ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំបន់​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​ MH370​ ដែល​បាត់​ខ្លួន​នឹង​ពង្រីក​ឲ្យ​ធំ​ជាង​មុន​ពីរ​ដង


ក្រុម​ការងារ​លើ​ដីមើលយន្តហោះ P-3C Orion របស់ជប៉ុន​​ធ្វើការ​ចាក​ចេញ​​ក្នុង​ដំណើរ​ស្វែង​រក​យន្តហោះ​MH370 ជា​លើក​ចុងក្រោយ​។ តំបន់​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​ MH370​ ដែល​បាត់​ខ្លួន​នឹង​ពង្រីក​ឲ្យ​ធំ​ជាង​មុន​ពីរ​ដង។

អាជ្ញាធរ​ ដែល​ដឹកនាំ​ក្រុម​ស្វែងរក​ចម្រុះ​ជាតិ​នៃ​យន្តហោះ​ ម៉ាឡេស៊ី​ ដែល​បាត់​ខ្លួន​បាន​និយាយ​ថា​ ពួកគេ​បាន​រៀបចំ​ខ្លួន​ដើម្បី​ពង្រីក​កន្លែង​ស្វែង​រក​ឲ្យ​ធំ​ជាង​មុនពីរ​ដង​ នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ បើ​សិន​ជា​គេ​មិន​បាន​រក​ឃើញ​វត្ថុ​អ្វី​នៅ​ទី​នោះ​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ Kuala​ Lumpur​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មន្រ្តី​ចិន​ អូស្រ្តាលី​ និង​ម៉ាឡេស៊ី​ បាន​ថ្លែង​ថា​ គេ​បាន​ធ្វើ​ការ​ពិនិត្យ​មើល​តំបន់​ស្វែង​រក​ពី​ដំបូង​ដែល​មាន​ទំហំ​ ៦​ ម៉ឺន​ គីឡូម៉ែត្រ​ការ៉េ​នោះ​ បាន​ ៦១%​ហើយ​ តែ​មិន​បាន​ឃើញ​វត្ថុ​បំណែក​អ្វី​សោះ​ពី​យន្តហោះ​នោះ។​

លោក​ឧបនាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​ Warren​ Truss​ បាន​ថ្លែង​ថា​ បើ​គេ​រក​មិន​ឃើញ​អ្វី​ទេ​នៅ​ខែ​ឧសភា​នេះ​ តំបន់​ដែល​ត្រូវ​ស្វែង​រក​នឹង​ពង្រីក​«ទៅ​គ្រប់​ទិស‍»​ ហើយ​នឹង​ត្រូវ​ប្រើ​ពេល​រហូត​ទៅ​ដល់​ចុង​ឆ្នាំ​នេះ​ដើម្បី​បញ្ចប់។​

ជើង​យន្តហោះ​ ម៉ាឡេស៊ី MH370​ មាន​ដឹក​អ្នក​ដំណើរ​និង​យានិក​ ២៣៩​ នាក់​ នៅ​ពេល​បាត់​សញ្ញា​ពី​ក្នុង​រ៉ាដា​ កាល​ពី​ខែ​មិនា​ឆ្នាំ​មុន​ក្នុង​ដំណើរ​ពី​ក្រុង​ Kuala​ Lumpur​ ទៅ​ក្រុង​ ប៉េកាំង។​

ទោះ​ជា​ប្រព័ន្ធ​គមនាគមន៍​ធម្មតា​របស់​យន្តហោះ​នេះ​ត្រូវ​គេ​បិទ​ក៏​ដោយ​ ក៏​ការ​បញ្ជូន​សារ​តាម​ផ្កាយ​រណប​របស់​យន្តហោះ​នេះ​ បាន​បង្ហាញ​ថា​យន្តហោះ​ MH370​ បាន​ធ្លាក់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​មហាសមុទ្រ​ឥណ្ឌា​ភាគ​ខាង​ត្បូង​នៅ​ចម្ងាយ​ប្រហែល​ ១៨០០​ គីឡូម៉ែត្រ​នៅ​ខាង​លិច​ប្រទេស​អូស្រ្តាលី៕

XS
SM
MD
LG