សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកអ្នកស្រី Dianne Feinstein បានទទួលមរណភាពកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ក្នុងអាយុ ៩០ ឆ្នាំ។ អ្នកស្រីគឺជាសមាជិកព្រឹទ្ធសភាមានអាយុច្រើនជាងគេបង្អស់។
ក្រុមសហការីរបស់អ្នកស្រីនៅក្នុងព្រឹទ្ធសភាបាននិយាយថា គេនឹងចងចាំអ្នកស្រី Feinstein ថាជាអ្នកត្រួសត្រាយម្នាក់និងជាជនគំរូម្នាក់នៃការតស៊ូជម្នះដែលបានបើកផ្លូវសម្រាប់ស្ត្រីជាច្រើនជំនាន់ឱ្យបំពេញមុខនាទីក្នុងវិស័យនយោបាយនិងសង្គម។
អ្នកស្រីគឺជាស្ត្រីដំបូងគេបង្អស់ដែលបានបម្រើការជាអភិបាលក្រុង San Francisco នៃរដ្ឋ California ជាស្ត្រីដំបូងគេបង្អស់ដែលត្រូវបានពិចារណាសម្រាប់តំណែងជាបេក្ខជនអនុប្រធានាធិបតីនៅឆ្នាំ ១៩៨៤ បើទោះបីជាលោក Walter Mondale នៅទីបំផុតបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដោយបានយកអ្នកស្រី Geraldine Ferraro ធ្វើជាបេក្ខជនអនុប្រធានាធិបតីក៏ដោយ។
អ្នកស្រីគឺជាបេក្ខជនដំបូងគេដែលបាននាំមុខគេសម្រាប់តំណែងជាអភិបាលរដ្ឋ California ជាស្ត្រីមុនគេក្នុងរដ្ឋ California ដែលបានឈ្នះការបោះឆ្នោតទទួលបានអាសនៈក្នុងព្រឹទ្ធសភា ជាស្ត្រីដំបូងគេដែលបានធ្វើជាអធិបតីលើពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី និងជាស្ត្រីទីមួយដែលបានបម្រើការជាសមាជិកព្រឹទ្ធសភាចំនួន ៣០ ឆ្នាំ។
ក្នុងនាមជាអ្នកប្រកាន់ទស្សនៈនយោបាយកណ្តាលនិយម អ្នកស្រី Feinstein ពេលខ្លះក៏បានផ្លាស់ប្តូរទស្សនៈរបស់ខ្លួនដែរ។
ដូចអ្នកនយោបាយវ័យចំណាស់ភាគច្រើនដែរ អ្នកស្រីធ្លាប់បានជំទាស់ទៅនឹងការរៀបការរបស់អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែអ្នកស្រីបានប្រែក្រឡះការយល់ឃើញនេះវិញហើយបានក្លាយជាអ្នកគាំទ្រខ្លាំងក្លាចំពោះការរៀបអាពាហ៌ពិពាហ៌បែបនេះ។
ការផ្លាស់ប្តូរទស្សនៈមួយក្នុងចំណោមការផ្លាស់ប្តូរទស្សនៈរបស់អ្នកស្រីដែលគេចងចាំបំផុតនោះគឺធ្វើឡើងនៅក្រោយព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។
អ្នកស្រី Feinstein បានបោះឆ្នោតគាំទ្រសង្គ្រាមអ៊ីរ៉ាក់និងជាអ្នកគាំទ្រគោលនយោបាយជាច្រើនរបស់លោកអតីតប្រធានាធិបតី George W. Bush អំពីអ្វីដែលហៅថា សង្គ្រាមប្រឆាំងភេរវកម្ម ដែលក្នុងនោះរួមមានទាំងការសួរចម្លើយបែបឃោរឃៅលើជនដែលគេសង្ស័យថាជាពួកជ្រុលនិយមផងដែរ ដែលជនទាំងនេះជាច្រើនត្រូវបានបញ្ជូនទៅកាន់ជំរំឃុំឃាំងនៅឆកសមុទ្រ Guantanamo។
ប៉ុន្តែនៅក្នុងឆ្នាំ ២០០៧ អ្នកស្រី Feinstein បានគាំទ្រការបិទជំរំឃុំឃាំងនៅឆកសមុទ្រ Guantanamo នេះ ហើយក្នុងឋានៈអ្នកស្រីជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក អ្នកស្រីបានបង្ហាញជាសាធារណៈនូវរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅឆ្នាំ ២០១៤ អំពីគុកសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) របស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក ដែលនៅទីនោះមានការធ្វើទារុណកម្មក្រៅប្រព័ន្ធតុលាការដើម្បីទាញយកព័ត៌មានពីជនជាប់សង្ស័យជាភេរវករផងដែរ។
កាលពីឆ្នាំ ២០១៤ បន្ទាប់ពីបានថ្លែងសុន្ទរកថាពេញមួយម៉ោងរិះគន់លើកម្មវិធីសួរចម្លើយរបស់ទីភ្នាក់ងារ CIA អ្នកស្រី Feinstein បាននិយាយថា៖ «ខ្ញុំធ្វើការសន្និដ្ឋានថា ភាពអស្ចារ្យរបស់សហរដ្ឋអាមេរិកគឺថា យើងអាចនិយាយថាយើងបានធ្វើខុស ហើយយើងនឹងកែកំហុសនោះនិងធ្វើដំណើរទៅមុខបន្តពីនោះ»។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អ្នកស្រី Feinstein បានកសាងកេរ្តិ៍ឈ្មោះរបស់អ្នកស្រីដោយការបើកចំហចិត្តនិងការធ្វើទំនាក់ទំនងល្អរវាងគណបក្សទាំងពីរ។ សហការីរបស់អ្នកស្រីបានថ្លែងថា អ្នកស្រីមិនមែនជាមនុស្សដែលធ្វើសម្បទានសម្របសម្រួលគុណតម្លៃរបស់ខ្លួននោះទេ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាគណបក្សសំឡេងភាគច្រើននៅព្រឹទ្ធសភា បានថ្លែងថា៖ «អ្នកស្រីឆ្លាត។ អ្នកស្រីខ្លាំង។ អ្នកស្រីមានមេត្តាធម៌ ប៉ុន្តែចរិតដែលល្អបំផុតក្នុងចំណោមចរិតទាំងអស់របស់អ្នកស្រីគឺសុចរិតភាពដ៏អស្ចារ្យរបស់អ្នកស្រី ដែលវាប្រៀបដូចជាត្បូងពេជ្រមួយគ្រាប់ដូច្នេះដែរ»។
កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា លោក Schumer ដែលមានទឹកភ្នែករលីងរលោង បានដឹកនាំពិធីស្មឹងស្មាធិ៍មួយរយៈខ្លីក្នុងសាលប្រជុំនៃព្រឹទ្ធសភាមុនពេលលោកថ្លែងវិយោគកថា។
លោក Schumer បាននិយាយប្រាប់ក្រុមសហការីរបស់លោកថា៖ «អ្នកស្រី Dianne [Feinstein] មិនមែនត្រឹមតែត្រួសត្រាយផ្លូវសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកផ្លូវនោះសម្រាប់ស្ត្រីជាច្រើនជំនាន់នៅក្រោយជំនាន់របស់អ្នកស្រីឱ្យដើរតាមអ្នកស្រីផងដែរ»។
លោក Schumer បានបន្ថែមថា៖ «នៅពេលនេះ មានស្ត្រី ២៥ នាក់បម្រើការក្នុងព្រឹទ្ធសភាហើយស្ត្រីម្នាក់ៗក្នុងចំណោមនេះនឹងទទួលស្គាល់ថា ពួកគេបានទទួលអត្ថប្រយោជន៍ពីបទពិសោធន៍របស់អ្នកស្រី Dianne [Feinstein]»។
លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋដែលជាគណបក្សសំឡេងភាគតិចនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលជាញឹកញយបានខ្វែងគំនិតជាមួយអ្នកស្រី Feinstein អំពីគោលនយោបាយ បាននិយាយកាលពីថ្ងៃទី ២៩ ខែកញ្ញាថា «អ្នកស្រី Dianne [Feinstein] គឺជាអ្នកត្រួសត្រាយម្នាក់ ហើយរដ្ឋ California ដែលជារដ្ឋកំណើតជាទីស្រឡាញ់របស់អ្នកស្រី និងប្រទេសជាតិទាំងមូលមានភាពប្រសើរជាងមុនដោយសារការតស៊ូមតិស្វិតស្វាញរបស់អ្នកស្រី»។
អ្នកស្រី Feinstein ធ្លាប់បានប្រាប់អ្នកកាសែតម្នាក់ថា៖ «ខ្ញុំជាជនស្ត្រីនិយម»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ