Kavanuagh បាន​បដិសេធ​កាល​ពី​សប្ដាហ៍​មុន​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ដោយ​លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នេះ​កាល​ពី​នៅ​វិទ្យាល័យ ឬ​ក៏​នៅ​ពេល​ណា​នោះ​ទេ»។

គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​គ្រោង​នឹង​បោះ​ឆ្នោត​លើ​ការ​តែងតាំង​លោក Kavanaugh នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ៕

XS
SM
MD
LG