ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ការពារ​រុក្ខជាតិ ​និង​ភូតគាម​អនាម័យ


រូបឯកសារ៖ កម្មករ​ចម្ការ​ចេកមើលថែ​ចេក​​ ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម កាលពីថ្ងៃ​ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ កម្មករ​ចម្ការ​ចេកមើលថែ​ចេក​​ ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម កាលពីថ្ងៃ​ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ស៊ុន ណារិន/វីអូអេ)

ព្រឹទ្ធសភា​កម្ពុជា ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​«ការ​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ» ​ដែល​ច្បាប់​នេះ​ចែង​កំហិត​អំពើ​ល្មើស​មួយ​ចំនួន ​ក្នុង​នោះ​មាន​ការ​នាំ​ចូល​សមាស​ភាព​ចង្រៃ​ដែល​បង្ក​ហានិភ័យ​ដល់​ផលិត​ផល​រុក្ខជាតិ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ​ខែ​មេសា ​ឆ្នាំ​២០២២។​

សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា​ អង្គប្រជុំ​ដែល​មាន​វត្តមាន​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៥៩ ​នាក់​«បាន​ពិនិត្យ​ហើយ​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង»​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល​ «ដោយ​ឥត​កែប្រែ» ​ចំនួន​៥៩​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធ​សភា​ទាំង​មូល។​

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​១៥​ជំពូក​និង​១១៣​មាត្រា​នេះ ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​កាល​ពី​ដើម​ខែ​មេសា​ឆ្នាំ​២០២២។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ និង​កូរ៉េ​ខាង​ត្បូង​ដែល​កម្ពុជា​រំពឹង​ថា ​នឹង​អាច​នាំចេញ​ផលិត​ផល​កសិកម្ម​ច្រើន​ទៅ​ប្រទេស​ទាំង​នោះ។ ​

សេចក្តី​ព្រាង​ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២៥​លាន​រៀល​ទៅ​៥០​លាន​រៀល​ចំពោះ​រូបវន្ត​បុគ្គល​ឬ​នីតិ​បុគ្គល​ក្នុង​អំពើ​ល្មើស​ដូច​ជា​បោះ​បង់​ចោល​ដោយ​ចេតនា​ ឬ​ពង្រាយ​នូវ​សមាស​ភាព​ចង្រៃ​ ឬ​ទំនិញ​ជាប់​សមាស​ភាព​ចង្រៃ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ ​ការ​លាត​ត្រដាង​ព័ត៌មាន​ភូតគាម​អនាម័យ​ផ្ទុយ​ពី​ព័ត៌មាន​ផ្លូវ​ការ​ដែល​បញ្ចេញ​ដោយ​អង្គភាព​ជំនាញ។​

ក្រៅ​ពី​ទោស​ទណ្ឌ​ព្រហ្មទណ្ឌ​ក៏​មាន​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល​ផង​ដែរ​ដូច​ជា​ការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​និង​ការ​ផ្អាក​អាជីវ​កម្ម​បណ្តោះ​អាសន្ន​ជាដើម។​

សេចក្តី​ព្រាង​ច្បាប់​កំណត់​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​ចំពោះ​រូបវន្ត​បុគ្គល​ ឬ​នីតិបុគ្គល​ណា​ដែល​នាំចូល​នាំចេញ​រុក្ខជាតិ​ ផលិត​ផល​រុក្ខជាតិ​ ឬ​ទំនិញ​ជា​កម្មវត្ថុ​នៃ​ការ​ត្រួត​ពិនិត្យ​ភូតគាម​អនាម័យ​ដោយ​គ្មាន​វិញ្ញា​បនបត្រ​ភូតគាម​អនាម័យ​ ឬ​ផ្ទុយ​ពី​លក្ខខណ្ឌ​តម្រូវ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​នេះ។​ ​អំពើ​ល្មើស​ដូច​ជា​ធ្វើ​ពាណិជ្ជ​កម្ម​ ឬ​ដាំដុះ​ កែច្នៃ​ ចរាចរ​ ​ដឹក​ជញ្ជូន​ផលិត​ផល​រុក្ខជាតិ ​«ដែល​បាន​ដឹង​ថាមាន​វត្តមាន​សមាសភាព​ចង្រៃ»​ឬ​មាន​ការ​រាល​ដាល​ឆ្លង​សមាស​ភាព​ចង្រៃ​ក៏​ត្រូវពិន័យ​ជា​ប្រាក់​ដែរ។​

បើ​តាម​សេចក្តី​ថ្លែង​ហេតុ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ចុះ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ឆ្នាំ​២០២២​ដែល​វីអូអេ​ទទួល​បាន ​ច្បាប់​នេះ​នឹង​ផ្តល់​នូវ​ជំនឿ​ចិត្ត​ដល់​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​ និង​ផ្តល់​កម្លាំង​ពេញ​លេញ​ក្នុង​ការ​ចរចា​បើក​ទីផ្សារ​នាំ​ចេញ​កសិផល​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំៗ​ក្នុង​ពិភពលោក​ ជាពិសេស​បន្ទាប់​ពី​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី៕​

XS
SM
MD
LG