ព្រះមហាក្សត្រSalman នៃប្រទេសអារ៉ាប៊ី សាអូឌីត បានបញ្ឈប់ការងារ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកផ្គត់ផ្គង់ទឹកភ្លើងរបស់ប្រទេសនោះ ក្រោយពីមានកំហឹងពីសាធារណជនយ៉ាងច្រើន អំពីការឡើងថ្លៃសេវាផ្គត់ផ្គង់ទាំងនេះ។
ចំណាត់ការនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ គឺ មិនដល់៦ខែផង ក្រោយពីរដ្ឋាភិបាល បានកាត់ការឧបត្ថម្ភធន ទៅលើការផ្តត់ផ្គត់ទឺក ភ្លើង និងសេវាផ្សេងៗទៀត។
រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកទឹកនិងភ្លើង លោក Abdullah al-Hussayen នឹងត្រូវជំនួសដោយលោក Abdel Rahman al-Fadhli ដែលជារដ្ឋមន្ត្រីកសិកម្មបច្ចុប្បន្ន។
រដ្ឋាភិបាល អារ៉ាប៊ី សាអូឌីត បានប្រកាសកាត់បន្ថយយ៉ាងច្រើននូវ ប្រាក់ឧបត្ថម្ភធន ទៅលើទឹកភ្លើងនេះ កាលពីខែធ្នូ នៅពេលដែលតម្លៃប្រេង បានធ្លាក់ចុះទូទាំងពិភពលោក។
នៅពេលដែលតម្លៃទឹក បានចាប់ផ្តើមឡើងថ្លៃ ពលរដ្ឋ អារ៉ាប៊ី សាអូឌីត ក៏ចាប់ផ្តើមស្រែកកាន់តែខ្លាំងឡើង តាមបណ្តាញសង្គមអំពីការមិនសប្បាយចិត្តរបស់ពួកគេ ហើយសមាគមការពារអ្នកប្រើប្រាស់ ក៏បានស្នើរដ្ឋាភិបាល ឲ្យពិចារណាឡើងវិញអំពីការសម្រេចចិត្តរបស់ខ្លួន។
កាលពីខែមីនា លោករដ្ឋមន្ត្រី Hussayen បានឆ្លើយតបទៅនឹងកំហឹងរបស់សាធារណជន ដោយបានណែនាំឲ្យពលរដ្ឋ សុំការអនុញ្ញាត ដើម្បីជីកអណ្ដូងទឹកផ្ទាល់ខ្លួន ដើម្បីប៉ះប៉ូវការចំណាយទៅលើវិក្កយបត្រប្រើប្រាស់ទឹក ដែលចេះតែកើនឡើងនោះ។
កាលដើមខែនេះ ព្រះបុត្រារងស្នងរាជ្យMohammed bin Salman បានហៅសេចក្ដីសម្រេចរបស់ក្រសួង ក្នុងការតម្លើងថ្លៃទឹកភ្លើងនេះ ថា «មិនគួរជាទីសពព្រះរាជហឫទ័យ» សោះ។
ប្រទេសអារ៉ាប៊ី សាអូឌីត ដែលពឹងផ្អែកទៅលើប្រេង កំពុងព្យាយាមធ្វើពិពិធកម្មសេដ្ចកិច្ចរបស់ខ្លួន ឬធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកទៅលើវិស័យផ្សេងៗទៀត ដោយសារបច្ចុប្បន្ននេះ សេដ្ឋកិច្ចនៃប្រទេសនេះ ពឹងផ្អែកទៅលើប្រេងដល់ទៅប្រមាណ៧០ភាគរយ នៃចំណូលរដ្ឋ៕