ប្រទេសអារ៉ាប៊ី សាអូឌីត ជាថ្មីម្តងទៀតបានធ្វើការផ្លាស់ប្តូរការពន្យល់របស់ខ្លួនចំពោះការសម្លាប់លោកJamal Khashoggiអ្នកកាសែតអារ៉ាប៊ី សាអូឌីតនៅខាងក្នុងស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងអ៊ីស្តង់ប៊ុលដោយឥឡូវនេះនិយាយថា ខ្លួនបានគ្រោងទុកជាមុនដោយផ្អែកលើព័ត៌មានដែលខ្លួនបានទទួលមកពីប្រទេសតួកគី។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដែលបានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានសូឌី បានចេញផ្សាយដោយរដ្ឋអាជ្ញាសាធារណៈអារ៉ាប៊ី សាអូឌីត។
អ្វីដែលមានភាពមិនប្រាកដប្រជានោះគឺថា តើនរណារៀបចំផែនការសម្លាប់ជាមុននោះ។ សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា «រដ្ឋអាជ្ញាសាធារណៈបន្តការស៊ើបអង្កេតអំពីការសង្ស័យរបស់ខ្លួនដើម្បីបញ្ចប់ការស្វែងរកយុត្តិធម៌នេះ»។ អារ៉ាប៊ី សាអូឌីត បានបណ្តេញពួកមន្រ្តី៥នាក់ដែលជាប់ទាក់ទិនទៅនឹងការសម្លាប់នេះហើយបានចាប់ខ្លួនជនសង្ស័យ១៨នាក់ទៀត។
ពួកអ្នករិះគន់អន្តរជាតិ រួមមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ដែលជាអ្នកកាន់អំណាចពិតប្រាកដ ត្រូវតែទទួលខុសត្រូវជាបន្ទាន់ចំពោះការសម្លាប់នេះ។
កាលពីដំបូង ពួកមន្រ្តីអារ៉ាប៊ី សាអូឌីត បាននិយាយថា លោក Khashoggi បានដើរចេញពីស្ថានកុងស៊ុលនោះកាលពី ៣សប្តាហ៍មុនហើយថា ពួកគេមិនបានដឹងថា តើលោកនៅទីណាទេ។ បន្ទាប់មក ពួកគេបាននិយាយថា លោកបានស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅក្នុងស្ថានកុងស៊ុល។
កាលពីពេលថ្មីៗនេះ អារ៉ាប៊ី សាអូឌីតបាននិយាយថា លោក Khashoggi បានត្រូវសម្លាប់នៅក្នុងការច្របាច់ក នៅពេលដែលលោកព្យាយាមចាកចេញពីស្ថានកុងស៊ុលដើម្បីរកអ្នកជួយ៕