ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ ភស្តុតាង​បង្ហាញ​យ៉ាង​ច្បាស់​ថា​អាកាសធាតុ​កំពុង​ប្រែប្រួល


មនុស្ស​ម្នា​កាន់​បដា​ នៅ​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ពី​អាកសធាតុ​ នៅ​ក្បែរ​ខ្លោង​ទ្វារ Brandenburg នៅ​ក្បែរ​ស្ថានទូត​អាមេរិក ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
មនុស្ស​ម្នា​កាន់​បដា​ នៅ​ពេល​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ពី​អាកសធាតុ​ នៅ​ក្បែរ​ខ្លោង​ទ្វារ Brandenburg នៅ​ក្បែរ​ស្ថានទូត​អាមេរិក ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

ជា​ការ​​ប្រតិកម្ម​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នា​ពេល​ថ្មីៗ​នេះ​ក្នុង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​អាកាសធាតុ​ដ៏​សំខាន់​មួយ​ ក្រុម​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ល្បីៗ​​បាន​និយាយ​ថា ភស្តុតាង​បង្ហាញ​ថា អាកាសធាតុ​ពិភពលោក​កំពុង​ផ្លាស់​ប្តូរ ហើយ​ត្រូវ​តែ​មាន​វិធានការ​បន្ទាន់​នានា​ដើម្បី​ធ្វើ​ឲ្យ​ការ​កើន​ឡើង​កម្តៅ​ភព​ផែនដី​មាន​លក្ខណៈ​យឺតៗ។

បណ្ដា​អង្គការ​ទាំង​នោះ​បាន​និយាយ​ថា​ ភស្តុតាង​លក្ខណៈ​វិទ្យាសាស្ត្រ​បង្ហាញ​យ៉ាង​ច្បាស់​ថា សកម្មភាព​មនុស្ស​ជា​មូលហេតុ​នៃ​បម្រែបម្រួល​អាកាសធាតុ។ អង្គការ Intergovernmental Panel on Climate Change ហៅ​កាត់​ថា IPCC ជា​ស្ថាប័ន​ឯករាជ្យ​មួយដែល​ធ្វើ​ការ​វាយ​តម្លៃ​ផ្អែក​លើ​វិទ្យាសាស្ត្រ។

អង្គការ​នេះ​បាន​ព្រមាន​ថា ​បើ​មិន​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នានា​លើស​ពី​អ្វី​ដែល​មាន​ស្រាប់​នោះ​ទេ នៅ​ចុង​សតវត្សរ៍​នេះ កម្តៅ​ផែនដី​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដែល​កើត​ចេញ​ពី​ផល​ប៉ះ​ពាល់​ដ៏​ខ្លាំង សាយភាយ​គ្រប់​ទីកន្លែង​ និង​មិន​អាច​បក​ក្រោយ​វិញ​បាន។​

អ្នក​នាំ​ពាក្យ​របស់​អង្គការ IPCC គឺ​លោក​ Jonathan Lynn ​និយាយ​ថា ស្ថាប័ន​វិទ្យាសាស្ត្រ​នេះ​រក​ឃើញ​ថា ​ការ​កម្រិតបម្រែ​បម្រួល​អាកាសធាតុ​អាច​នឹង​ទាមទារ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​ចំនួន​ដ៏​ច្រើន​និង​ប្រកប​ដោយ​និរន្តភាព ហើយ​បូករួម​ជាមួយ​នឹង​ការ​សម្រប​ខ្លួន​ផង​នោះ វា​នឹង​អាច​កម្រិត​ហានិភ័យ​នៃ​បម្រែ​បម្រួល​អាកាសធាតុ​បាន។​

លោក Lynn និយាយ​ថា៖ «នៅ​ក្នុង​ការ​វិភាគ​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដើម្បី​ដាក់​កម្រិត​ទៅ​លើ​ការប្រែប្រួល​អាកាសធាតុ​និង​ផលប៉ះពាល់​របស់​វា អង្គការ​ IPCC ​បាន​កត់​សម្គាល់​ថា ការ​បម្រែបម្រួល​អាកាសធាតុ​ជា​បញ្ហា​រួម​ ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​រួម​ក្នុង​កម្រិត​សាកល។ ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​មាន​ប្រសិទ្ធភាព​នឹង​មិន​អាច​សម្រេច​បាន​ទេ ប្រសិន​បើ​ម្នាក់ៗ​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​។ នៅដំណាក់​កាល​នេះ ​វា​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ការ​ដែល​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នេះ​នឹង​ប៉ះពាល់​យ៉ាង​ដូចម្តេច​លើ​ការ​បញ្ចេញ​ឧស្ម័ននា​ពេល​អនាគត»។

លោក Deon Terblanche គឺ​ជា​ប្រធាន​ផ្នែក​បរិស្ថាន ​និង​ស្រាវជ្រាវ​បរិយាកាស​របស់​អង្គការ​ឧត្តុនិយម​ពិភពលោក។ លោក​និយាយ​ថា កាល​ឡើង​កម្តៅ​ភពផែនដី​នឹង​បន្ត​កើត​មាន ដរាប​ណា​ពិភពលោក​នៅ​តែ​បន្ត​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ជាពិសេស​ឧស្ម័ន​កាបូនិច ទៅ​ក្នុង​បរិយាកាស។

លោក Deon Terblanche និយាយ​ថា៖ «សូម្បី​តែ​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​នេះ​ក៏​មិន​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​កម្រិត​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​ដែរ​ ដោយសារ​តែ​ឧស្ម័ន​ទាំង​នោះ​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ក្រាស់ក្រែល ហើយ​ឧស្ម័ន​កាបូនិច​បាន​ស្ថិត​នៅ​ក្នុង​បរិយាកាស​រាប់​រយ​ឆ្នាំ​មក​ហើយ។ អាកាសធាតុ​នឹង​បន្ត​ឡើង​កម្តៅ​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ»។

លោក​បាន​ព្រមាន​ថា នៅ​ក្នុង​ស្ថានភាព​អាក្រក់​បំផុត ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​អាច​នឹង​បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​កម្តៅ​ដល់​ទៅ​០,៣​អង្សារសេ ​លើស​កម្រិត​មួយ​ដែល​មាន​កាល​ពី​មុន​សម័យ​បដិវត្តន៍​ឧស្សាកម្ម៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG