ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តឹងរបស់លោក មាជ សុវណ្ណារ៉ា ទល់នឹងលោកហ៊ុន ម៉ាណែតឡើងសវនាការខែកញ្ញា


រូបឯកសារ៖ លោក​ មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​​គណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ទរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​​គណបក្ស​សង្រ្គោះជាតិ​ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ត្រូវ​ប៉ូលិស​នាំចូល​បន្ទប់​នៅ​ក្នុង​សាលាឧទ្ទរណ៏ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ បើ​ជនណាម្នាក់​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​ភាគី​ណាមួយ​គឺ​ដើម​បណ្តឹង​ត្រូវ​ជួល​ក្រុមហ៊ុន​រត់​ឯកសារ​ប្រគល់​សំណុំរឿង​នោះ​ទៅ​ភាគី​ចុងចម្លើយ។

សំណុំរឿង​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាយូរ​ប្តឹង​ដោយ​លោក​មាជ សុវណ្ណារ៉ា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទល់​នឹងលោក​ឧត្តម​សេនីយ៍ ​ហ៊ុន ម៉ាណែត នឹង​ត្រូវ​តុលាការ​សហរដ្ឋ​អាមេរិក​បើក​សវនាការ​ជាបឋម​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា​ខាងមុខ។

លោកចៅក្រម​ George H. Wu ​នៃ​តុលាការ​តំបន់​ភាគកណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​នឹង​ធ្វើ​ការ​សម្រេច​ថា​តើ​សំណុំរឿង​នេះ​នឹង​ត្រូវ​បន្ត​ទៅ​សវនាការ​ពេញ​អង្គ ​ឬ យ៉ាងណា​បន្ទាប់​ពី​មេធាវី​របស់​លោក​ហ៊ុន ម៉ាណែត​បាន​ស្នើសុំ​ឱ្យ​តុលាការ​នេះ​ទម្លាក់​មិន​ចាត់​ការ​សំណុំរឿង​នេះ។

បណ្តឹង​ដែល​លោក​ មាជ សុវណ្ណារ៉ា ​អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្តឹង​កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ​គឺប្តឹង​លោក​ហ៊ុន ម៉ាណែត​នាយរង​សេនា​ធិការ​ចម្រុះ ​នៃកងយោធពល​ខេមរភូមិន្ទ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ពីបទ​ ១)ធ្វើ​ទារុណកម្ម​តាម​ទំនើង​ចិត្ត​ក្រៅផ្លូវច្បាប់ និង​ការដាក់​ឃុំឃាំង​រយៈ​ពេល​យូរ​ ២)អំពើ​ភេរវកម្ម​អន្តរជាតិ​ ៣) ការធ្វើ​ឱ្យ​ឈឺចាប់​ដោយ​ចេតនា​ដែល​បណ្តាល​ឱ្យ​មាន​ទុក្ខព្រួយ​ផ្លូវ​អារម្មណ៍​ ៤) ការរំលោភបំពាន ៥) ការបំពាន​វាយដំរាងកាយ​ ៦) ការចាប់​ដាក់​គុក​ដោយ​ខុសច្បាប់​ និង​ ៧) បាត់​បង់​ភាព​កក់ក្តៅ​រវាង​ប្តី​និង​ប្រពន្ធ។

ក្រុមមេធាវី​ការពារ​ចុង​ចម្លើយ​បាន​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​សំណុំរឿង​នេះ​ដោយ​សារ​តែ​ពួកគេ​យល់​ថាដើម​បណ្តឹង​មិន​បាន​ប្រគល់​សំណុំ​ឯកសារ​ដោយ​ត្រឹមត្រូវ​ដល់​ជន​ចុងចម្លើយ​ទេ​ហើយ​មិន​បាន​បង្កើត​ភស្តុតាង​ដែល​ថា​ ជន​ចុងចម្លើយ​បាន​ក្រឡេកភ្នែកឃើញអ្នក​យក​ឯកសារ​មក​ប្រគល់​ជូន​ដែរ។ នេះ​បើ​តាម​ឯកសារ​តុលាការ​ដែល ​VOA ​ទទួល​បាន។

លោក​ John S. Purcell ​មេធាវី​នៃ​ក្រុមហ៊ុន​ Quinn Emanuel ​ដែល​ការពារ​លោក​ហ៊ុន ម៉ាណែតបាន​បញ្ជាក់​ក្នុង​ញត្តិ​ដាក់​ជូន​តុលាការ​កាលពី​ថ្ងៃ​ទី​១៨ខែ​សីហា​ថា៖

​«តុលាការ​គួរ​តែទម្លាក់​ចោលបណ្តឹង​របស់​ដើម​ចោទដោយ​សារ​តែ​ពួកគេ​ខកខាន​មិន​បាន​ប្រគល់​សំណុំ​ឯកសារ​ដល់​ម៉ាណែត​ឬផ្តល់​ហេតុផល​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ការប្តូរ​ឯកសារ​សំណុំរឿងក្នុង​ពេល​ព្យាយាម​ប្រគល់​ឯកសារពាក្យ​បណ្តឹង‍»។​

តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ បើ​ជនណាម្នាក់​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​ភាគី​ណាមួយ​គឺ​ដើម​បណ្តឹង​ត្រូវ​ជួល​ក្រុមហ៊ុន​រត់​ឯកសារ​ប្រគល់​សំណុំរឿង​នោះ​ទៅ​ភាគី​ចុងចម្លើយ។ កិច្ច​ការនេះ​ត្រូវ​បាន​ក្រុម​មេធាវី​របស់​លោក​មាជ សុវណ្ណារ៉ា​ជួល​ក្រុមហ៊ុន​រត់ការ​ឯកសារ​ដែល​មាន​លោក​ Paul Hayes ​ធ្វើការ​ឱ្យ​យក​សំណុំ​ឯកសារ​នោះ​ទៅ​ប្រគល់​ជូន​លោក​ហ៊ុន ម៉ាណែត​នៅ​ថ្ងៃ​ទី​៩​ខែ​មេសា​ពេល​ដែល​លោក​ចូលរួម​ពិធី​ជប់លៀង​នៅ​ភោជនីយដ្ឋាន​ La Lune ​ក្នុង​ទីក្រុង​ឡុងប៊ិច​ប៉ុន្តែត្រូវ​បាន​ក្រុម​សន្តិសុខ​រារាំង​មិន​ឱ្យ​ប្រគល់​បាន​ដល់​ដៃ​ហើយ​រុញច្រាន​លោក​រហូត​ដួល​មាន​របួស។

មេធាវី​ការពារចុង​ចម្លើយ​បាន​បន្ថែម​ថា៖

«លើសពីនេះ​ទៀត​តុលាការ​នេះ​គួរតែ​សម្រេច​មិន​ចាត់​ការ​សំណុំរឿង​នេះ​ដោយ​សារ​តែ​ដើម​បណ្តឹង​ខកខាន​មិន​បាន​បង្កើត​ភស្តុតាង​ដែល​ថា​ជន​ចុងចម្លើយ​បាន​ក្រឡេកភ្នែកឃើញពេល​ព្យាយាម​ប្រគល់​ឯកសារ‍»។

ក្រុមមេធាវី​ដើម​បណ្តឹង​អះអាង​ថា​ពួកគេ​បាន​ធ្វើការ​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​តុលាការ​តម្រូវ។

លោក​បូ អ៊ូច​ មេធាវី​ម្នាក់​ដែល​ជួយ​ការពារ​សំណុំរឿង​ឱ្យ​លោក​មាជ សុវណ្ណារ៉ា​និង​ក្រុម​គ្រួសារ​មាន​ក្តី​សង្ឃឹម​ថា​តុលាការ​នឹង​ច្រានចោល​ញត្តិ​របស់​មេធាវី​របស់​លោក​ហ៊ុន ម៉ាណែត​ហើយ​បន្ត​ចាត់​ការ​សំណុំរឿង​នេះរហូត​បាន​យុត្តិធម៌​ដល់​ជន​រងគ្រោះ។​

លោក​បាន​បន្ថែម​ថា៖

«យើង​មាន​អង្គហេតុ​ភស្តុតាង​រៀបចំ​ជាវត្តុតាង​គ្រប់គ្រាន់​អស់ហើយ​ខ្ញុំ​ជឿ​ថា​ចៅក្រម​នឹង​បដិសេធ​ព្រោះ​យើង​សំអាង​លើ​អង្គហេតុ​ភស្តុតាង​។ ឧទាហរណ៍​ដូច​ជា​លោក​Paul Hayes ​វាយគាត់​ទាញ​គាត់​មក​ក្រោយ​បែកក្បាល​សន្លប់​ហើយ​ខ្ញុំ​ហ្នឹង​ជាអ្នក​ទីមួយ​ហើយ​ដែល​ទៅជួប​គាត់​នៅ​មន្ទីរពេទ្យ​ St. Mary‍»។

បច្ចុប្បន្ន​លោក​មាជ សុវណ្ណារ៉ា​ដែល​ជា​ពលរដ្ឋ​ខ្មែរអាមេរិកាំង​មាន​ទីលំនៅ​នៅ​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វញ៉ា​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០ឆ្នាំ​ពាក់​ព័ន្ធនឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤។

អ្នកស្រីជេមី មាជ ​ភរិយា​របស់​លោក​មាជ សុវណ្ណារ៉ា​បានបញ្ជាក់​ថា​ស្វាមី​អ្នកស្រីជួប​បញ្ហា​សុខភាព​រាងកាយ​និង​ផ្លូវចិត្តខ្លះៗ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ អ្នកស្រីប្តេជ្ញាថា​នឹង​មិន​បោះបង់ការប្តឹងផ្តល់នេះទេ។​

«ចំណែកខ្ញុំ​រហូតមក​ដល់​ពេល​នេះ​អត់​មាន​ការ​គាបសង្កត់​អ្វី​ទេ​ពីខាងណា​ទេ​ហើយ​ចំណែក​រឿង​ដក​ពាក្យ​បណ្តឹង​នោះ​គឺ​នៅក្នុង​ពេល​នេះ​នាង​ខ្ញុំ​អត់​ទាន់​សម្រេច​ថា​នាង​ខ្ញុំ​នឹង​ដក​ពាក្យ​បណ្តឹង​នោះ​ទេ​។ ចឹង​យើង​ទៅតាម​ដំណើរ​ព្រោះ​យើង​ប្រគល់​តួនាទីហ្នឹងឱ្យ​ខាង​មេធាវី​គេ​ធ្វើ​ការហើយ‍»។

ប៉ុន្តែ​អ្នកស្រី​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ថវិកាដើម្បី​បន្ត​សំណុំរឿង​នេះ​។​

អ្នកស្រី​ជេមី មាជ ​បាន​បន្ថែម​ថា៖

«យើង​ត្រូវ​ការ​ជំនួយ។ បើ​សិន​ជា​បងប្អូនយើង​ទូទាំងពិភពលោក​ហ្នឹង​ដែល​មាន​ខ្មែរ​បើ​សិន​ជា​គាំទ្រ​ឱ្យ​សំណុំរឿង​នេះ​ដំណើរការដើម្បី​តតាំងក្តី​ជាមួយ​គេ​ជាមហា​សេដ្ឋីជាអ្នកមាននោះ​គឺ​យើង​ត្រូវ​ការជំនួយ​ពីពួកគាត់​ដើម្បី​ឱ្យ​បន្ត​ព្រោះ​មេធាវី​គេ​ជួយ​យើង​ច្រើន​ហើយ‍»។​

មេធាវី​ដែល​ជួយការពារក្តី​លោក​មាជ សុវណ្ណារ៉ា​គឺជាក្រុម​មេធាវី​សិទ្ធិ​មនុស្ស​ដែលភាគច្រើន​ធ្វើការស្ម័គ្រចិត្ត​រីឯក្រុមហ៊ុន​មេធាវី​ដែល​លោក​ហ៊ុន ម៉ាណែត​ជួល​ការពារ​គឺជា​ក្រុមហ៊ុនច្បាប់​ដ៏ធំ​ជាងគេ​បំផុត​មានជំនាញ​ខាង​ការពារ​ពាណិជ្ជករ​ធំៗ​ហើយមាន​មេធាវី​រាប់រយនាក់។ ​

លោកហ៊ុន ម៉ាណែត ​បាន​ទទួលស្គាល់​ថា​លោក​គឺ​ជា​ចុងចម្លើយ​នៅក្នុង​រឿងក្តី​នេះ​ប៉ុន្តែ​លោក​ថា​លោក​មិន​មានការពេញ​ចិត្ត​នឹង​សំណុំរឿង​នេះ​ដែល​ត្រូវ​យកមក​កាត់​ទោស​នៅ​សហរដ្ឋ​អាមេរិក​ឡើយ។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​លោក​ហ៊ុន ម៉ាណែត​ដាក់​ទៅ​តុលាការ​ដែល​ VOA ទទួល​បាន។​

សេចក្តី​ប្រកាស​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ហ៊ុន ម៉ាណែត​ កាលពីថ្ងៃទី​២១ ខែ​កក្កដា​បាន​រៀបរាប់​ថាលោក​មិន​មាន​គម្រោងវិល​ត្រឡប់​មក​រដ្ឋ​កាលីហ្វញ៉ា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ទេ។ លោក​ក៏​នៅ​បន្ត​អះអាង​ថា​លោក​មិន​ទាន់​បាន​ទទួល​ដីកា​ជូនដំណឹង​ពី​ដើម​បណ្តឹង​នៅ​ឡើយ​ទេបើ​ទោះបី​ជា​ពេល​នេះ​លោក​បាន​ចាត់​ចែង​ឱ្យ​មាន​មេធាវី​ការពារ​ក្តីក៏ដោយ។

លោក​ ហ៊ុន ម៉ាណែត ​បាន​បន្ថែម​ថា៖

«ខ្ញុំ​ដឹង​ថា​ដើម​បណ្តឹង​ក្នុង​សំណុំរឿងនេះ​បាន​អះអាង​ថា​បាន​ព្យាយាម​ប្រគល់​ឯកសារ​តុលាការ​ដល់​ខ្ញុំ​នៅថ្ងៃទី​៩​ខែ​មេសា​ឆ្នាំ​២០១៦ ក្នុង​ពេល​ដែលខ្ញុំ​ស្ថិតនៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ឡុងប៊ិច។ ខ្ញុំ​មិន​ដែល​បាន​ទទួល​ឯកសារ​សំណុំរឿង​នេះ​ទេ​នៅថ្ងៃ​នោះ​និង​រហូត​មកដល់​ពេល​នេះ‍»។

លោក​ថា​ហេតុការណ៍​នៅភោជនីយដ្ឋាន​ឡាលីន គឺ​លោក​មិន​បាន​កត់​សម្គាល់​អ្វី​ទេ​ព្រោះ​នៅពេល​ដែល​លោក​ទៅដល់​មាន​ហ្វូងមនុស្ស​ដ៏​ធំ​នៅ​ព័ទ្ធ​ភោជនីយដ្ឋាន​ដោយ​មាន​បាតុករ​ស្រែក​ហើយ​អ្នកចូលរួម​ពិធី​តម្រង់​ជួរ​ចូល​ក្នុង​ភោជនីយដ្ឋាន។​

លោក​បាន​បន្ថែម​ថា៖

«រំពេចនោះ​ មាន​ការ​បាញ់​ម្រេច​មក​លើ​ហ្វូង​ប្រតិភូ ​ក្នុង​នោះ​មាន​រូប​ខ្ញុំ​ផងដែរ។ ខ្ញុំ​ត្រូវ​គេ​រុញ​ចូល​ក្នុង​ភោជនីយដ្ឋាន​យ៉ាង​ប្រញ៉ាប់​ដើម្បី​លាងមុខ។ គ្មាន​ពេល​ណាមួយ​ក្នុង​ថ្ងៃ​ទី​៩ខែ​មេសា​នោះ​ដែល​ខ្ញុំ​ដឹង​ថា​មាន​បុរសម្នាក់​បាន​មក​ក្បែរ​ខ្ញុំ​ដើម្បី​ប្រគល់​ឯកសារ​តុលាការ​ទេ‍»។​

ប៉ុន្តែ លោក​ Morton Sklar​ មេធាវី​ការពារក្តី​ឱ្យ​លោក​មាជ សុវណ្ណារ៉ា​បាន​ប្រាប់​តុលាការតាម​រយៈ​ញត្តិ​មួយ​ថា​លោក​មាន​វីដេអូ​និង​រូបថត​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការ​ដែល​លោក​ Paul Hayes ​បាន​យក​ដីកា​កោះ​ទៅ​ឱ្យ​លោក​ហ៊ុន ម៉ាណែត។ វីដេអូ​នោះ​ថត​ដោយ​អ្នក​ចូលរួម​ក្នុង​ពិធី​ជប់​លៀងប៉ុន្តែ​ដោយ​មានការ​ភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​សាក្សី​រូប​នោះ​សុំ​ឱ្យ​លាក់​អត្តសញ្ញាណ​ដោយ​ហ៊ាន​បង្ហាញ​តែ​ចំពោះ​មុខ​ចៅក្រម​ផ្ទាល់​តែ​ប៉ុណ្ណោះ។ នេះ​បើតាម​ញត្តិ​របស់​លោក​ម័រតុន សក្លា ​ចុះថ្ងៃ​ទី​១១​ខែ​សីហា​ដាក់​ជូនចៅក្រមដែល​វីអូអេ​ទទួលបាន។

តុលាការ​សហរដ្ឋ​អាមេរិក​ក៏​បាន​ផ្ញើ​សំណុំរឿង​នេះ​ដោយ​មានការបកប្រែ​ជាភាសា​ខ្មែរ​ទៅ​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការបរទេស​កម្ពុជា​ផង​ដែរ​ដោយ​ផ្ញើ​ចេញ​កាលពីថ្ងៃទី​៣ខែសីហា។ ​

ឯកសារ​តុលាការ​ចុងក្រោយដែល​ចុះ​ថ្ងៃ​ទី​២៤ខែ​សីហា​បាន​បង្ហាញ​ថា​ក្រសួងការបរទេស​បាន​ទទួល​សំណុំរឿង​នៅថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ២០១៦នេះ៕

XS
SM
MD
LG