អ្នកតាមដានសិទ្ធិមនុស្សនៅកម្ពុជា រិះគន់ដល់ការមើលថែជនភៀសខ្លួនដែលអូស្ត្រាលីបានបញ្ជូនមកប្រទេសកម្ពុជានាពេលកន្លងមក ក្នុងខណៈពេលដែលរដ្ឋាភិបាលកំពុងត្រៀមខ្លួនទៅពិនិត្យឯកសារដើម្បីទទួលជនភៀសខ្លួនក្រុមទីពីរពីកោះណូរូ។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុកយល់ថាប្រទេសកម្ពុជានិងអូស្ត្រាលីមិនបានយកចិត្តទុកដាក់ឱ្យដិតដល់លើជនភៀសខ្លួនកន្លងមកដែលមានបួននាក់ទេដោយសារមានជនភៀសខ្លួនម្នាក់បានសុំទៅប្រទេសកំណើតវិញ។
«ហ្នឹងវាសរបញ្ជាក់ហើយថា យើងអត់បានទៅគ្រប់គ្រងជនភៀសខ្លួនហ្នឹង មិនស្របតាមនិយាមការអន្តរជាតិ តាមច្បាប់អន្តរជាតិទេ ព្រោះពេលយើងយកជនភៀសខ្លួនមកគ្រប់គ្រងគឺមានន័យយ៉ាងម៉េច? យើងត្រូវតែផ្តល់នូវវិស័យអប់រំ វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច និងឲ្យគេមានសេរីភាព ព្រោះតែយើងយកមកឃុំគេមកឲ្យតែនៅក្នុងផ្ទះវីឡា ហើយតែផ្ទះ វីឡាហ្នឹងគឺឃុំគេស្មើនឹងមនុស្សជាប់គុកមួយហើយហ្នឹង នេះគឺជាការរំលោភ សិទ្ធិមនុស្សមួយហើយ»។
ការរិះគន់នេះស្របពេលដែល ប្រទេសអូស្ត្រាលី នឹងបញ្ជូន ជនភៀសខ្លួនដោយស្ម័គ្រចិត្តចំនួនបួននាក់ ពីកោះដាច់ស្រយ៉ាលណូរូ មកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។
លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថាមន្ត្រីកម្ពុជានឹងធ្វើដំណើរទៅកាន់ កោះ ណូរូ នៅចុងខែកញ្ញានេះដើម្បីត្រួតពិនិត្យសំណើរបស់ជនទាំងនោះ។
«យើងបានទទួលព័ត៌មានពីខាងស្ថានទូតថាពេលបច្ចុប្បន្ននេះគឺមានអ្នកស្ម័គ្រចិត្តចំនួន៤រូបទៀត ហើយ។ ហើយក្នុង៤រូបហ្នឹងមានបីនាក់ជាជនជាតិអ៊ីរ៉ង់ហើយម្នាក់ជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ គឺមានតែដដែលហ្នឹង។ ក្នុងនេះសម្តេចក្រឡាហោម [ស ខេង]បានណែនាំឲ្យមន្ត្រីជំនាញ ឲ្យសហការជាមួយមន្ត្រីទូតនេះ ដើម្បីទៅសម្ភាសនៅកន្លែងហ្នឹង»។
ការប្រកាសពីគម្រោងបញ្ជូនជនភៀសខ្លួនក្រុមទីពីរមកកាន់កម្ពុជាកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចមិនប្រកាសឱ្យដឹងជាសាធារណៈមួយរបស់ លោក Peter Dutton រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី នៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះគឺធ្វើឡើងក្នុងថ្ងៃតែមួយស្របពេលដែលលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott ប្រកាសថាអូស្ត្រាលីនឹងទទួលយកជនភៀសខ្លួនចំនួន១២.០០០នាក់ពីប្រទេសស៊ីរីនិងអ៊ីរ៉ាក់ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់ ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS ឲ្យតាំងទីលំនៅស្របច្បាប់ជាអចិន្ត្រៃយ៍។
លោក នី ចរិយា នៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ពីការសោកស្តាយក្នុងការរើសអើងរបស់ប្រទេសអូស្ត្រាលីក្នុងការបញ្ជូនជនភៀសខ្លួនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជាខណៈពេលដែលខ្លួនយល់ព្រមទទួលជនភៀសខ្លួនពីប្រទេស ស៊ីរីនិងអ៊ីរ៉ាក់នោះ។
«មនុស្សគឺមិនត្រូវមានការរើសអើងអញ្ចឹងនោះទេ ឲ្យតែមនុស្សក្នុងលោកហ្នឹងនេះ ត្រូវតែប្រទេសជាសមាជិកអង្គការសហប្រជាជាតិ គឺត្រូវតែមានកាតព្វកិច្ច ថែរក្សា ការពារនិង ថែទាំដូចគ្នា។ ហើយឲ្យតែពួកអឺរ៉ុបត្រូវតែទទួលយក ហើយពួកអាស៊ីត្រូវតែបញ្ជូនមកអាស៊ីវិញគឺមានការបែងចែងពិភពលោកហើយហើយបង្ហាញថាប្រទេសអូស្ត្រាលីជាប្រទេសមានការរើសអើងជាតិសាសន៍»។
លោកបានបន្ថែមថា ប្រទេសអូស្ត្រាលីនិងកម្ពុជា បានធ្វើកិច្ចសន្យាទ្វេភាគី ដោយមិនបញ្ចូល អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនចូលនោះទេ ការណ៍នេះវាខុសទៅនឹងច្បាប់ អន្តរជាតិស្តីពីជនជាតិភៀសខ្លួននោះ។ ហើយការបញ្ជូនជនភៀសខ្លួនមកកាន់ប្រទេសកម្ពុជានេះគឺមានន័យថាឲ្យពួកគាត់ទទួលរងនូវការរំលោភសិទ្ធមនុស្សផងដែរ។
«យើងដឹងហើយថាប្រទេសកម្ពុជាគឺជាប្រទេសដែលមានការរំលោភសិទ្ធមនុស្ស អញ្ចឹងការបញ្ជូនមកនេះគឺបង្ហាញយ៉ាងម៉េច? បង្ហាញថាថាប្រទេសអូស្ត្រាលីគឺឃុបឃិតគ្នា ក្នុងការបញ្ជូនមនុស្សឲ្យមកទទួលរងនូវការរំលោភសិទ្ធិមនុស្សទៅវិញ។ នេះគឺជាការខុសរបស់ប្រទេសអូស្ត្រាលី»។
ជនភៀសខ្លួន ៤រូបដំបូងគេបង្អស់ពីប្រទេសអូស្ត្រាលី បានស្ម័គ្រចិត្តមករស់នៅកម្ពុជាកាលពីចុងខែមិថុនាកន្លងទៅ ស្របទៅតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពី នាឆ្នាំ២០១៤ ក្នុងការ បញ្ជូន ជនភៀសខ្លួនពីកោះ ណូរូក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ កិច្ចព្រមព្រៀងនេះគឺជាថ្នូរនឹងអ្វីដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់ជាង៤០លានដុល្លារសហរដ្ឋអាមេរិកពីប្រទេសអូស្រ្តាលី។
ជនភៀសខ្លួនមួយរូប ក្នុងចំណោម៤រូប ដែលជាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដែលរត់ចេញពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរភូមា បានស្នើសុំត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីរស់នៅក្នុងប្រទេសកម្ពុជារយៈពេលបីខែមក។
ទោះជាយ៉ាងនេះក៏ដោយលោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គបានបញ្ជាក់ថាដំណើរការនៃការបញ្ចូនជនភៀសខ្លួននេះគឺធ្វើស្របតាមច្បាប់ជាតិនិងអន្តរជាតិហើយការស្នើសុំចាកចេញពីប្រទេសកម្ពុជារបស់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា (Rohingya)នេះគឺជាសិទ្ធផ្ទាល់ខ្លួនរបស់គាត់។
«តាមពិតទៅបើគ្រាន់តែសេវាមិនល្អគឺគេមិនទៅទាំងបីទាំង៤នាក់ទៅហើយ។ តើហេតុអ្វីបាន៣នាក់នៅបានហើយ ម្នាក់នៅមិនបាន? ហ្អានេះគឺវាគ្រាន់តែជាការរិះគន់ទេ។ បើរិះគន់ឲ្យគេរិះគន់ទៅ ហើយសិទ្ធិរិះគន់ យើងគ្មានច្បាប់ទម្លាប់ឯណាទៅចាប់ឃាត់គេមិនឲ្យរិះគន់? បើគេចង់រិះគន់ឲ្យគេរិះគន់ទៅ»។
លោកខៀវ សុភ័គ បានបញ្ជាក់ផងដែរថាសព្វថ្ងៃនេះអាជ្ញាធរកម្ពុជាកំពុងរង់ចាំការឆ្លើយតបរបស់ស្ថានទូតភូមាក្នុងប្រទេសកម្ពុជា ទាក់ទិននឹងការបញ្ជូនជនភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) រូបនេះត្រឡប់ទៅប្រទេសកំណើតវិញ។
មន្ត្រីស្ថានទូតភូមានៅក្រុងភ្នំពេញបានបញ្ជាក់តាមទូរស័ព្ទប្រាប់ VOA ថាខ្លួនមិនមានព័ត៌មានអ្វីទាក់ទិននឹងជនភៀសខ្លួនរូបនេះនោះនៅឡើយទេ ដោយកំពុងចាំសេចក្តីសម្រេចពីរដ្ឋាភិបាលរបស់ខ្លួន៕